អន្តរជាតិ
តើ​អ្វីដែល​បង្ក​ឲ្យ​មានប​ន្ទុះ​ភ្នំភ្លើង​?
24, May 2020 , 9:29 pm        
រូបភាព
​ប​ន្ទុះ​ភ្នំភ្លើង​ជា​បាតុភូតធម្មជាតិ​មួយ​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​សម័យកាល​នៃ​បុរេប្រវត្តិ​មក​ម្លេះ​។ វា​ជា​គ្រោះមហន្តរាយធម្មជាតិ​មួយ​ដែល​អាច​បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​បាន​យ៉ាងខ្លាំង ជាពិសេស​បើ​វា​មាន​វត្តមាន​នៅក្បែរ​ទីប្រជុំជន​រស់នៅ​របស់​មនុស្ស​។ នៅក្នុង​ឆ្នាំ​៧៩​ក្រោយ​គ្រិស្តសករាជ ភ្នំភ្លើង Vesuvius បាន​ផ្ទុះឡើង និង​បាន​កម្ទេច​ទីក្រុង Pompeii នៃ​ប្រទេស​អ៊ីតាលី​ទាំងស្រុង​។ នេះ​គឺជា​បាតុភូត​ប​ន្ទុះ​ភ្នំភ្លើង​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កត់ត្រា​។ បើ​ត្រលប់​មកកាន់​សំណួរ​ដើម​វិញ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មានប​ន្ទុះ​ភ្នំភ្លើង​?

 
​គេហទំព័រ thesun.co.uk របស់​ចក្រភព​អង់គ្លេស​បានលើកឡើង​ថា សព្វថ្ងៃ​មាន​ភ្នំភ្លើង​ប្រមាណ​ជា​១៥០០​កន្លែង​នៅ​កំពុង​ដែល​នៅ​សកម្ម​ក្នុងអំឡុង​រយៈពេល​១​ម៉ឺន​ឆ្នាំ​មកនេះ ដោយ​ជា​រៀងរាល់ខែ មាន​​ប​ន្ទុះ​ភ្នំភ្លើង​ចន្លោះ​ពី​៥០​ទៅ​៦០​ដង​កើតឡើង​ក្នុង​ពិភពលោក​។ ជារួម ប​ន្ទុះ​ទាំង​ឡើង​កើតមានឡើង​ដោយសារតែ​ការកើនឡើង​នៃ​សម្ពាធ​ដែលមាន​នៅ​ខាងក្រោម​ដី​។ 
 
​មូល​ហេតុដែល​កើតឡើង​ញឹកញាប់​ជាងគេ​គឺ​«​ចលនា​ផ្លាក​តិច​តូ​និ​ច​»​ដែលជា​ចលនា​យឺតៗ​(​តែ​ផ្ទុក​ថាមពល​ខ្លាំង​មហិមា​)​នៃ​ផ្ទាំង​ទ្វីប​ធំៗ​។ នៅពេលដែល​ផ្លាក​ទ្វីប​មាន​ចលនា​ទៅរក​គ្នា សង្កត់​លើ​គ្នា ទឹកសមុទ្រ ឬ​ស្រទាប់ដី​ផ្សេងៗ​អាច​ហូរ​ចូលទៅក្នុង​អាង​ម៉ាក​ម៉ា និង​ធ្វើ​ឲ្យ​ម៉ាក​ម៉ា​ទាំងនោះ​ហូរ​ចេញមកក្រៅ ដែលមាន​លក្ខណៈ​ខាប់ ស្អិត ដោយមាន​សីតុណ្ហភាព​រហូត​ទៅដល់​១​ពាន់​អង្សារ​សេ​។ 
 
​មូលហេតុ​មួយទៀត​គឺ​នៅពេលដែល​ផ្លាក​ទ្វីប​ពីរ​រំកិល​ចេញពី​គ្នា​។ បាតុភូត​មួយ​នេះ​អាចធ្វើ​ឲ្យ​ម៉ាក​ម៉ា​ហូរ​ចេញមកក្រៅ​យឺត​ដើម្បី​បំពេញ​ចន្លោះប្រហោង​ដែល​បាន​កើតមាន​នៅពេល​ផ្លាក​ទ្វីប​ទាំងពីរ​ញែក​ចេញ​។ ប​ន្ទុះ​បែបនេះ​អាចមាន​សីតុណ្ហភាព​រហូត​ទៅដល់​១២០០​អង្សារ​សេ​។ 
 
​មូលហេតុ​បន្ទាប់​គឺ​ការថយចុះ​នៃ​សម្ពាធ​ខាងក្រៅ​ភ្នំភ្លើង ដែល​ធ្វើ​ឲ្យ​សម្ពាធ​នៅ​ខាងក្នុង​ភ្នំភ្លើង​កើនឡើង​ខ្ពស់​ឆាប់រហ័ស​។ ព្យុះ​ទី​ហ្វុ​ង​អាចធ្វើ​ឲ្យ​ដី​នៅលើ​ភ្នំភ្លើង​សឹក​ហើយ​ស្តើង ចំណែកឯ​ការ​រលាយ​ទឹកកក​នៅលើ​ភ្នំភ្លើង​អាច​កាត់បន្ថយ​ទម្ងន់​ទឹកកក​ដែល​សង្កត់​លើ​ភ្នំភ្លើង​។ សម្ពាធ​ខ្សោយ​នៅ​ខាងក្រៅ​ភ្នំភ្លើង​នេះហើយ​ដែល​អនុញ្ញាត​ឲ្យ​ម៉ាក​ម៉ា​នៅ​ខាងក្នុង​ផ្ទុ​ចេញមក​បាន​។ 
 
​ភ្នំភ្លើង​ជាទូទៅ​កកើត​នៅតាម​ទីតាំង​ដែលមាន​ស្រទាប់ដី​ស្តើង​។ រវាង​ប​ន្ទុះ​នីមួយៗ​កំ​អែរ​ភ្នំភ្លើង​ក្តៅ​ដែល​ហូរ​ចេញមក ចុះ​ត្រជាក់​រួច​កក បង្កើតបានជា​ស្រទាប់​ភ្នំ​ថ្មីៗ​បន្តិច​ម្តង​។ គេ​ចែក​ភ្នំភ្លើង​ជា​បី​ប្រភេទ​គឺ​៖ 
 
Shield Volcano៖ វា​មាន​លក្ខណៈ​ទាប ហើយ​ទាល​។ ភ្នំភ្លើង​បែបនេះ​ឧស្សាហ៍​បង្កប​ន្ទុះ​តូចៗ តែ​យឺតៗ​។​
 
Stratovolcano៖ មាន​លក្ខណៈ​ស្រួច និង​ខ្ពស់ ហើយ​ភាគច្រើន​បង្កប​ន្ទុះ​ធំៗ​ហើយ​ខ្លាំង​។ 
 
Caldera Volcano៖ ជា​ប្រភេទ​ភ្នំភ្លើង​ដែលមាន​លក្ខណៈ​ដូចជា​អាង​ទន្លេ និង​មាន​លំហូរ​ម៉ាក​ម៉ា​យឺតៗ​។ វា​មាន​លក្ខណៈ​ដូចនេះ​គឺ​ដោយសារតែ​ការដួលរលំ​នៃ​កំពូល​ខាងលើ​ដោយសារតែ​សម្ពាធ​ខាងក្រៅ​មាន​កម្លាំង​ខ្លាំង​ជាង​ខាងក្នុង​៕

© រក្សាសិទ្ធិដោយ thmeythmey.com