ភ្នំពេញ៖ ស្របពេលដែលប្រជាជនខ្មែរមួយចំនួន ងាកមកចាប់អារម្មណ៍លើការរកស៊ីតាមគ្នា លក្ខណៈជាបណ្ដាញទៅលើវិស័យនានា គេសង្កេតឃើញ មានអ្នកខ្លះជោគជ័យ ហើយក៏មានអ្នកបរាជ័យច្រើនដែរ។ អ្នកខ្លះក៏ស្អប់ពាក្យថាទីផ្សារជាបណ្ដាញនេះ រហូតលែងចង់ដឹងឮទៀតផង។ តើការបរាជ័យ ឬចាញ់បោកគេ ក្នុងទីផ្សារបណ្ដាញ(Network Marketing) ដោយសារហេតុផលអ្វីខ្លះ?
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងតាមដានបទសម្ភាស រវាងអ្នកនាង ស៊ែម ម៉ូនីតា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ឡីសុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារជាបណ្ដាញកម្ពុជា ដូចតទៅ៖
អ្នកនាង ស៊ែម ម៉ូនីតា៖ កន្លងមក មានពលរដ្ឋមួយចំនួន ត្អូញត្អែរពីការចូលជាសមាជិកលក់ផលិតផលទីផ្សារជាបណ្ដាញ ដូចជាការលក់មិនដាច់ និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យគាត់យល់ថា វាជារឿងបោកប្រាស់? តើវាជាការបោកប្រាស់ ឬយ៉ាងណា?
លោក ឡី សុភាព៖ តាមពិតទីផ្សារជាបណ្ដាញនេះ ខ្ញុំធ្លាប់បាននិយាយរួចម្ដងមកហើយថា វាមិនមែនជាការរកស៊ីបែបរឿងបោកប្រាស់នោះទេ តែជនអាក្រក់ទេ ដែលយកវាទៅធ្វើរឿងបោកប្រាស់។ ការធ្វើទីផ្សារជាបណ្ដាញនេះ មិនមែនទើបតែចាប់ផ្ដើមមាន ឬក៏មានតែប្រទេសយើងនោះទេ វាជារបៀបរកស៊ីមួយ ដែលមានតាំងតែពីបុរាណកាលមកម្ល៉េះ គ្រាន់តែពេលនេះ គេវិវត្តវាបែបបច្ចេកវិទ្យា មានប្រព័ន្ធគ្រប់គ្រងនៅលើកុំព្យូទ័រ។ ការចាញ់បោកនេះ ក៏មិនមែនចាញ់បោក តែនៅលើទីផ្សារជាបណ្ដាញតែមួយមុខនោះទេ វាមានវិស័យផ្សេងៗទៀតច្រើនគ្រាន់តែយើងមិនសូវផ្ដោតរឿងនេះ វាអាស្រ័យលើយើងតែប៉ុណ្ណោះ។
អ្នកនាង ស៊ែម ម៉ូនីតា៖ តើត្រូវធ្វើដូចម្ដេច ដើម្បីកុំឲ្យចាញ់បោកជនខិលខូចក្នុងវិស័យនេះ?
លោក ឡី សុភាព៖ រឿងនេះមិនពិបាកទេ សំខាន់បងប្អូនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍កុំទាំង៤។ កុំទាំង៤នោះរួមមាន៖ទី១ កុំធ្វើអ្វីដែលគ្មានវិជ្ជាជីវៈ គ្មានបទពិសោធន៍ គ្មានចំណេះជំនាញជាមូលដ្ឋាន។ ទី២ កុំបង្កគ្រោះថ្នាក់ដល់ការងារដែលខ្លួនធ្វើ (ធ្វើការដោយមិនគិតឱ្យបានស៊ីជម្រៅ ស្វែងយល់ឱ្យគ្រប់ជ្រុងជ្រោយ )។ ទី៣ កុំប្រកាន់គោលជំហរដាច់ខាតពេក (គ្មានស្ដាប់គេស្ដាប់ឯង មិនរកអ្នកប្រឹក្សា ខ្សោយទំនាក់ទំនង)។ ទី៤ កុំរុះស្ពានដែលខ្លួនដើរ (ដោយទិញអីវ៉ាន់មកទុករហូតហួសកំណត់,ខូចទំនាក់ទំនងជាមួយដៃគូរកស៊ី,ប៉ះពាល់ដល់អតិផិជនដែលប្រើ,ខូចឈ្មោះខ្លួនឯងពិបាកលក់ផលិតផ្សេងទៀត គេបាត់ទំនុកចិត្ត ឬខូចក្រេឌីត)។ ពិសេសគឺកុំលោភលន់ ដោយមិនពិចារណា។
អ្នកនាង ស៊ែម ម៉ូនីតា៖ កន្លងមក ខ្ញុំមើលឃើញមានការបណ្ដុះបណ្ដាលច្រើនគួរសមដែរ ពីការលក់លក្ខណៈជាបណ្ដាញ តែនៅតែអ្នកចូលរួមហើយ ពោលថាបោកប្រាស់ដដែល។ ត្រង់នេះ តើមកពីមូលហេតុអ្វី?
លោក ឡី សុភាព៖ បងប្អូនអាចមានការយល់ច្រឡំខ្លះ ត្រង់ចំណុចនេះ។ តាមពិត ការបណ្ដុះបណ្ដាលបងប្អូន ត្រូវមើលថាតើនរណា ជាអ្នកបណ្ដុះបណ្ដាល ជាក្រុមហ៊ុន ឬសមាគម។ បើជាក្រុមហ៊ុន នោះមិនមែនជាអ្នកជំនាញទេ អ្វីដែលគេបង្រៀន គឺភាគច្រើនគេបង្រៀន ឬនិយាយយ៉ាងណា ឱ្យតែយើងជឿ និងចូលរួមជាសមាជិករបស់គេ ទិញរបស់គេប៉ុណ្ណោះ។ ចំណែកឯសមាគម គឺគេបង្រៀនជាជំនាញ គ្រប់ចំណុចទាំងអស់ លម្អិតស៊ីជម្រៅ មិនលំអៀងនោះឡើយ ហើយក៏មិនមានគិតលុយអ្វីនោះដែរ។ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំ ហើយវាយតម្លៃរួម។ បើសិនបងប្អូនបានចូលរួមនោះ និងច្បាស់មិនងាយចាញ់បោក មនោគមវិទ្យាគេនោះឡើយ។
អ្នកនាង ស៊ែម ម៉ូនីតា៖ ដូច្នេះមុននឹងចូលរួមជាសមាជិកក្រុមហ៊ុនលក់ផលិតផលមួយ តើយើងត្រូវចេះអ្វីខ្លះ?
លោក ឡី សុភាព៖ ក្រោយចូលរួមវគ្គបណ្ដុះបណ្ដាល អ្វីដែលសមាគមនឹងបង្រៀន គឺមានច្រើន តែអ្វីដែលយើងត្រូវដឹងនោះ គឺមាន៤ចំនុចធំៗ។ ទី១ ត្រូវមើលប្រវត្តិអ្នកដែលជាម្ចាស់Brand នោះ ថាតើគាត់ជានរណា? មកពីណា?ធ្លាប់ធ្វើអ្វីខ្លះ? ល្អឬអាក្រក់? ទី២ ត្រូវមើលថាតើផលិតផលនោះ មានទទួលស្គាល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធណាខ្លះ? ទី៣ ត្រូវមើលលើផលចំណេញ តើផលចំណេញនោះសមាមាត្រគ្នាទេ រវាងអ្នកលក់ដុំ និងលក់រាយ និងម្ចាស់ក្រុមហ៊ុន? តែបើបូកផលចំណេញ ទៅលើពី១០០ភាគរយនោះ ប្រាកដជាមានបញ្ហាហើយ។ ទី៤ ត្រូវមើលតើផលិតផលនោះ ត្រូវជាមួយទីផ្សារ ឬអត់ (ត្រង់នេះសមាគមជាអ្នកវាយតម្លៃ)។
អ្នកនាង ស៊ែម ម៉ូនីតា៖ តើការដែលម្ចាស់ Brand ធ្វើទីផ្សារដោយបំភ័យ បំប៉ោង ឬហៅថានិយាយបែបមនោគមបញ្ចុះបញ្ចូល លើសពីការពិត នៃផលិតផលតើខុសឬទេ?
លោកឡី សុភាព៖ វាពិតជាខុសសម្រាប់វិជ្ជាជីវៈ តែសំខាន់គេបញ្ចុះបញ្ចូលយ៉ាងណា កុំឆាប់ភ័យ ឬជឿគេពេក។ ត្រូវរៀនឱ្យបានយល់ច្បាស់លាស់សិន មុនសម្រេចចិត្ត។ បើវាពិតជាងាយមែនគេ ធ្វើគ្រប់គ្នាហើយសូមពិចារណា៕