COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​ចិន ហៅ​ការប្ដឹង​ទារ​សំណង​ពី​ចិន​រឿង COVID-19 ជាការ​យល់សប្តិ​កណ្ដាល​ថ្ងៃ
25, May 2020 , 9:39 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។រូបភាពAFP
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។រូបភាពAFP
ដោយ:
​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បាន​រិះគន់​ការប្ដឹង​ទារ​សំណង​ពី​ចិន​ទាក់ទង​ការ​រាលដាល​ជំងឺ COVID-19 ដោយ​ចាត់ទុក​ការព្យាយាម​នេះ ជាការ​យល់សប្តិ​។ ទោះជា​យ៉ាងណា ប្រមុខ​ការទូត​ចិន​រូបនេះ ក៏​បញ្ជាក់​ជំហរ​ចិន​ម្ដងទៀត​ពី​ការបើកចំហ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​រក​ប្រភព​កូ​រ៉ូ​ណាវី​រុស ប៉ុន្តែ​ការស៊ើបអង្កេត​ទាក់ទង​នឹង​វីរុស​នោះ មិនត្រូវ​មានការ​ជ្រៀតជ្រែក​នយោបាយ​ឡើយ​។

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បានបង្ហាញ​ប្រតិកម្ម​ទៅនឹង​ការទាមទារ​ឲ្យ​ចិន​សងជំងឺចិត្ត​លើ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជំងឺ COVID-19 រាលដាល​ពេញ​ពិភពលោក​។ កាលពី​ខែមេសា​កន្លងទៅ រដ្ឋ​Missouri របស់​អាមេរិក​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​អាមេរិក ដើម្បី​ទារ​សំណង​ខូចខាត​សេដ្ឋកិច្ច​ពី​ចិន​។  
 
​ដោយ​ហៅ​រឿងក្តី​បែបនេះ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់ ប្រមុខ​ការទូត​ចិន​រូបនេះ និយាយថា ចិន សព្វថ្ងៃនេះ មិនមែន​ចិន​កាល​ពីមួយ​សតវត្សរ៍​មុន ហើយ​ពិភពលោក​ក៏​អញ្ចឹង​ដែរ​។ លោក​បន្ថែមទៀតថា​៖ «​បើសិនជា​អ្នក​ចង់​បំពាន​ទៅលើ​អធិបតេយ្យ និង​កិត្តិយស​របស់​ចិន​តាមរយៈ​ការ​ប្តឹងផ្តល់​គ្មាន​រើសមុខ និង​ជំរិត​ស​ម្ថិ​ផល​ដែល​ប្រជាជន​ចិន​ខំប្រឹងប្រែង​យ៉ាង​លំបាក ខ្ញុំ​ខ្លាច​ក្រែងតែ​វា​ជាការ​សុបិន​កណ្ដាល​ថ្ងៃ និង​ធ្វើ​ឲ្យ​បាក់មុខ​ខ្លួនឯង​ប៉ុណ្ណោះ​»​។​
 
​ដ្បិត​ទាត់ចោល​ការទារ​សំណង​ក្ដី លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ផង​នោះ នៅតែ​អះអាង​ពី​ជំហរ​ចិន​ក្នុង​ការរក​ប្រភព​វីរុស​ដែល​បង្ក​ទៅជា COVID-19 ។ «​ចិន បើកចំហរ​ក្នុងការ​ធ្វើការ​ជាមួយ​សហគមន៍​វិទ្យាសាស្ត្រ​អន្តរជាតិ ដើម្បី​ស្វែងរក​ប្រភព​នៃ​វីរុស​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ាង ដែល​បន្តថា ការស៊ើបអង្កេត​នេះ​គួរ​ណាស់​តែមាន​លក្ខណៈ​វិជ្ជាជីវៈ យុត្តិធម៌ និង​ស្ថាបនា​។ 
 
​បើតាម​ប្រមុខ​ការបរទេស​ចិន យុត្តិធម៌​មានន័យថា​ដំណាក់កាល​នៃ​ការស៊ើបអង្កេត គឺ​គ្មាន​ការជ្រៀតជ្រែក​នយោបាយ គោរព​អធិបតេយ្យភាព​ប្រទេស​ទាំងអស់ និង​កាត​ប្រឆាំង​ទៅនឹង​ការ​សន្ម​ត់​មុន​ថា​មានទោស​ជាស្រេច​។​
 
​សន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បានអនុម័ត​សេចក្តីសម្រេចចិត្ត នៅ​ថ្ងៃទី​១៩ ខែឧសភា ទាក់ទង​ទៅនឹង​ការពិនិត្យ​មើល​ការឆ្លើយតប​របស់​ជំងឺ COVID-19 ជា​លក្ខណៈ​អន្តរជាតិ ខណៈ​អាមេរិក និង​អូស្ត្រាលី​បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ប្រភពដើម​នៃ​ជំងឺឆ្លង​។ WHO ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​ចិន​អញ្ជើញ​ខ្លួន​ចូលទៅ​ស៊ើបអង្កេត​ផងដែរ​។ ប៉ុន្តែ​ចិន​លើកសំណើ​ថា ការពិនិត្យ​ការឆ្លើយតប​ជា​សកល​នេះ គួរ​ណាស់​តែ​ធ្វើឡើង​ក្រោយ​ជំងឺ​រាតត្បាត​បាន​ចប់សព្វគ្រប់​។​
 
​លោក វ៉ាង ក៏​វាយបក​ទៅ​អ្នកនយោបាយ​អាមេរិក​មួយចំនួន ដែល​ខិតខំ​ប្រឌិត​ពាក្យ​ចចាមអារ៉ាម​ពី​ប្រភព​នៃ​មេរោគ និង​ក្នុង​បំណង​មើលងាយ​លាប​ពណ៌​ចិន​។ អ្នកនយោបាយ​នោះ គ្មាន​នរណា​ក្រៅពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​តែង​ចោទ​ចិន​ថា​ខ្វះ​តម្លាភាព​លើ​បញ្ហា​ជំងឺ​នេះ និង​លើកឡើង​ឥត​ល្ហែ​ថា​កូ​រ៉ូ​ណាវី​រ៉ុ​សមាន​ប្រភពពី​មន្ទីរពិសោធន៍​កម្រិត​ខ្ពស់​របស់​ចិន​នៅ​វូ​ហាន​៕
 

Tag:
 ចិន​
  អាមេរិក​
 COVID-19
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com