អន្តរជាតិ
Rihanna មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ម្ចាស់​ក្ស​ត្រី​យ៍​អេ​លីហ្សា​បែ​តទី​២
23, May 2020 , 5:59 pm        
រូបភាព
ដោយ: ធីតា
​ដើមកំណើត​បា​បា​ដូ​ស Rihanna ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ឡុង​ដ៍ បាន​ក្លាយជា​តារាចម្រៀង​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​នៅ​ចក្រភព​អង់គ្លេស​។ បើតាម​តារាង​ចំណាត់ថ្នាក់​របស់ Sunday Times តារា​វ័យ​៣២​ឆ្នាំ​រូបនេះ ស្ថិតក្នុង​លេខ​រៀង​ទី​២៨២​ក្នុង​បញ្ជី Rich List 2020 ដោយមាន​ទ្រព្យ​ច្រើនជាង​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បែ​ត ទី​២ ទៅទៀត​។​

 
Rihanna ដែល​ប្រឡូក​ក្នុង​ពិភព​តន្ត្រី​តាំងពី​ឆ្នាំ​២០០៣ ត្រូវបាន​វាយតម្លៃថា មានទ្រព្យ​សម្បត្តិ​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​ទាំងនោះ បាន​ពី​ការលក់​ឌី​ស​ចម្រៀង ការប្រគំ​តន្ត្រី រួមទាំង​ចំណូល​ពី​ការលក់​ផលិត​កែ​សម្ផស្ស​ម៉ាក Fenty Beauty​។​
 
Rihanna មាន​ចំណាត់ថ្នាក់​នាំមុខ​តារាចម្រៀង Mick Jagger, Elton Jonh និង Adele ជាដើម ប៉ុន្តែ​នៅ​ពីក្រោយ​អ្នកនិពន្ធ​តន្ត្រី លោក Andrew Lloyd Webber និង Paul McCartney ។ តារាចម្រៀង​បា​បា​ដូ​សរូប​នេះ ក៏មាន​ចំណាត់​នាំមុខ​ម្ចាស់​ក្ស​ត្រី​យ៍​អេ​លីហ្សា​បែ​តទី​២​ផងដែរ ដែល​បច្ចុប្បន្ន​ព្រះអង្គ​ស្ថិតនៅ​លេខ​រៀង​ទី​៣៧២ ជាមួយនឹង​ព្រះរាជ​ទ្រព្យ​ប្រមាណ​៤២៧​លាន​ដុល្លារ​អាមេរិក​។ 
 
​តាម​តារាង Rich List 2020 របស់ Sunday Times អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​នៅ​អង់គ្លេស គឺ Sir James Dyson និង​គ្រួសារ (​ជិត​២០​ពាន់​លាន​ដុល្លារ​)៕

© រក្សាសិទ្ធិដោយ thmeythmey.com