ភ្នំពេញ៖ ធម្មតាក្រុមហ៊ុនមួយ មុននឹងចាប់ផ្ដើមបើកដំណើរការរកស៊ី ចាំបាច់ណាស់ត្រូវទៅចុះបញ្ជី ដើម្បីបញ្ជាក់ថាក្រុមហ៊ុននោះ ស្របច្បាប់រកស៊ីត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក៏មានក្រុមហ៊ុនមួយចំនួន ដែលបានផ្ដល់ជាសេវាកម្មចរាចរផលិតផល ដោយមិនបានសុំការអនុញ្ញាតឡើយ ហើយវាក៏ជាកត្ដាដែលជាហេតុនាំឲ្យមានជនខិលខូច ឆ្លៀតឱកាសជួញដូរផលិតផលខុសច្បាប់ គ្មានគុណភាពផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាងតាមដានកិច្ចសម្ភាសរវាង លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ មនិងអ្នកនាង ស៊ែម ម៉ូនីតា នៃសារព័ត៌មានថ្មីៗដូចតទៅ៖
អ្នកនាង ស៊ែម ម៉ូនីតា៖តើក្រុមហ៊ុនមួយ អាចចរាចរលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារបាន តើត្រូវមានអាជ្ញាប័ណ្ណអ្វីខ្លះទៅ?
លោក ស៊ាង ថៃ៖ក្រុមហ៊ុនមួយដែលស្របច្បាប់ ដំបូងបង្អស់ត្រូវចុះបញ្ជីពាណិជ្ជកម្មជាមុនសិន ប្រសិនផលិតផលគាត់មានBrand ដែលជារបស់ខ្លួនឯង ត្រូវចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្មមួយទៀត។ បន្ទាប់មក គាត់ត្រូវយកទៅចុះនៅក្រសួងស្ថាប័នពាក់ព័ន្ធទៀត។ ឧទាហរណ៍៖បើគាត់ចង់រកស៊ីខាងធនាគារ គាត់ត្រូវទៅសុំអាជ្ញាប័ណ្ណពីធនាគាជាតិ។ បើគាត់បើកកន្លែងកម្សាន្ត ត្រូវទៅសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍។ បើជាផលិតផលគ្រឿងសំអាង ឬថ្នាំពេទ្យ ត្រូវទៅសុំនៅក្រសួងសុខាភិបាល។
អ្នកនាង ស៊ែម ម៉ូនីតា៖ដូច្នេះបើក្រុមហ៊ុនលក់ផលិតផល ឬសេវា ចុះតែបញ្ជីពាណិជ្ជ មានន័យថា មិនទាន់អាចដំណើបាន ដោយស្របច្បាប់ទេមែនទេ?
លោក ស៊ាង ថៃ៖ ពិតជាខុសច្បាប់ ហើយយើងមិនអាចធានាគុណភាពបានឡើយ។ មួយវិញទៀត ក្រសួងពាណិជ្ជកម្ម មានតួនាទីត្រឹមចុះបញ្ជីតែប៉ុណ្ណោះ ប្រៀបបានទៅនឹងកូនដែលកើតមក ត្រូវទៅចុះសំបុត្រកំណើតអ៊ីចឹងដែរ។ ហើយធំឡើង គាត់ចង់ទៅធ្វើការអ្វី? នៅកន្លែងណា? ត្រូវទៅធ្វើខិលិតបញ្ជាក់នៅកន្លែងនោះបន្ថែម។
អ្នកនាង ស៊ែម ម៉ូនីតា៖ តើការចុះបញ្ជីពាណិជ្ជកម្មនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?
លោក ស៊ាង ថៃ៖ វាជាកាតព្វកិច្ច! បើការរកស៊ីនោះជាទ្រង់ទ្រាយធំ ជាទម្រង់ក្រុមហ៊ុននោះ ត្រូវតែទៅចុះបញ្ជីតាមផ្លូវច្បាប់។ លុះត្រាតែចុះបញ្ជីក្រុមហ៊ុននោះ អាចទៅសុំអាជ្ញាប័ណ្ណប្រកបរបរផ្សេងៗបាន។
អ្នកនាង ស៊ែម ម៉ូនីតា៖តើការចុះបញ្ជីនេះ ចុះតែម្ដងលក់គ្រប់មុខបានមែនទេ?
លោក ស៊ាង ថៃ៖ មិនមែននោះទេ!ការចុះបញ្ជី គឺចុះតែម្ដងមែនហើយ ប៉ុន្ដែការដែលគាត់ចង់លក់ ឬបម្រើសេវាកម្មអ្វី គឺត្រូវទៅសុំអាជ្ញាប័ណ្ណខាងនោះបន្ថែមទៀត។ ឧទាហរណ៍៖ក្រុមហ៊ុនមួយ គាត់មានអាជីវកម្មប្រាំដូចជា គ្រឿងសំអាងផង ធនាគាផង សំណង់ផង គឺគាត់ត្រូវតែទៅអាជ្ញាប័ណ្ណផ្នែកផ្សេងៗទៀត តាមក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
អ្នកនាង ស៊ែម ម៉ូនីតា៖ តើការចុះបញ្ជីពាណិជ្ជកម្មម្ដងៗ ប្រើរយៈពេលយូរប៉ុណ្ណា? រីឯការចំណាយទៅលើសេវាយ៉ាងណាដែរ?
លោក ស៊ាង ថៃ៖ ការចុះបញ្ជីគឺមិនប្រើពេលយូរទេ ព្រោះគេចុះតាមអនឡាញ។ ប្រសិនបើយើងចុះបានត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់នោះមិនយូរនោះទេ។ តែក៏មានអ្នកខ្លះយូរដល់ទៅកន្លះខែមួយខែ ក៏ព្រោះបំពេញមិនត្រឹមត្រូវវាលោតសញ្ញាក្រហម ក្នុងអ៊ីម៉ែល មិនបានមើលជាដើម។ រីឯការចំណាយសេវា អាស្រ័យទៅលើប្រភេទក្រុមហ៊ុន។ ហើយចំណូលសម្រាប់សេវា និងពន្ ធគឺបង់ចូលរដ្ឋ មិនមែនចូលក្រសួងពាណិជ្ជកម្មឡើយ។ បើក្រុមហ៊ុនបិទ ក៏ត្រូវទៅលុបអាជ្ញាប័ណ្ណនៅក្រសួងពាណិជ្ជកម្មដែរ ដើម្បីបញ្ឈប់ការបង់ពន្ធ។ មួយទៀតប្រសិនបើចង់ដឹងថា ក្រុមហ៊ុនមួយស្របច្បាប់ ឬអត់ អាចស្វែងរកក្នុងវេបសាយបាន ឱ្យតែដាក់ឈ្មោះត្រឹមត្រូវ៕