ជាតិ
អចលនទ្រព្យ
គេហដ្ឋានស្ថាបត្យករល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅភ្នំពេញ ដាក់លក់ក្នុងតម្លៃ៧លានដុល្លារអាមេរិក រូបភាព៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia
× ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia បានប្រកាសដាក់លក់គេហដ្ឋានស្ថាបត្យករល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅភ្នំពេញក្នុងតម្លៃ៧លានដុល្លារអាមេរិក។ បុគ្គលិកនៃក្រុមហ៊ុនអចលនទ្រព្យខាងលើបានប្រាប់សារព័ត៌មានអេឡិចត្រូនិក Thmeythmey ថា ក្រុមហ៊ុនទើបទទួលបានសិទ្ធិពីក្រុមគ្រួសារដាក់លក់គេហដ្ឋានរបស់លោក វណ្ណ ម៉ូលីវណ្ណ តាំងពីជាង១សប្តាហ៍មកហើយ។ ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ទទួលមរណភាពកាលពីឆ្នាំ២០១៧ក្នុងអាយុ៩១ឆ្នាំ។
គេហដ្ឋានស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ មានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅ សេទុង ក្បែរភោជនីយដ្ឋានទន្លេបាសាក់នៅកណ្តាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia បានប្រកាសដាក់លក់គេហដ្ឋានស្ថាបត្យករល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅភ្នំពេញក្នុងតម្លៃ៧លានដុល្លារអាមេរិក។ ដីទាំងមូលនៃគេហដ្ឋាននេះមានទំហំជាង៩០០ម៉ែត្រក្រឡា។ តាំងពីការប្រកាសដាក់លក់មក មានអតិថិជនសាកសួរដែរ តែមិនទាន់ត្រូវថ្លៃគ្នា។
ប្រភពស្និទ្ធបំផុតជាមួយលោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey នៅថ្ងៃសៅរ៍នេះថា គេហដ្ឋានលោក វណ្ណ ម៉ូលីវណ្ណ បានកសាងឡើងនៅឆ្នាំ១៩៦៥ និងសាងសង់រួចរាល់ហើយតែម្តងនៅឆ្នាំ១៩៦៦ ពោល គឺសាងសង់ក្រោយពហុកីឡដ្ឋានអូឡាំពិកមួយឆ្នាំ(១៩៦៤)។
ប្រភពដដែលបានបញ្ជាក់ថា សំណង់គេហដ្ឋានលោក វណ្ណ ម៉ូលីវណ្ណ នៅមានសភាពរឹងមាំល្អ ហើយអគារអាចរក្សាគុណភាពរហូតដល់១០០ឆ្នាំទៀត។ ប្រភពដដែល និងក្រុមគ្រួសារធ្លាប់បានប្រាប់អ្នកសារព័ត៌មាន Thmeythmey ថា តំបន់នេះ (គេហដ្ឋានលោក វណ្ណ ម៉ូលីវណ្ណ) កាលពីអំឡុងទសវត្សរ៍៦០ គឺជាវាលស្រែ និងបឹង រីឯ មហាវិថីម៉ៅសេទុង កាលនោះ គឺជាផ្លូវដី។
លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទី ក្រុងបារីស ប្រទេសបារាំង។
កាលនៅមានជីវិតនៅឡើយ លោកស្ថាបត្យករ វណ្ណ មូលីវណ្ណ ធ្លាប់បាននិយាយប្រាប់ សារព័ត៌មានអេឡិចត្រនិកThmeythmey ថា៖«ខ្មែរគួរខិតខំបង្កើតដោយខ្លួនឯងនូវអ្វីដែលសម័យអង្គរបានបន្សល់ទុក»។ សម្រាប់ស្ថាបត្យកររូបនេះ ស្ថាបត្យកម្មនៅកម្ពុជាដែលសាងសង់ដោយជនបរទេសមិនប្រាកដថាត្រឹមត្រូវនោះឡើយ។ លោក វណ្ណ មូលីវណ្ណ ធ្លាប់បានសំណូមពរដល់ស្ថាបត្យករជំនាន់ក្រោយយ៉ាងដូច្នេះថា៖«ត្រូវរក្សាអត្តសញ្ញាណខ្មែរនៅក្នុងសំណង់ទាំងអស់។ ខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងខិតខំរកគំនិតថ្មី ការឆ្នៃប្រឌិតថ្មី និងបន្ថែមលើសម័យបុរាណ»៕
រូបភាព៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com