ជាតិ
ជម្រក​ត្រី​យក្ស​ក្នុង​ខេត្តស្ទឹងត្រែង ដល់​ចំណុច​ភ្លើង​លឿង​ហើយ​!
23, May 2020 , 7:29 pm        
រូបភាព
  ​ត្រី​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់លក់​ក្នុង​ផ្សារ​ស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា​
​ត្រី​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់លក់​ក្នុង​ផ្សារ​ស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អាចជា​ការបន្ថែម​លើ​សេចក្តី​ជួន​ដំណឹង​ស្តីពី រដូវ​បិទ​នេសាទ ឆ្នាំ​២០២០ នៅ​ខេត្តស្ទឹងត្រែង ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ បាន​អំពាវនាវ​ចំពោះ​ប្រជា​នេសាទ​ទាំងអស់ ដោយមាន​សេចក្តី​ដូចខាងក្រោម​នេះ​៖



«​ជាថ្មី​ម្តងទៀត សូម​ជម្រាបជូន​ដល់​បង ប្អូន មា មីង អ្នក​ខេត្តស្ទឹងត្រែង​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ស្ថានភាព​ត្រី​ក្នុង​ធម្មជាតិ​របស់​យើង គឺ​បាន​មកដល់​ចំណុច​ភ្លើង​លឿង​ហើយ​។ ធនធាន​ទាំងនេះ​អាច​បន្ត​នូវ​គង់វង្ស ឬ​ផុត​ពូជ​អស់ គឺ​ស្ថិត​លើ​ការចូលរួម​ទាំងអស់គ្នា ជាពិសេស​សូម​អង្វរករ​ចំពោះ​ប្រជា​នេសាទ​មួយចំនួន​តូច ដែល​នៅតែ​លួចលាក់​ប្រើ​ឧបករណ៍​ល្មើសច្បាប់ ដូចជា ឆក់​ក្តៅ ឆក់​ត្រជាក់ ជាដើម​។ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កូនចៅ​យើង​ជំនាន់​ក្រោយ​»​។​
 
​ជា​រៀងរាល់ឆ្នាំ ខេត្តស្ទឹងត្រែង បានប្រកាស​រដូវ​បិទ​នេសាទ​ចាប់ពី​ថ្ងៃ ០១ ឧសភា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដោយ​ហាមឃាត់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ លើកលែងតែ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ មានដូចជា​៖ សៃយ៉ឺន លប សំណាញ់ សន្ទូច​ផ្លែ​មួយ អ​ង្រ​ត់ ចាន់ តុម ទ្រូ និង​កញ្ច្រែង​ដងត្រី​។​
 
​ត្រី​បបែល​យក្ស​
 
​រំលឹក​ផងដែរ​ថា ខេត្តស្ទឹងត្រែង គឺជា​ទីជម្រក​លាក់ខ្លួន និង​ពង​កូន នៃ​ពពួក​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​រាប់រយ​ប្រភេទ​នៅក្នុង​ទន្លេមេគង្គ ជាពិសេស ប្រភេទ​ត្រី​យក្ស​ជិត​ផុត​ពូជ​សំខាន់ៗ ដូចជា​៖ ត្រី​បបែល​យក្ស (Urogymnus polylepis) គឺជា​ត្រី​បបែល​ទឹកសាប​ដ៏​ធំ មាន​ប្រវែង​ទទឹង​ដងខ្លួន​ដល់​ទៅ ២,៤០ ម៉ែត្រ និង​ទម្ងន់​ខ្លួន​រហូតដល់ ៦០០​គីឡូក្រាម​។ ប្រជាជន​កម្ពុជា​ភាគច្រើន ពុំបាន​ដឹង និង​ស្ទើរ​ពុំ​ជឿថា ត្រី​បបែល​យក្ស​ប្រភេទ​នេះ មាន​រស់នៅ​ក្នុងប្រទេស​របស់ខ្លួន​ឡើយ​។ 
 

​ត្រី​បបែល​យក្ស​។ រូបភាព​៖ ហ្សេ​ប ហូ​ហ្គេ​ន​
 
​ត្រី​រាជ ស្តេច​ត្រី​ឥត​ស្រកា​
 
​ដ្បិត​តែមាន​រូបរាង​ស្រដៀង​នឹង​ត្រី​ប្រា​ធំ​ដែរ តែ​ត្រី​រាជ (Pangasianodon gigas) មាន​ទំហំ​ខ្លួន​ធំ និង​ធ្ងន់​ជាង មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​ដល់​ទៅ​៣​ម៉ែត្រ និង​ទម្ងន់​៣០០​គីឡូក្រាម វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​ត្រី​ទឹកសាប ប្រភេទ​ឥត​ស្រកា​ធំជាងគេ​លើ​លោក​។​


​ត្រី​រាជ​។ រូបភាព​៖ ហ្សេ​ប ហូ​ហ្គេ​ន
 
​ត្រី​គល់រាំង សេ្ត​ច​ត្រី​មាន​ស្រកា​
 
​ត្រី​គល់រាំង (Catlocarpio siamensis) ក៏​ជា​ស្តេច​ត្រី​ទឹកសាប​ប្រភេទ​មាន​ស្រកា​ធំជាងគេ​លើ​លោក​ផងដែរ ហើយក៏​ជា​ត្រី​ដែល​ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ត្រី​នេះ មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​ដល់​ទៅ​៣​ម៉ែត្រ និង​ទម្ងន់​៣០០​គីឡូក្រាម​។ 
 
​ស្តេច​ត្រី​ទាំងពីរ ដ្បិតតែ​មានខ្លួន​ធំ តែ​ពួកវា​ជា​ប្រភេទ​ត្រី​ស្លូតបូត មិនដែល​រំខាន​ដល់​ជីវិត​ត្រី​ដទៃ ឬ​មនុស្ស​ឡើយ វា​ស៊ី​តែ​កម្ទេចកម្ទី​កាកសំណល់ ប្លង់តុង និង​ស្លែ​ជា​អាហារ​ប៉ុណ្ណោះ​។​


​ត្រី​គល់រាំង​។ រូបភាព​៖ ហ្សេ​ប ហូ​ហ្គេ​ន​
 
​ចំពោះ​ត្រី​ពោ​ព្រុយ (Pangasius sanitwongsei) វា​ក៏​ជា​ប្រភេទ​ត្រី​ឥត​ស្រកា​ដ៏​ធំ មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​ដល់​ទៅ​៣​ម៉ែត្រ និង​ទម្ងន់​៣០០​គីឡូក្រាម​ដែរ​។  បច្ចុប្បន្ននេះ គេ​កម្រ​ឃើញ​វត្តមាន​របស់​វា​ណាស់​។ ដូចគ្នានេះដែរ ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) គឺជា​ប្រភេទ​ត្រី​មាន​ស្រកា មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​ដល់​ទៅ ១.៣​ម៉ែត្រ និង​ទម្ងន់​៣០​គីឡូក្រាម​ដែរ​។ ត្រី​នេះ មាន​រង្វះមាត់​រាង​ដូច​ដង្កាប់ វា​ជា​ប្រភេទ​ត្រី​ដែលមាន​ភាពរហ័សរហួន និង​សកម្ម​ក្នុងការ​តាម​ចាប់​ចំណី​ផងដែរ​។ បច្ចុប្បន្ននេះ កម្រ​មាន​អ្នកនេសាទ​ណា​ចាប់បាន​ណាស់​៕
 
​សូម​ស្តាប់​ការបញ្ជាក់​ពិ​វិធានការ អភិរក្ស​ត្រី​មេ​ពូជ របស់លោក នាយ​ខណ្ឌ​ជលផល​ស្ទឹងត្រែង ទុំ នី​រ៉ូ កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ដូចតទៅ​៖
 
 



© រក្សាសិទ្ធិដោយ thmeythmey.com