ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
កញ្ញា សុទ្ធ បូ​ផា បង្កើត​បណ្ណាល័យ​ភូមិ ដើម្បី​ឲ្យ​កុមារ​ចូល​អាន​សៀវភៅ​ក្នុងអំឡុង​សាលា​បិទទ្វារ​
25, May 2020 , 7:59 am        
រូបភាព
​​កុមារ​នៅក្នុង​ភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្ត​សៀមរាប ​កំពុង​​អានសៀវភៅ​នៅក្នុងបណ្ណាល័យភូមិ។ រូបភាពពីកញ្ញា សុទ្ធ​ បូ​ផា
​​កុមារ​នៅក្នុង​ភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្ត​សៀមរាប ​កំពុង​​អានសៀវភៅ​នៅក្នុងបណ្ណាល័យភូមិ។ រូបភាពពីកញ្ញា សុទ្ធ​ បូ​ផា
ដោយ:
​ភ្នំពេញ​៖ កញ្ញា សុទ្ធ បូ​ផា និង​អ្នកភូមិ​ម្នាក់ទៀត ដែល​រស់នៅ​ក្នុងភូមិ​អា​រក្ស​ស្វាយ សង្កាត់​នគរធំ ខេត្តសៀមរាប បាន​បង្កើត​បណ្ណាល័យ​ភូមិ​មួយ សម្រាប់​ជា​កន្លែង​ឲ្យ​កុមារ​ដែល​គ្មាន​លទ្ធភាព​រៀន អាច​ស្វ័យ​សិក្សា និង​អាន​សៀវភៅ​បាន ក្នុងអំឡុងពេល​សាលារៀន​នីមួយៗ​ពន្យារពេល​សិក្សា​។

 
«​អាន គិត និង​អនុវត្ត​ដោយ​ឥតគិតថ្លៃ​»​ ជា​ពាក្យស្លោក​នៅលើ​ផ្ទាំង​បណ្ណាល័យ​ភូមិ​ «​អារក្ស​ស្វាយ​»​ ដែល​ទើបតែ​បើក​ដំណើរការ ​ឲ្យ​សិស្ស​ចូល​ស្វ័យ​សិក្សា និង​អាន​សៀវភៅ បាន​ត្រឹម​មួយ​សប្តាហ៍​កន្លងទៅនេះ  ដោយ​កំណត់​ត្រឹម​កុមារ​ក្រោម​១០​នាក់​ ឲ្យ​ចូល​អាន​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្នក្នុង​បណ្ណាល័យ​ភូមិ​នេះ ​មាន​សៀវភៅ​ប្រមាណ​៥៧៤​ក្បាល ដែលជា​សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ សៀវភៅពុម្ព និង​សៀវភៅ​កំណែ​គ្រប់​កម្រិត សៀវភៅ​ប្រលោមលោក និង​សៀវភៅ​ផ្នែក​កសិកម្ម​ផងដែរ​។ សៀវភៅ​ទាំងអស់នោះ ​គឺ​ប្រមូលបាន​ពី​សប្បុរជន ​ដែល​បាន​បរិច្ចាគ រួមទាំង​ថវិកា​ខ្លះ​ផង​។​
 
​កញ្ញា សុទ្ធ បូ​ផា ដែលមាន​គំនិត​បង្កើត​បណ្ណាល័យ​ភូមិ ជាមួយនឹង​អ្នកភូមិ​ម្នាក់ទៀត​នៅក្នុង​ភូមិ​អា​រក្ស​ស្វាយ សង្កាត់​អង្គរ​ស្វាយ ខេត្តសៀមរាប បាន​បញ្ជាក់ថា គោលបំណង​បង្កើត​បណ្ណាល័យ​នេះ គឺ​ចង់​ឲ្យ​កុមារ ដែល​គ្មាន​សម្ភារ​សម្រាប់​រៀន ​ក្នុងអំឡុងពេល​សាលា​បិទទ្វារ អាច​នាំគ្នា​មក​រៀន និង​អាន​សៀវភៅ​។ 


កញ្ញា សុទ្ធ បូផា អ្នក​​ផ្តួច​ផ្តើម​ឲ្យ​អ្នក​ភូមិ​ម្នាក់​បង្កើតបណ្ណាល័យ​ភូមិ «អារក្សស្វាយ»។ រូបភាពពីកញ្ញា សុទ្ធ​ បូ​ផា
 
​កញ្ញា បូ​ផា ដែល​កន្លងមក​ធ្លាប់​បង្កើត​បណ្ណាល័យ​ចល័ត​តាម​ភូមិ​ដែរនោះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​កូ​វីដ​ហ្នឹង​ ក្មេងៗ​អត់​បាន​ទៅ​សាលា​ទេ ក្មេងៗ​នៅតាម​ភូមិ និង​នៅតាម​ទី​ដាច់ស្រយាល ​គ្មាន​លទ្ធភាព​ប្រើប្រាស់​ទូរ​សព្ទ និង​គ្មាន​អ៊ីនធឺណិត​។ ដល់ពេល​យើង​គិត​ឃើញ​អ៊ីចឹងទៅ យើង​ក៏បាន​និយាយ​ជាមួយ​អ្នកភូមិ​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​។ គាត់​ក៏​ថា​ឲ្យ​បង្កើត​បណ្ណាល័យ​រួមគ្នា​ ជាមួយ​គាត់​ទៅ គាត់​ជួយផ្តល់​កន្លែង ផ្ទះ និង​ទី​ឆ្លា ដើម្បី​ធ្វើជា​បណ្ណាល័យ​។ គាត់​រីករាយ​មែនទែន សម័យ​គាត់​ គឺ​រក​សៀវភៅអាន​ តែ​មិនបាន​។ អ៊ីចឹង​គាត់​ស​ង្ឈឹ​ម​ថា​ក្មេងៗ និង​កូន​គាត់​នឹង​ខំរៀន និង​អាន​សៀវភៅ​ឲ្យ​ច្រើន​»​។  
 
​បើតាម​កញ្ញា បូ​ផា បណ្ណាល័យ​ភូមិ​មិន​ត្រឹមតែ​ជា​បណ្ណាល័យ​សម្រាប់​ឲ្យ​កុមារ​ ដែល​រស់នៅ​ក្នុងភូមិ​រៀន និង​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ ហើយក៏​ជាឃ្លាំង​សម្រាប់​តម្កល់​សៀវភៅ​បែប​កសិកម្ម សម្រាប់​ឲ្យ​អ្នកភូមិ​ ចូលមក​អាន​សៀវភៅ​បែប​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ដើម្បី​ឲ្យ​ពួកគេ​ចេះ​ជំនាញ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​ផងដែរ​។   
 
​កញ្ញា បូ​ផា ​គ្រោង​នឹង​កៀរគរ​រក​សប្បុរ​ជន ឲ្យ​បរិច្ចាគ​ជា​ថវិកា​បន្ថែម​ទៀត ដើម្បី​បង្កើតជា​បណ្ណាល័យ​ឌីជីថល ដើម្បី​ជា​មធ្យោបាយ​បណ្តុះ​សា្មរ​តី​ឲ្យ​ឪពុកម្តាយ​ ដែលមាន​ជីវភាព​ខ្វះខាត ហើយ​បង្ខំ​កូន​មិនឱ្យ​រៀន​ក្នុងអំឡុង​កូ​វីដ​-១៩​។​
 
​បើតាម​កញ្ញា បូ​ផា បណ្ណាល័យ​ឌីជីថល បំពាក់​ Wifi ឧបករណ៍​សម្រាប់​ចាក់​វីដេអូ​បង្រៀន​សិស្ស បង្កើតជា​ឌី​ស​វីដេអូ​ សម្រាប់​ចាក់ផ្សាយ​ដែល​អាច​ឲ្យ​កុមារ និង​កសិករ សិក្សា និង​អនុវត្តតាម និង​បណ្តុះបណ្តាល​អ្នកស្ម័គ្រចិត្ត​ ធ្វើជា​គ្រូបង្រៀន​សម្រាប់​កុមារ​ក្នុងភូមិ​ផងដែរ​។ ជាពិសេស កញ្ញា​ក៏​គ្រោង​នឹង​បង្កើត​បណ្ណាល័យ​នៅតាម​ភូមិ​ផ្សេងទៀត​ផងដែរ​៕ 


សកម្មភាព​កុមារ​នៅក្នុង​ភូមិអរក្សស្វាយ សង្កាត់អង្គរស្វាយ ខេត្ត​សៀមរាប ដែលកំពុងតែ​អានសៀវភៅ​នៅក្នុងបណ្ណាល័យភូមិ រូបភាពពីកញ្ញា សុទ្ធ​ បូ​ផា


សកម្មភាព​កុមារ​នៅក្នុង​ភូមិអារក្សស្វាយ សង្កាត់អង្គរស្វាយ ខេត្ត​សៀមរាប ដែលកំពុងតែ​អានសៀវភៅ​នៅក្នុងបណ្ណាល័យភូមិ។ ​រូបភាពពីកញ្ញា សុទ្ធ​ បូ​ផា


Tag:
 សុទ្ធ បុប្ផា​
 ​សៀវភៅ​
 ​បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com