ជាតិ
កម្ពស់ទឹកជំនន់ នឹងមានកម្រិតមធ្យមសម្រាប់ឆ្នាំ២០២០ រូបភាពមកពីក្រសួងធនធានទឹកនិងឧតុនិយម
× ភ្នំពេញ៖ ចាប់ពីដើមខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ នឹងមានបាតុភូតចំនួន៣កើតឡើងដូចជា បាតុភូត Neutral, បាតុភូត El Nino និងបាតុភូត La Nina ដែលវានឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ក្នុងប្រទេសកម្ពុជា។ នេះបើតាមការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០នេះ ក្រសួងធនធានទឹក បានឱ្យដឹងថា ទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់ទឹកទាបជាងឆ្នាំ២០១៩ ប្រមាណ ០,៥០ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ។
សម្រាប់ទន្លេមេគង្គ-ក្រចេះ មានកម្ពស់ទឹកទាបជាងឆ្នាំ២០១៩ ដល់ទៅ១,១២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥០ម៉ែត្រ។ ទន្លេមេគង្គ-កំពង់ចាម មានកម្ពស់ទឹកទាបជាងឆ្នាំ២០១៩ ដល់ទៅ១,៧២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,១៤ម៉ែត្រ។ រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ មានកម្ពស់ទឹកទាបជាងឆ្នាំ២០១៩ ដល់ទៅ១,៧៣ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។ រីឯទឹកក្នុងបឹងទន្លេសាបនៅស្ថានីយក្រគរ-កំពង់លួង មានកម្ពស់ទឹកទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,១៧ម៉ែត្រ ទៅ២,៦៧ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹក។
ផ្អែកលើការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គលើកទី១ បង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខឆ្នាំនេះ ទឹកអាចនឹងមានកម្ពស់៩,៧០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម។ នេះបើយោងតាមស្ថានភាពទឹកទន្លេមេគង្គបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ៕
Tag:
ទឹកជំនន់
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com