ជាតិ
កូនអណ្ដើក​ហ្លួង​២៣​ក្បាល​បាន​ញាស់​នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​
23, May 2020 , 9:35 am        
រូបភាព
កូនអណ្ដើកហ្លួង (រូបពីទំព័រហ្វេសប៊ុករបស់អង្គការWCS)
កូនអណ្ដើកហ្លួង (រូបពីទំព័រហ្វេសប៊ុករបស់អង្គការWCS)
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២០​នេះ មានកូន​អណ្ដើក​ហ្លួង​ញាស់​ថ្មី​២៣​ក្បាល នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែក​អំបិល ខេត្តកោះកុង​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)​។​
​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​អណ្ដើក​ហ្លួង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)  បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ មាន​ពងអណ្ដើក​ហ្លួង​៥១ ប៉ុន្តែ​ញាស់​បានតែ​២៣​ប៉ុណ្ណោះ ក្រៅពីនេះ គឺ​ខូច​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​ឡើយ​។ បើតាម​លោក ស៊ីថា កូនអណ្ដើក​ដែល​ញាស់​នេះ គឺ​ចេញពី​សំបុក​ចំនួន​៣​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​។


 
​លោក សោម ស៊ីថា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា​៖ «​បញ្ហា​ប្រឈម​ខ្លាំង​ដែល​ធ្វើឱ្យ បាត់បង់​អណ្ដើក​ហ្លួង​នេះ កាលពី​អំឡុង​ឆ្នាំ​២០០០ គឺ​ដោយ​ពលរដ្ឋ​ជាអ្នក​ចាប់​និង​យក​ពង​ដោយ​មិនបាន​គិតពី​ការ​ផុត​ពូជ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០៧ កត្តា​ប្រឈម​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ការរស់នៅ​សត្វ​នេះ គឺ​ការប្រមូលខ្សាច់​ ព្រោះ​សត្វ​ប្រភេទ​នេះ ត្រូវការ​ខ្សាច់​ជា​ជម្រក​ពង​ដ៏​សំខាន់​ក្នុង​ការបន្ត​ពូជ​»​។ 
 
​អណ្ដើក​ហ្លួង​អាយុប្រមាណ​២០​ទៅ​២៥ ឆ្នាំ​ទើប​អាចមាន​ពង​ឬ​បន្ត​ពូជ ហើយ​វា​ពង​រាល់​ឆ្នាំ​នៅ​ចន្លោះ​ខែមករា​និង​កុម្ភៈ​។ ពង​រប​ស់វា ជាង​៩០​ថ្ងៃ​ទើប​ញាស់ ហើយ​អណ្ដើក​ហ្លួង​ដែល​ចាប់ផ្ដើម​ពងមាន​ទម្ងន់​ជាង​២០​គីឡូក្រាម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ីថា ដោយ​បន្ថែមថា មកដល់ពេលនេះ ក្រុមការងារ​មិនទាន់​សិក្សា​ដឹង​ពី​អាយុ​នៃ​អណ្ដើក​ហ្លួង​នេះ ថា​អាចរ​ស់បាន​ប៉ុន្មាន​នោះទេ ប៉ុន្តែ​លោក​ប៉ាន់​ស្មានថា អណ្ដើក​ហ្លួង​អាចរ​ស់បាន​៥០​ទៅ​៦០​ឆ្នាំ​។ 
 
​អង្គការ​WCS បាន​អនុវត្ត​គម្រោង​ការពារ​សំបុក​សត្វ​អណ្ដើក​ហ្លួង​នេះ នៅ​ឆ្នាំ​២០០៣ ហើយ​រហូតដល់​ឆ្នាំ​២០២០​នេះ មាន​ចំនួន​កូនអណ្ដើក​ហ្លួង​ញាស់​ប្រមាណ​៤៥០​ក្បាល​៕ 

Tag:
 អណ្តើក​ហ្លួង​
© រក្សាសិទ្ធិដោយ thmeythmey.com