ជាតិ
តើ​«​ដុំ​គីស​សុដន់​»​អាច​វិវត្តន៍​ជា​ជំងឺមហារីក​សុដន់​ឬទេ​? (​ភាគ​១)
22, May 2020 , 5:28 pm        
រូបភាព
ភ្នំពេញ​៖ គីស​សុដន់ គឺជា​ដុំ​សាច់​មួយ ឬ​ជា​ដុំ​ថង់​ទឹក​ដែល​កើតឡើង​នៅក្នុង​ក្រពេញ​សុដន់​ហើយ​ជាទូទៅ រូបរាង​របស់​វា​មាន​រាង​មូល ឬ​ទ្រវែង​។ គីស​សុដន់ អាច​កើតឡើង​ទាំងសងខាង​សុដន់ ឬ​កើតឡើង​តែ​ម្ខាង និង​អាចមាន​មួយ​គ្រាប់ ឬ​ច្រើន​គ្រាប់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ បើតាម​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព​និង​រោគ​ស្ត្រី នៅពេល​ស្ត្រី​មានការ​ប្រែប្រួល​អ​ម៉ូ​ន ជាពិសេស​នៅពេល​អ​ម៉ូ​ន​កើនឡើង គឺ​ធ្វើឱ្យ​ស្ត្រី​អាច​កើត​គីស​សុដន់​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖




គីស​សុដន់​មាន​ពីរ​ប្រភេទ គឺជា​ប្រភេទ​គីស​ដុំ​សាច់ និង​គីស​ថង់​ទឹក​។ ប្រភេទ​គីស​ដុំ​សាច់​អាច​កើនឡើង​ទំហំ ហើយ​ទំហំ​នោះ​អាច​វិវត្តន៍​តទៅ​មុខ​លឿន​ឬ​យឺត​។ រីឯ គីស​ថង់​ទឹក​អាច​បាត់​ទៅវិញ​ដោយ​មិនបាច់​ព្យាបាល​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ពន្យល់ថា ចំពោះ​ស្ត្រី​វ័យ​ក្រោម​៣៥​ឆ្នាំ គីស​សុដន់​មិនមាន​បញ្ហា ឬ​វិវត្តន៍​ជា​ជំងឺមហារីក​សុដន់​ឡើយ​។ ប៉ុន្តែ ស្ត្រី​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ នឹង​អាចមាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ព្រោះ​ក្នុង​វ័យ​នោះ ស្ត្រី​មានការ​ប្រែប្រួល​អ​ម៉ូ​ន​។​

«​បើ​យើង​និយាយ​ទៅ​បញ្ហា​គីស​សុដន់ មិនមាន​បញ្ហា​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទេ គ្រាន់​ពេលខ្លះ​អាចមាន​ផល​រំខាន​តិចតួច​។ ទាក់ទង​នឹង​ផល​រំខាន អាចឱ្យ​គាត់​ឈឺ​តិចតួច ពេលខ្លះ​អាចធ្វើឱ្យ​កើនឡើង​នៃ​ទំហំ ជាពិសេស ផលប៉ះពាល់​ដល់​អារម្មណ៍​គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ដោយ​អ្នកជំនាញ​សម្ព​ព​និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ រូបនេះ បន្ថែមថា​៖«​អ្នក​ដែលមាន​បញ្ហា​គីស​សុដន់ ចំពោះ​ស្ត្រី​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ ជា​វ័យ​មួយ​ដែល​អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ហើយ​ត្រូវធ្វើ​ការតាមដាន​បន្តទៀត​»​។

​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា បាន​ណែនាំ​ថា ស្ត្រី​ដែល​សង្ស័យថា​ខ្លួន​មាន​គីស​សុដន់ ជាពិសេស​ស្ត្រី​ដែលមាន​វ័យ​៤០​ឆ្នាំ​ឡើងទៅ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​តាមដាន​ពី​ទំហំ និង​ប្រភេទ​គីស កុំឱ្យ​ដុំ​គីស​នោះ​អាច​វិវត្តន៍​ជា​ជំងឺមហារីក​សុដន់​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com