COVID-19
សេដ្ឋកិច្ច
អន្តរជាតិ
ទោះ​មាន COVID-19 ការនាំចេញ​ថៃ​ខែមេសា​កើន​ភាគរយ​ព្រោះ​លក់​កសិផល​ច្រើន​
23, May 2020 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawsit (ប្រភព៖ ក្រសួងពាណិជ្ជកម្មថៃ)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawsit (ប្រភព៖ ក្រសួងពាណិជ្ជកម្មថៃ)
ដោយ:
​ក្រសួងពាណិជ្ជកម្ម​ថៃ នៅ​ថ្ងៃទី​២២ ខែឧសភា បាន​បញ្ជាក់ថា ការនាំចេញ​ក្នុង​ខែមេសា​ឆ្នាំ​២០២០ បាន​កើនឡើង​២,១២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ កំណើន​នេះ គឺ​ជំរុញ​ដោយ​ការនាំចេញ​ច្រើនជាង​មុន​នៃ​ផលិតផល​កសិកម្ម ចំណីអាហារ និង​មាស​។

 
​ក្នុង​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងពាណិជ្ជកម្ម​ថៃ អះអាងថា ការនាំចេញ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម បាន​កើនឡើង​៤,០៣​ភាគរយ ហើយ​នោះ​គឺ​ព្រោះតែ​កំណើន​នៃ​តម្រូវការ​ចំណីអាហារ​សកល អំឡុងពេល​បញ្ជា​បិទ​ប្រទេស​ទប់ស្កាត់ COVID-19 ។  
 
​ក្រសួងពាណិជ្ជកម្ម​ថៃ សង្កត់ធ្ងន់ថា ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ធំៗ ដូចជា សហរដ្ឋអាមេរិក និង​ជប៉ុន បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ការនាំចេញ​ទៅកាន់​កោះ​តៃវ៉ាន់ និង​ទីក្រុង​ហុងកុង រក្សា​កំណើត​វិជ្ជមាន​។ សម្រាប់​៤​ខែ​ដំបូង​ឆ្នាំ​២០២០ ការនាំចេញ​របស់​ថៃ​កើន ១,១៩​ភាគរយ​។ 
 
​យ៉ាងណាមិញ ការ​រាតត្បាត COVID-19 ធ្ងន់ធ្ងរ​ក្នុង​តំបន់​អឺរ៉ុប ជាពិសេស ក្នុងប្រទេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ បង្ខំ​ឲ្យ​ការនាំចេញ​ថៃ​ទៅកាន់​ប្រទេស​អឺរ៉ុប​ចំនួន​១៥​ត្រូវ​ផ្អាក​កាលពី​ខែ​មុន​។ ក្រសួងពាណិជ្ជកម្ម​ថៃ បញ្ជាក់​បែបនេះ​។ 
 
​ការ​ហក់​ឡើង​នៃ​ការនាំចេញ​មាស ធ្វើ​ឲ្យ​តម្លៃ​មាស​កើនឡើង និង​មានការ​នាំចេញ​ច្រើន​ទៅកាន់​ប្រទេស​ស្វី​ស សិង្ហ​បុរី និង​ហុងកុង​។ បន្ថែម​ពីនេះ តម្លៃ​ប្រេង​សកល​ធ្លាក់ចុះ​គំហុក បានធ្វើ​ឲ្យ​ការនាំចេញ​ផលិតផល​ដែល​ធ្វើ​ចេញពី​ប្រេង​ផ្អាក ជាពិសេស ក្នុង​តំបន់​អាស៊ាន និង​ទីផ្សារ​ប្រទេស ៤ ក្នុង​តំបន់​ដូចជា កម្ពុជា ឡាវ មី​យ៉ាន់ និង​វៀតណាម​។  
 
​គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា ប្រទេស​ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប ៣០៣៧​ករណី ហើយ​អ្នក​ស្លាប់មាន​៥៦​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជំងឺ​ជាសះស្បើយ​មាន​២៩១០ ខណៈ​អ្នកជំងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅសល់​៧១​នាក់​៕ 

Tag:
 ​ថៃ​
  COVID-19
  កសិកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com