ជាតិ
ក្រោយពលរដ្ឋត្អូញត្អែរ ក្រសួងជំរុញឱ្យក្រុមហ៊ុនទូរសព្ទចល័ត ប្រើប្រាស់លេខកូដរួម សម្រាប់ផ្តាច់ប្រព័ន្ធកាត់លុយស្វ័យប្រវត្តិ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
× ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដើម្បីអាចកាត់ផ្តាច់ប្រព័ន្ធកាត់លុយស្វ័យប្រវត្តិ។ ការរៀបចំដំណើរការប្រើប្រាស់លេខកូដរួមនេះ ធ្វើឡើងក្រោយពីពលរដ្ឋជាច្រើន បានត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន។ នេះបើតាមលិខិតក្រសួង កាលពីថ្ងៃទី២២ ឧសភា។
ក្រសួងប្រៃសណីយ៍ បានប្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយនោះ ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយខ្លួនឯង ហើយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
ជាមួយគ្នានេះក្រសួង ក៏ស្នើឱ្យពលរដ្ឋយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ដូចជាការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាសាស្ដ្រ សេវាស្ដាប់ ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយ មិនបញ្ចេញលេខ (Private Number) ជាដើម។
អ្នកប្រើប្រាស់ទាំងអស់ មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់។ នេះជាការអំពាវនាវរបស់ក្រសួងប្រៃសណីយ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com