COVID-19
អន្តរជាតិ
អាស៊ាន ស្នើ​ឲ្យ​មានការ​អភិរក្ស​ធម្មជាតិ ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​សកល​នាពេល​អនាគត
23, May 2020 , 10:06 am        
រូបភាព
អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍សង្គម-វប្បធម៌ លោកបណ្ឌិត គង់ ភោគ (រូបពីហ្វេសប៊ុកលោកផ្ទាល់)
អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍សង្គម-វប្បធម៌ លោកបណ្ឌិត គង់ ភោគ (រូបពីហ្វេសប៊ុកលោកផ្ទាល់)
ដោយ:
​លេខាធិការដ្ឋាន​អាស៊ាន (ASEC) និង​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ជីវៈចម្រុះ (ACB) បានរៀបចំ​ការជជែក​ពិភាក្សា​តាម​អន​ឡាញ​លើកដំបូង​កាលពី​ថ្ងៃទី​២០ ខែឧសភា ដោយ​សង្កត់ធ្ងន់​ពី​ការទាក់ទង​គ្នា​រវាង​សុខភាព​និង​ជីវៈចម្រុះ ព្រមទាំង​កិច្ចប្រឹងប្រែង​តំបន់​ក្នុង​គោលដៅ​ធ្វើការ​អភិរក្ស​ជីវៈចម្រុះ​ជាមួយ​ការឆ្លើយតប COVID-19 ។​


 
​អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សហគមន៍​សង្គម​-​វប្បធម៌ លោក គង់ ភោគ ជា​អ្នកបើក​កិច្ចពិភាក្សា​ពិសេស​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។ ក្នុង​សុន្ទរកថា លោក បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ទោះបីជា​មានការ​រឹតត្បិត​លើ​ការ​ចល័ត​ក្នុង​បណ្ដា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង ACB មានបំណង​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​ត​ភ្ជាប់​ស្ថាប័ន​តាម​ផ្នែក​របស់​អាស៊ាន​និង​សាធារណជន​ក្នុង​គោលដៅ​ផ្លាស់ប្តូរ​ចំណេះដឹង គំនិត​និង​បទពិសោធន៍​ស្តីពី​ទំនាក់ទំនង​សុខភាព​មនុស្ស​និង​ជីវៈចម្រុះ​»​។​
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាស៊ាន នៅ​ថ្ងៃទី​២០ ខែឧសភា លោក​បណ្ឌិត គង់ ភោគ សង្កត់ធ្ងន់​ពី​សារសំខាន់​ដំណោះស្រាយ​វិធាន​ធម្មជាតិ​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​នាពេល​អនាគត តាមរយៈ​កិច្ចសហការ​តាម​វិស័យ​ពាក់ព័ន្ធ និង​ការចូលរួម​ពី​ស្ថាប័ន​គ្រប់ផ្នែក​ទាំងអស់  ដែលជា​ផ្នែក​នៃ​របៀប​វីរៈ​អាស៊ាន​។ ទន្ទឹមនេះ លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​និង​សហគមន៍​ក៏ត្រូវ​លើកទឹកចិត្ត​ឲ្យ​ក្លាយជា​អ្នក​ស្រលាញ់​ធម្មជាតិ​ដើម្បី​អនុវត្ត​ឥរិយាបថ​នានា​ដែល​ដោះស្រាយ​ឬ​សគល់​នៃ​ជំងឺ​រាតត្បាត​សកល​នាពេលខាងមុខ​។ 
 
​កិច្ចពិភាក្សា​ពិសេស​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​វាក្មិន​ផ្សេងទៀត​ដូចជា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ជីវៈចម្រុះ (ACB) អ្នកស្រី​បណ្ឌិត Theresa Mundita Lim នាយការិយាល័យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Acep Somantri និង​វាក្មិន​ផ្សេង​សំខាន់​ដទៃទៀត​។ ទូត​សុ​ឆន្ទៈ​ហ្វីលីពីន​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​បរិស្ថាន Antoinette Taus ជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា​២​ម៉ោង​នេះ​។ 
 
​អ្នកស្រី​បណ្ឌិត Lim ដែលជា​អ្នកជំនាញការ​គ្រប់គ្រង​ជីវិត​សត្វព្រៃ លើកឡើង​ពី​ភាពចាំបាច់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ច្រើន​ថែមទៀត​ក្នុង​តំបន់​អាស៊ាន និង​ជាមួយ​បណ្ដា​ស្ថាប័ន​តំបន់​និង​រដ្ឋាភិបាល​ដទៃទៀត​ក្នុង​ពិភពលោក ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​សកល​នាពេល​អនាគត ដ្បិតថា COVID-19 ប្រហែល​ពុំមែន​ជា​ជំងឺ​រាតត្បាត​សកល​ចុងក្រោយ​ឡើយ​៕



Tag:
 អាស៊ាន​
  គង់ ភោគ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com