អន្តរជាតិ
ជំនឿ​ថា​«​ត្មាត​»​ជា​សត្វ​អាក្រក់ ការពិត​វា​ជា​អ្នក​ជួយ​បរិស្ថាន​ដ៏​សំខាន់​ទៅវិញ​ទេ​
24, May 2020 , 7:29 pm        
រូបភាព
​នៅក្នុង​រឿងនិទាន ឬ​ផ្នែក​ខ្លះ​នៃ​ជំនឿ​របស់​ប្រជាជន​តែង​ផ្តល់​រូបភាព​ទៅកាន់​ពពួកសត្វ​ត្មាត​ថា​ជា​ភាវៈ​អាក្រក់ គួរ​ឲ្យ​ខ្លាច និង​គួរ​ឲ្យ​ចៀសវាង ដោយសារតែ​រូបរាង​ដែល​មិនគួរ​ឲ្យ​ទាក់ទាញ​របស់​ពួកវា និង​របៀប​រស់នៅ​ចិញ្ចឹមជីវិត​ដោយសារ​ការ​ស៊ី​សាកសព​សត្វ ឬ​មនុស្ស​ជា​អាហារ​។ តែ​ពេលខ្លះ ធម្មជាតិ​មិនមែនជា​អ្វី​អាក្រក់​ដូចដែល​មនុស្ស​បាននាំគ្នា​គិត​នោះទេ​។ សត្វ និង​រុក្ខជាតិ​នីមួយៗ​តែងមាន​តួនាទី​សំខាន់​រៀងៗ​ខ្លួន​ក្នុងការ​ថែរក្សា​ស្ថានប្រព័ន្ធ​ធម្មជាតិ​ដែល​ពួកគេ​រស់នៅ​។ ចំពោះ​សត្វ​ត្មាត​វិញ តើ​ពួកវា​ថែ​រទាំ​បរិស្ថាន​ធម្មជាតិ​ដោយ​ដូចម្តេច​? ហើយ​សព្វថ្ងៃ​ពួកវា​រងគ្រោះថ្នាក់​ដោយ​ដូចម្តេចខ្លះ​?

 
​ពពួកសត្វ​ត្មាត និង​សត្វ​បក្សី​មួយចំនួនទៀត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពពួក​បក្សី​ដែល​ស៊ី​សាច់សត្វ​ដទៃ​ជា​អាហារ ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​«Bird of Prey»​។ សត្វ​ត្មាត​ដែល​ហោះហើរ​សម្លឹង​រក​កាកសំណល់​ខ្មោចសត្វ​ដែល​ងាប់ និង​ភាគច្រើន​ដែល​សត្វ​ផ្សេងៗ​ដទៃទៀត​មិនអាច​ស៊ី​បាន​។ គេហទំព័រ worldatlas.com បាន​បញ្ជាក់ថា ពពួក​ត្មាត​ត្រូវបាន​គេ​បែង​ចែកជា​ពីរ​ក្រុម​ធំៗ​គឺ New World Vultures (​ត្មាត​ដែល​មក​រស់នៅ​លើដី​ថ្មី​) និង Old World Vultures (​ត្មាត​ដែល​រស់នៅ​លើដី​ចាស់​)​។ 
 
​ត្មាត New World ភាគច្រើន​ជា​រស់​នៅតាម​តំបន់​នៃ​ទ្វីបអាមេរិក​ខាងជើង និង​អាមេរិក​ខាងត្បូង​។ ចំណែកឯ​ត្មាត Old World ភាគច្រើន​រស់នៅ​តាម​តំបន់​នានា​នៃ​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក​។ ទោះបីជា​ពពួក​ត្មាត​ទាំងពីរ​ប្រភេទ​នេះ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​មែន តែ​ពួកវា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាច្រើន​ដូចជា ក្បាលទំពែក​គ្មាន​រោម ផ្នែក​កមាន​រោម​ខ្លីៗ និង​ចំពុះ​ធំ​រឹង​សម្រាប់​ការ​ចោះ​ទម្លុះ​សាច់សត្វ​។ 
 
​ជំនឿ​មួយចំនួន​នៅឯ​ប្រទេស​លោកខាងលិច​ខ្លះ​ក៏​ឲ្យ​រូបភាព​មិនល្អ​មកកាន់​សត្វ​ត្មាត​ដែរ​។ ដោយឡែក ជាមួយនឹង​ក្រុម​ប្រជាជន​ដែល​រស់​នៅតាម​តំបន់ ទី​បេ ចន្លោះ​ឥណ្ឌា និង​ចិន សត្វ​ត្មាត​ត្រូវបាន​គេ​ឲ្យ​តម្លៃ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​បូជាសព​ផងដែរ​។ ក្នុង​ការបូជា សាកសព​មនុស្ស​មិនត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ដី​នោះទេ ក្នុង​គោលបំណង​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​ផ្សេងៗ​។ 
 
​សាកសព​ត្រូវបាន​គេ​រៀបចំ ដាក់​ខ្ពស់​ពីលើ​ដី ដើម្បី​ទាក់ទាញ​សត្វ​ត្មាត​។ សត្វ​ត្មាត​នឹង​មក​ស៊ី​សាក​សព្វ​ទាំងនោះ ហើយ​ហោះ​ទៅលើ​អាកាស​វិញ​ជាធម្មតា​។ សកម្មភាព​នេះ​ត្រូវបាន​គេ​ជឿថា​ជា​ទង្វើ​ល្អ​ក្នុងការ​បរិច្ចាគ​អ្វីដែល​ខ្លួន​មាន​ទៅកាន់​ភាវៈ​មានជីវិត​ណាមួយ​ជា​លើកចុងក្រោយ នៅពេលដែល​អ្នកនោះ​ចាក់​ចេញពី​ពិភព​របស់​មនុស្សលោក​ទៅ​។ 
 
​ការស្រាវជ្រាវ​របស់​ប្រវត្តិវិទូ​ខ្លះ​បាន​និយាយថា ការបូជា​សាកសព​បែបនេះ​ត្រូវបាន​កុលសម្ព័ន្ធ​នៃ​មនុស្ស​មួយចំនួន​អនុវត្ត​អស់កាល​ប្រមាណ​ជា​១១​ពាន់​ឆ្នាំ​មកហើយ​។ នៅក្នុង​ស្ថានប្រព័ន្ធ​ធម្មជាតិ សត្វ​ត្មាត​គឺជា​អ្នក​សំអាត​បរិស្ថាន និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នានា​។ សត្វ​ត្មាត​បាន​វិ​វត្ត​មក​ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដែលមាន​កម្រិត​អាស៊ីតខ្លាំង​សាហាវ ដោយពេល​ខ្លះ​ក្រពះ​នៃ​សត្វ​ទាំងនេះ​មាន​កម្រិត pH ខ្ពស់ជាង​សូន្យ​បន្តិច​ទេ​។ ហេតុដូចនេះ​ទើប​ពួកគេ​អាចរំលាយ​កាកសំណល់​សត្វ​ស្អុយ ឬ​ឆ្អឹង​របស់​សត្វ​មួយចំនួន​បាន​ដោយ​មិន​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួកវា​។ 
 
​កាកសំណល់​សត្វ​នៅតាម​ព្រៃ​មួយចំនួន​មាន​ផ្ទុកមេរោគ និង​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ដូចជា Anthrax, Botulinum Toxin, ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​អាសន្នរោគ​ដទៃទៀត ដែល​ភាគច្រើន​អាច​បំពុល​ដី ឬ​ប្រភពទឹក​ដែល​ស្ថិតនៅ​ជិត​កាកសំណល់​សត្វ​ទាំងនោះ​។ ត្មាត​សម្រួល​បញ្ហា​ទាំងនេះ​ដោយ​ការ​ស៊ី​កាកសំណល់​ទាំងនេះ​ចោល មុន​ពេលដែល​សារធាតុពុល​ទាំងនោះ​អាចធ្វើ​ដំណើរ​ចូលទៅ​កាន់​ធម្មជាតិ​វិញ​។ សត្វ​ត្មាត​ក៏បាន​ជួយ​អា​ជ្ងា​ធរ​ក្នុង​តំបន់​តាមរក​សាកសព​សត្វ​ដំរី ឬ​រមាស​នៃ​បានសម្លាប់​ដោយ​ជនខិលខូច​ផងដែរ​។ 
 
​ភាគច្រើន​ជនខិលខូច​ទាំងនោះ​នឹង​ទុក​សាកសព​សត្វ​ចោល​ក្រោយពី​ពេលដែល​ពូកគេ​កាត់​យក​ភ្លុក​ដំរី ឬ​កុយរមាស​រួច​។ សាកសព​ទាំងនោះ​នឹង​ស្អុយរលួយ ទាក់ទាញ​វត្តមាន​សត្វ​ត្មាត​។ ដោយ​តាមរក​ដំណើរ​ហោះហើរ​របស់​ត្មាត អាជ្ញាធរ​ក្នុង​តំបន់​អាច​ពិនិត្យមើល​សកម្ម​ភាពខុស​ច្បាប់​របស់​ជនខិលខូច​ទាំង​នោះបាន​រហ័ស​ជាមុន​។ ដោយហេតុនេះ ជន​ប្រ​ម៉ាញ់​ខុសច្បាប់​ទាំងនោះ​អាច​បញ្ចូល​ថ្មាំ​ពុល​ទៅក្នុង​សាកសព​ដើម្បី​សម្លាប់សត្វ​ត្មាត​ដែល​មក​ស៊ី​ខ្មោចសត្វ​ទាំងនោះ​។ 
 
​នៅក្នុង​ប្រទេស Namibia នា​ខែកក្កដា ឆ្នាំ​២០១៣ ពពួក​ត្មាត​ប្រមាណ​ជា​៥០០​ក្បាល​បាន​ងាប់​ដោយសារ​ការ​ស៊ី​សាកសព​សត្វ​ដែលមាន​ការចាក់​បញ្ចូល​ថ្មាំ​ពុល​ពី​អ្នក​ប្រ​ម៉ាញ់​ខុសច្បាប់​។ នៅក្នុង​ប្រទេស​អាហ្វ្រិក​មួ​យ​ចំនួន អ្នកភូមិ​តែង​ដាក់​សាច់សត្វ​ដែលមាន​ជាតិពុល​ក្នុងការ​ទប់ស្កាត់​វត្តមាន​នៃ​សត្វ​តោ ឬ​ខ្លា​។ តែ​សាច់សត្វ​ពុល​ទាំងនោះ​ក៏ត្រូវ​បាន​ស៊ី​ដោយ​សត្វ​ត្មាត​ផងដែរ​។ នៅ​សហរដ្ឋអាមេរិក អ្នក​ប្រ​ម៉ាញ់​សត្វ​ខ្លះ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ដែលមាន​ជាតិ​«​សំណ​»​ក្នុងការ​សម្លាប់​ពពួក​ឆ្កៃ​ព្រៃ​ម្យ៉ាង​មាន​ឈ្មោះថា​«Coyote»​។ នៅពេលដែល​សត្វ​ឆ្កៃ​ព្រៃ​ទាំងនោះ​ងាប់ សាច់​របស់​វា​ជាមួយនឹង​សារធាតុ​សំណ​ត្រូវបាន​ស៊ី​ដោយ​សត្វ​ត្មាត ដែល​ក្រោយមក​ធ្វើ​ឲ្យ​សត្វ​ត្មាត​ពុល​ងាប់​។ 
 
​សព្វថ្ងៃ​ពូជ​ត្មាត​ប្រមាណ​១៦​ក្នុងចំណោម​២៣​ត្រូវបាន​គេ​ចាត់ទុកថា​ងាយ​រងគ្រោះ​រហូត​ទៅដល់​ជិត​ផុត​ពូជ​។ នៅពេលដែល​ចំនួន​របស់​សត្វ​ត្មាត​ថយចុះ សត្វ​ដែល​ស៊ី​ផ្សេងៗ​ទៀត​ដូចជា​សត្វ​ឆ្កែ​គ្មាន​ម្ចាស់​ត្រឹមត្រូវ 
​កណ្តុរ ឬ​រុយ​ដែល​បង្កើត​ដង្កូវ​មួយចំនួន​។ សត្វ​ទាំងនោះ​ពិតជា​ជួយ​ស៊ី​សាកសព​សត្វ​មែន តែ​វា​ក៏​យក​ភាពកខ្វក់​ទាំងនោះ​មកកាន់​បរិស្ថាន​របស់​មនុស្ស​រស់នៅ​ផងដែរ​។ 
 
​មកទល់​បច្ចុប្បន្ន អង្ក​ការការពារ​សត្វព្រៃ​ជាច្រើន​បាន​ជួយ​ជំរុញ​ចំនួន​សត្វ​ត្មាត​ឲ្យ​កើន​ឡើងវិញ និង​ជួយ​បញ្ឈប់​ការ​បរបាញ់​ឬ​ការ​សម្លាប់សត្វ​ត្មាត​ដោយ​ប្រយោល ជាពិសេស​នៅតាម​តំបន់​នៃ​ទ្វីបអាស៊ី និង​អាហ្វ្រិក​។ គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា ទោះបីជា​សត្វ​ត្មាត​មិនមាន​លក្ខណៈ ឬ​រូបរាង​ស្រស់ស្អាត​ដូច​សត្វ​ដែល​កំពុង​ជិត​ផុត​ពូជ​ក៏ដោយ តែ​ពួកគេ​ក៏មាន​តួរ​នាទី​សំខាន់​របស់​ពួកគេ​ក្នុងការ​ការពារ និង​មើលថែរ​បរិស្ថាន​ដែល​ភាវៈ​មនុស្ស​កំពុងតែ​ពឹងផ្អែក​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com