អន្តរជាតិ
Wernher von Braun៖ វិស្វករអាល្លឺម៉ង់ដែលជួយអាមេរិកទៅកាន់លំហ លោក Wernher von Braun (Time Magazine)
× របបភូមិសាស្ត្រនយោបាយពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័យនៅពេលដែលសង្គ្រាមលោកលើកទី២រវាងប្រទេសមហាអំណាចនានាត្រូវបានបញ្ចប់នៅក្នុង១៩៤៥។ វាគឺជាការចាប់ផ្តើមនៃឆាកសង្គ្រាមថ្មី ដែលគេហៅថា«សង្គ្រាមត្រជាក់»។ នៅក្នុងសម័យនោះហើយដែលបច្ចេកវិទ្យាវិទ្យាសាស្ត្រមានការរីកលូតលាស់យ៉ាងឆាប់រហ័យ ជាពិសេសការប្រកួតប្រជែងគ្នាទៅកាន់លំហរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។
ទោះបីជាអាល្លឺម៉ង់ធ្លាប់ជាគូរប្រយុទ្ធ របស់សហរដ្ឋអាមេរិកមែនក្តីនៅក្នុងអំឡុងសង្គ្រាម តែវិស្វករជនជាតិអាល្លឺម៉ង់មួយរូបនេះ ដែលលោកមានឈ្មោះថា Wernher von Braun បានចូលសហការ និងបង្កើតឲ្យមានសមិទ្ធិផលទៅកាន់ផ្នែកអាកាសវិទ្យាជាច្រើនទៅឲ្យសហរដ្ឋអាមេរិក និងពិភពលោក។ ខាងក្រោម គឺជាការរៀបរាប់ខ្លីៗពីជីវប្រវត្តិរបស់លោក von Braun ដោយគេហទំព័រ Biography.com ។
លោក Wernher von Braun កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងតំបន់ Wirsitz ប្រទេសអាល្លឺម៉ង់ (សព្វថ្ងៃគឺ Wyrzysk ប្រទេសប៉ូឡូញ) នៅក្រោមជីវភាពគ្រួសារស្តុកស្តម្ភមួយ។ ក្រោយពីបានទទួលតេលេទស្សន៍ពីម្តាយរបស់លោក លោក von Braun បានចាប់ចិត្តស្រឡាញ់វិស័យអវកាសវិទ្យាតាំងពីវ័យកុមារ។
លោកបានចូលសិក្សាផ្នែកបច្ចេកវិទ្យានៅក្នុងអំឡុងឆ្នាំ១៩២០ និងទទួលបានសញ្ញាប័ត្រខាងវិស្វកម្មមេកានិចក្នុងឆ្នាំ១៩៣២ និងក្រោយមកចូលសិក្សាផ្នែករូបវិទ្យាកម្រិតខ្ពស់បន្ថែមនៅទីក្រុងប៊ែកឡាំង។ លោកក៏ទទួលបានជំនួយខាងផ្នែកថវិកា ពីស្ថាប័នខាងកាំភ្លើងធំនៃប្រទេសអាល្លឺម៉ង់ ក្នុងការសិក្សាស្រាវជ្រាវខាងរ៉ុកកែតប្រើប្រាស់ប្រភេទឥន្ធនៈរឹង។ នៅក្នុងឆ្នាំ១៩៣៥ លោកបានបង្ហោះរ៉ុកកែតឥន្ធនៈរឹងចំនួនពីរគ្រឿងទៅកាន់កម្ពស់ជាង២៤០០ម៉ែត្រទៅក្នុងអាកាស។
នៅក្នុងឆ្នាំ១៩៤០ លោកបានចូលរួមក្នុងការផលិតរ៉ុកកែតល្បឿនលឿនជាងសម្លេង មានឈ្មោះថា A-4 ដែលក្រោយមកប្តូរឈ្មោះទៅជា V-2 ។ នៅពេលហើយដែលអ្នកដឹកនាំជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់ លោកអ៊ីត្លែ ចាប់អារម្មណ៍ជាមួយនឹងបច្ចេកវិទ្យាមួយនេះ ក្នុងការធ្វើជាអាវុធសម្រាប់សង្គ្រាម។ លោក von Braun បានប្រកែកនៅពេលដែលលោកត្រូវបានគេបង្ខំឲ្យផ្តល់បច្ចេកវិទ្យាមួយនៅទៅឲ្យអ្នកកាន់អំណាចខាងយោធាមួយរូបទៀត គឺលោក Heinrich Himmler ។ ក្រោយមក លោកត្រូវបានគេចាត់ចូលពន្ធធនាគារ រួចរ៉ុកកែត V-2 ត្រូវបានគេប្រើប្រាស់ដោយមិនមានការអនុញ្ញាតពីលោកផ្ទាល់ ក្នុងការបាញ់បង្ហោះទៅកាន់ប្រទេសអង់គ្លេសនៅឯឆ្នាំ១៩៤៤។
ក្នុងឆ្នាំ១៩៤៥ លោកបានចូលខ្លួនជាមួយនឹងក្រុមអ្នកស្រាវជ្រាវនៃសហរដ្ឋអាមេរិក ពោលក្រោយពេលដែលអាល្លឺម៉ង់ទទួលបរាជ័យក្នុងសង្គ្រាម។ នៅក្នុងឆ្នាំ១៩៥៥ លោកបានទទួលសញ្ជាតិជាប្រជាជននៃសហរដ្ឋអាមេរិក និងបានចូលរួមក្នុងការផលិតផ្កាយរណបដំបូងគេរបស់អាមេរិក មានឈ្មោះថា Explorer 1 នាឆ្នាំ១៩៥៨។ លោកក៏បានរួមចំណែកក្នុងការបង្កើតរ៉ុកកែត Saturn 5, Saturn 1B ដែលក្រោយមកបានដឹកអវយានិកទៅកាន់ភពព្រះចន្ទ។ លោកក៏បានក្លាយជាអ្នកដឹកនាំមួយក្នុងស្ថាប័នអវកាសវិទ្យាជាច្រើនទៀតដូចជា NASA និង JPL ។
លោក Wernher von Braun បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៧។ លោកបានទទួលមេដាយកិត្តិយសជាច្រើនពីរដ្ឋាភិបាល។ លោកក៏បានបន្សល់ទុកនូវគំនិត និងកិច្ចការសំខាន់ៗជាច្រើនអំពីអវកាសវិទ្យា ហើយត្រូវបានគេចាត់ទុកជាបុគ្គលឆ្នើមនៅក្នុងផ្នែកវិទ្យាសាស្ត្ររ៉ុកកែត ជាពិសេសនៅសហរដ្ឋអាមេរិករហូតមកដល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com