COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ លី​គ​ចំនួន​៣​នៅ​អង់គ្លេស នឹងត្រូវ​មាន​ក្រុម​កាត់ចោល និង​ដំឡើង បើ​លី​គ​ត្រូវ​រំសាយ​
22, May 2020 , 5:29 pm        
រូបភាព
​ក្រុម​ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​ចំនួន​៣​កម្រិត​នៅ​អង់គ្លេស​នឹងត្រូវ​មានកា​រ​កាត់ចោល នឹង​ដំឡើង ប្រសិនបើ​ការប្រកួត​លី​គ​រដូវ​កាល​នេះ​ត្រូវ​រំសាយ​ចោល ដោយសារ​វិបត្តិ​ជំងឺ COVID-19​។ យ៉ាងណា ការប្រកួត​ជម្រុះ play-off ត្រូវ​បន្ត​លេង​ដដែល ប៉ុន្តែ​មិន​ឲ្យ​លើសពី ៤ ក្រុម​ឡើយ​។​


​ស្ថាប័ន​គ្រប់គ្រង​លី​គ​បាល់ទាត់​អង់គ្លេស (EFL) បាន​អះអាងថា ៥១​ភាគរយ ក្រុម​នៃ​លី​គ​ទី​២​អង់គ្លេស (Championship) លី​គ​ទី​៣ (League One) និង​លី​គ​កម្រិត​ទី​៤ (League Two) ត្រូវការ​ឯកភាពគ្នា​សម្រាប់​យុទ្ធនាការ​ការប្រកួត​លី​គ​និ​មួយៗ​ដែល​នៅ​សេសសល់​។​
 
​ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​សប្តាហ៍​មុន​ត្រូវបាន​ជាប់គាំង ដោយសារ​មាន​ក្លិប​ចំនួន​៦ នៃ​ក្របខណ្ឌ League One ដោយ​រួមមាន​ទាំង Sunderland, Portsmouth និង Ipswich Town បាន​និយាយថា​ពួកគេ​ចង់​បន្ត​រដូវ​កាល​នេះ​ទៀត​។ ជុំវិញ​ករណីនេះ BBC ផ្សាយ​ថា​ក្រុម Portsmouth នឹង​គាំទ្រ​ឲ្យ​មានការ​បន្ត​រដូវ​កាល​នៅពេលដែល​ក្លិប​នេះ​ត្រូវបាន​ស្នើសុំ​ឲ្យ​បោះឆ្នោត​លើ​បញ្ហា​នេះ​។ 
 
​ប្រសិនបើ​រដូវ​កាល​នេះ​ត្រូវ​រំសាយ ហើយ​ត្រូវ​ប្រើ​ប្រព័ន្ធ​ពិន្ទុ​ក្នុង​មួយ​ប្រកួត​ដែល​ផ្តល់​ឲ្យ​ដោយ EFL នោះ​ក្រុម Wycombe Wanderers ដែល​ឈរ​លេខ​រៀង​ទី​៨​ក្នុង​តារាង League 1 នឹង​ឡើងទៅ​ប្រកួត play-off ជំនួស​ក្រុម Peterborough United ដែល​ឈរ​លេខ​៦​។ ក្រុម​ទាំងពីរ​មាន​៥៩​ពិន្ទុ​ដូចគ្នា​តែ Peterborough United ប្រកួត​លើស Wycombe Wanderers មួយ​ប្រកួត​។ សូមបញ្ជាក់ថា​ក្រុម​ពី​លេខ​៣​ដល់​លេខ​៦​នៃ​លី​គ​និ​មួយ​ទទួលបាន​កៅអី play-off រៀងខ្លួន​។​
 
​យ៉ាងណាក៏ដោយ ការសម្រេច​ប្រើ​ច្បាប់​ថ្មី​ខាងលើ​ឬ​អត់​នឹងត្រូវ​ឆ្លងកាត់​ការបោះ​ឆ្មោ​ត​ដែលមាន​ការចូលរួម​ពី​ក្រុម​ទាំង​៧១ របស់ EFL ជាមុនសិន​។ 
 
​ខណៈដែល League One អាច​ដើរ​តាម​គន្លង League Two ក្នុងការ​កាត់បន្ថយ​ការប្រកួត​នោះ ក្របខណ្ឌ Championship កំពុង​សង្ឃឹមថានឹង​ចាប់ផ្តើម​លី​គ​ឡើងវិញ​នៅ​ខែមិថុនា​ខាងមុខ ជាមួយ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League៕

Tag:
 COVID-19
  EFL
© រក្សាសិទ្ធិដោយ thmeythmey.com