COVID-19
ជាតិ
២សប្ដាហ៍នេះ មានភ្ញៀវទេសចរជាង ២៥ម៉ឺននាក់ ដើរកម្សាន្តតាមគោលដៅទេសចរណ៍ឡើងវិញ
× ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្តកើនឡើងវិញ ក្នុងរយៈពេល២សប្ដាហ៍ នៃខែឧសភានេះ ខណៈពេលស្ថានការណ៍ជំងឺកូវីដ១៩នៅកម្ពុជា ធូរស្រាលជាងប្រទេសដទៃ។ ២សប្ដាហ៍នេះ មានភ្ញៀវទេសចរជាង២៥ម៉ឺននាក់ ដែលកើនឡើងជាង៤០ភាគរយ បើធៀបនឹងរយៈពេល២ប្ដាហ៍ នៃខែមេសា។
ក្រសួងទេសចរណ៍ បានស្រង់សម្តីលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ សរសេរលើហ្វេសប៊ុកដូច្នេះថា៖«សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក»។
ភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។ពួកគេភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ នេះបើតាមលោក ថោង ខុន។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះ ក៏បានជំរុញឱ្យវិស័យឯកជនរៀបចំនូវវិធានការស្ដង់ដាពិសេស សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិគោលការណ៍ណែនាំចាំបាច់បន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលចេញដោយក្រសួងសុខាភិបាល។ ជាពិសេសលក្ខខណ្ឌតម្រូវការចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋានទៀតផង។
គួរបញ្ជាក់ថា កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ក្រោយពីអ្នកជំងឹ១២២នាក់ បានជាសះស្បើយ កាលពីសប្ដាហ៍មុន៕
© រក្សាសិទ្ធិដោយ thmeythmey.com