អន្តរជាតិ
តើ​គេ​ព្យាករ​វត្តមាន​នៃ​រលក​យក្ស​ស៊ូណាមិ​ដោយ​របៀប​ណា​?
23, May 2020 , 8:59 pm        
រូបភាព
​រលក​យក្ស​ស៊ូណាមិ​គឺជា​គ្រោះមហន្តរាយ​មួយ​ប្រភេទ​ដែល​អាច​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន និង​ការខូចខាត​ទ្រព្យសម្បត្តិ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំធេង​។ ជាមួយនឹង​ទីប្រជុំជន​មនុស្ស​ភាគច្រើន​ស្ថិតនៅតាម ឬ​ក្បែ​ឆ្នេរសមុទ្រ ស៊ូណាមិ​គឺជា​រឿង​មួយ​ដែល​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​តាមដាន និង​រិះរក​វិធីសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ការ​ខូ​ត​ខាត​។​

 
​ករណី​ធំៗ​មួយចំនួន​ដែល​ទើបតែ​កើតមាន​ក្នុង​រយៈពេល​ត្រឹម​២០​ឆ្នាំ​មុននេះ​មានដូចជា ស៊ូណាមិ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០០៤ និង​ប្រទេស​ជប៉ុន​នៅក្នុង​ឆ្នាំ​២០១១​។ តើ​អ្នកជំនាញ​ប្រើប្រាស់​វិធីសាស្ត្រ​បែបណាខ្លះ​ក្នុងការ​សិក្សា និង​ទប់ស្កាត់​ពី​វា​? រលក​ស៊ូណាមិ​ចាប់ផ្តើម​ដំបូង​នៅ​ពីក្រោម ឬ​ក្បែរ​បាតសមុទ្រ​ដែលមាន​ចលនា​ផ្ទាំង​ទ្វីប​ខ្លាំង​។ វា​ក៏​អាច​កើតឡើង​ដោយសារ​សកម្មភាព​ភ្នំភ្លើង​ក្រោម​សមុទ្រ និង​ហេតុការណ៍​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​។ 
 
​គេហទំព័រ​របស់​ស្ថាប័ន NOAA បាន​ពន្យល់ថា នៅ​កន្លែង​ទឹក​ជ្រៅ គេ​ពិបាក​នឹង​កត់សម្គាល់ថា​មាន​វត្តមាន​ស៊ូណាមិ​ដោយ​ភ្នែក​ទទេ​ណាស់ ទោះបីជា​វា​មាន​ល្បឿន​ទៅដល់​៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្តី​។ តែ​នៅពេលដែល​វា​ធ្វើដំណើរ​ជិត​មកដល់​ឆ្នេរ​ទ្វីប ស៊ូណាមិ​បន្ថយល្បឿន ជាមួយនឹង​ការ​កើន​កម្ពស់​រលក និង​កម្លាំង​។ 
 
​ក្នុងការ​តាមដាន​វត្ត​មាននៃ​ស៊ូណាមិ NOAA ឬ National Oceanic and Atmospheric Administration ដែលជា​ភ្នាក់ងារ​រដ្ឋបាល​មួយ​នៃ​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ខាង​ពិនិត្យមើល​សកម្មភាព​ផ្សេងៗ​នៃ​ធាតុអាកាស សណ្ឋាន​ដី និង​សណ្ឋាន​សមុទ្រ ប្រើប្រាស់​ប្រព័ន្ធ​ស្ទង់​ក្នុង​ដី និង​លើ​កម្ពស់​ទឹកសមុទ្រ​ជាដើម​។ ពេលវេលារ​ហ័យ​ក្នុងការ​តាមដាន​វត្តមាន​ស៊ូណាមិ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​។ NOAA ប្រើប្រាស់​ប្រព័ន្ធ​ស្ថានីយ​ស្ទង់​វត្តមាន​ស៊ូណាមិ​ចំនួន​ពីរ​កន្លែង​ដែល​ដំណើរការ​២៤​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។ ស្ថានីយ​ទីមួយ​មាន​តួរ​នាទី​ក្នុងការ​ប​ញ្ចូ​ន​ព័ត៌មាន​សំខាន់ៗ​ទៅកាន់​សហរដ្ឋអាមេរិក​ដី​ទ្វីប កាណាដា និង​អា​ឡា​ស្កា​។ ចំណែកឯ​ស្ថានីយ​មួយកន្លែង​ទៀត​មាន​តួរ​នាទី​ក្នុងការ​ប​ញ្ចូ​ន​ទិន្នន័យ​ទៅកាន់​​បណ្តុំ​កោះ​ហា​វ៉ៃ និង​សមុទ្រ​ការី​ប៊ី​ន​ជាដើម​។ នៅពេលដែល​ការរញ្ជួយ​ដី​ក្រោម​សមុទ្រ​កើតឡើង ប្រព័ន្ធ​ស្ទង់​ចលនា​ក្រោម​ដី (Seismic network) ប​ញ្ចូ​ន​ទិន្នន័យ​ទាំងនោះ​ទៅកាន់​ស្ថានីយ​ពាក់ព័ន្ធ​ក្នុងការ​ពិនិត្យមើល​ជម្រៅ ទីតាំង និង​កម្លាំង​នៃ​ការរញ្ជួយ​ដី​នោះ​។ នៅពេលដែល​ស៊ូណាមិ​នោះ​ត្រូវបាន​គេ​កំណត់ថា​អាច​នឹង​បង្ក​គ្រោះថ្នាក់​មួយចំនួន​បាន គេ​នឹង​ទាញយក​ទិន្នន័យ​ជាក់លាក់​បន្ថែមទៀត​ពី​ប្រព័ន្ធ​ពោង (Buoy) អេ​ឡិច​ត្រូ​និ​ច​អណ្តែត​លើទឹក និង​ក្រោម​ទឹក ដើម្បី​ស្ទង់​ពី​ល្បឿន និង​កម្ពស់​នៃ​រលក​ស៊ូណាមិ​។ ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​ហៅថា Deep-Ocean Assessment and Reporting of Tsunami (DART) ។ 
 
​នៅពេលដែល​វត្តមាន​នៃ​រលក​យក្ស​ស៊ូណាមិ​ត្រូវបាន​គេ​កំណត់​ច្បាស់លាស់​ហើយ ការប្រកាសអាសន្ន​នឹងត្រូវ​បាន​គេ​ធ្វើឡើង​តាមរយៈ​វិទ្យុ ទូរទស្សន៍ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ស៊ី​រ៉ែ​ន សារ​ទូរ​សព្ទ​អាសន្ន ឬ​តាម​អ្នកនាំពាក្យ​ក្នុង​តំបន់​ជាដើម​។ NOAA ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការទាញយក​ទិន្នន័យ​ផ្ទាល់​ពី​កន្លែងកើតហេតុ រួច​ប្រើប្រាស់​ទិន្នន័យ​ទាំងអស់នោះ​ក្នុងការ​ស្តារ​ពី​រូបភាព​ទុះ​ទាយ ដែល​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ស៊ូណាមិ​នោះ​មកលើ​កន្លែង​រស់នៅរ​ប​ស់មនុស្ស​។ ជាមួយនឹង​ទិន្នន័យ​ដែល​គេ​បាន​ប្រមូល​មកពី​មុនៗ គេ​អាច​ដឹង​មុន​បាន​អំពី​ទីតាំង​សំខាន់ៗ​ដែល​អាច​ទទួលរង​ការប៉ះទង្គិច និង​ភូមិសាស្ត្រ​ប្រជាជន​ដែល​គួរ​ជម្លៀស​ក្នុង​រយៈពេល​ខ្លី និង​មាន​សុវត្ថិភាព​ជាង​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com