ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! បន្លែ​អ្វីខ្លះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ល្អ​ចំពោះ​សុខភាព​?
26, May 2020 , 6:59 am        
រូបភាព
​រាងកាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ជាប្រចាំ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ ការទទួល​ទាន​បន្លែ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​មិន​ត្រឹមតែ​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​ចោល​នូវ​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ផងដែរ​។ ហើយ​ការ​ទំពារ​បន្លែ​ដែលមាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​កាន់តែ​ប្រសើរ​ចំពោះ​អ្នក​ចង់​ស្រក​ទម្ងន់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បន្លែ​មួយចំនួន​ដែលជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ទឹក ៖

 
១. ត្រសក់​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​! ការ​ទទួលទាន​ត្រសក់​នឹង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ព្រមទាំង​ធ្វើឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​ទៀត​។ ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​វីតាមីន C ផងដែរ​។​
 
២. ឆៃថាវ​
 
​ក្រៅពី​ជាតិ​ទឹក​ខ្ពស់​ដល់​ទៅ ៩៥ ភាគរយ ឆៃថាវ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​ចំពោះ​សុខភាព​ស្បែក​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ បន្លែ​មើម​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ហើយ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ួ​ល​ឡើយ​។​
 
៣. ប៉េងប៉ោះ​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩៤ ភាគរយ ព្រមទាំង​សារធាតុ lycopene វីតាមីន C សារធាតុ carotenoids ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ល្អប្រសើរ​។​
 
៤. ម្ទេស​ប្លោក​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ​។ ការ​ទទួលទាន​ម្ទេសផ្លោក​ក៏​ល្អ​សម្រាប់​សម្រួល​ការរំលាយ​អាហារ​និង​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដោយ​វា​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅថា capsicum​។​
 
៥. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩១ ភាគរយ​។ ការទទួល​ទាន​បន្លែ​នេះ​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ sulfuric ដែល​ជួយ​បន្សាប​ជាតិពុល​ផ្សេងៗ​ផងដែរ​។ កាន់តែ​ពិសេស​នោះ គឺ​បន្លែ​ប្រភេទ cruciferous ដូច​ផ្កា​ខាត់ណា​ខៀវ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com