អន្តរជាតិ
ឃ្លាំង​ធញ្ញជាតិ​Svalbard ៖​ការពារ​សុវត្ថិភាព​អាហារ​មនុស្ស​ពី​មហន្តរាយ​
24, May 2020 , 10:29 pm        
រូបភាព
​នៅក្នុង​ជម្រៅ​នៃ​ភ្នំ​គ្របដណ្តប់​ដោយ​ទឹកកក​នា​តំបន់​រង្វង់​អាកទិច ចន្លោះ​ប្រទេស​ណ័​រ​វ៉េ និង​តំបន់​ប៉ូល​ខាងជើង គឺជា​ឃ្លាំង​ដែល​ផ្ទុក​ធនធាន​យ៉ាងសំខាន់​មួយ​សម្រាប់​ការរស់រាន​មានជីវិត​របស់​មនុស្ស​ជាតិ​។ វា​មិនមែនជា​រ៉ែ​ធ្យូងថ្ម ឬ​លោហធាតុ​កំរ​នោះទេ​។ វា​គឺជា​គ្រាប់​ធញ្ញជាតិ​សម្រាប់​វិស័យ​កសិកម្ម​។ គ្រាប់​ធញ្ញជាតិ​រាប់លាន​គ្រាប់​ដែលមាន​ប្រភព​មកពី​រុក្ខ​ជាតិប្រមាណ​ជា​៩៣០​ពាន់​ប្រភេទ ត្រូវបាន​គេ​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​ពិសេស​មួយ​ដែលមាន​ឈ្មោះថា​«Global Seed Vault»​នៅ​តំបន់ Spitsbergen នៃ​ប្រជុំ​កោះ Svalbard របស់​ប្រទេស​ណ័​រ​វ៉េ​។ ឃ្លាំង​មួយ​នេះ​គឺជា​ទីតាំង​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ធំជាងគេ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ ដែល​គ្រាប់​ធញ្ញជាតិ​និ​មួយៗ​គឺជា​ប្រវត្តិ​នៃ​កសិកម្ម​របស់​មនុស្ស​តាំងពី​រយៈពេល​១៣​ពាន់​ឆ្នាំមុន​ម្លេះ​។

 
​គេហទំព័រ time.com បាន​បញ្ជាក់ថា Svalbard ជា​ប្រជុំ​កោះ​មួយ​ដែលមាន​លក្ខណៈ​ដាច់ស្រយាល​នៅក្នុង​អឌ្ឍគោល​ខាងជើង​នៃ​ភពផែនដី និង​ជា​កន្លែង​ពោរពេញ​ទៅដោយ​ទឹកកក​។ Global Seed Vault ត្រូវបាន​គេ​បង្កើតឡើង​ក្នុងការ​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ប្រភេទ នៅក្នុង​កាលៈទេសៈ​មហន្ត​រាយ​ដ៏​មហិមា​ណាមួយ​ដែល​អាច​កើតឡើង​នៅក្នុង​ពិភពលោក ដែលជា​រួម​នឹង​អាច​បំផ្លិចបំផ្លាញ​វិស័យ​កសិកម្ម​ជាច្រើន​កន្លែង​។​
 
​ប្រទេស​ជាច្រើន​ក្នុងនោះ​មានដូចជា ឥណ្ឌា ប៉ា​គី​ស្ថាន ម៉ិចស៊ិក និង​ស៊ី​រី បាន​បរិច្ចាគ​គ្រាប់​ធញ្ញជាតិ​ដែល​ខ្លួន​មានមក​កាន់​ឃ្លាំង​ផ្ទុក​គ្រាប់​ធញ្ញជាតិ​នេះដែរ នៅក្នុង​ខណៈពេលដែល​ប្រទេស​ទាំងនោះ​កំពុង​ជួប​ផលវិបាក​ទៅកាន់​វិស័យ​កសិកម្ម​របស់​ពួក​។ នៅ​ផ្លូវ​ចូល​នៃ​ឃ្លាំង​ផ្ទុក​គ្រាប់​ធញ្ញជាតិ ដែល​លយ​ចេញ​មកពី​ជើងភ្នំ​ទឹកកក គឺជា​ទ្វារធំ​មួយ​មាន​រាង​ជា​ចតុកោណកែង លេច​ចេញមក​យ៉ាងច្បាស់​ពី​តំបន់​នៅ​ជុំវិញ​វា​។ 
 
​អ្នកស្រី Bente Naeverdal ដែលជា​អ្នកគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​នោះបាន​លើកឡើងថា​៖«​ទីតាំង​នេះ​ត្រូវបាន​គេ​ជ្រើសរើស​ឡើង​គឺ​ដោយសារតែ​វា​នៅ​ឆ្ងាយ​ពី​តំបន់​ដែលមាន​សង្គ្រាម ឬ​តំបន់​អសន្តិសុខ​នានា​»​។ 
 
​ឃ្លាំង​នេះ​មាន​ជម្រៅ​ប្រមាណ​ជា​១៥០​ម៉ែត្រ​ចូលទៅក្នុង​ភ្នំ បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុងការ​ការពារ​គុណភាព​នៃ​គ្រាប់ពូជ​។ សព្វថ្ងៃ សាល​ចំនួន​១​ក្នុងចំណោម​សាល​ទាំង​៣​នៅក្នុង​ឃ្លាំង​នោះ​ត្រូវបាន​គេ​ប្រើប្រាស់​។ 
 
​ការផ្ទុក​គ្រាប់​ធញ្ញជាតិ​ច្រើន​ដូច្នេះ​គឺ​ដើម្បី​ធានា​សុ​វត្តិភាព​អាហារ​របស់​មនុស្ស​នៅក្នុង​ថ្ងៃ​អនាគត នៅក្នុង​ពេលវេលា​មួយ​ដែល​បរិស្ថាន សីតុណ្ហភាព សង្គ្រាម ការប្រែប្រួល​អាកាសធាតុ មានការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ក៏​ដូចគ្នា​ជាមួយនឹង​ការ​បង្កាត់​ពូជ​ពិសេសៗ​ដែល​អាច​ទប់ទល់​ជាមួយនឹង​បរិស្ថាន​លំបាកៗ​នានា​នៃ​ភពផែនដី​។ សព្វថ្ងៃ ឃ្លាំង​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ប្រមាណ​ជា​១៧០០​កន្លែង​នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ ក្រោយពី​ការចុះហត្ថលេខា​នៃ​«​កិច្ចព្រមព្រាង​គ្រាប់​ធញ្ញជាតិ​ពិភពលោក​»​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០០១​។ Svalbard Seed Vault ត្រូវបាន​គេ​ប្រើប្រាស់​ជា​ផ្លូវការ​ដំបូង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០៨៕ 

© រក្សាសិទ្ធិដោយ thmeythmey.com