កីឡាជាតិ
ជាតិ
ស្រួ​ង ភា​វី យក​ថវិកា​បាន​ពី​ការប្រកួត​ទៅ​បើក​ក្លិប​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នៅ​កូរ៉េខាងត្បូង​
26, May 2020 , 8:29 am        
រូបភាព
ដោយ:
​កីឡាការិនី​ជម្រើសជាតិ ស្រួ​ង ភា​វី ហាក់​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ម្ចាស់​ពានរង្វាន់​នារី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​រូបនេះ កំពុង​សាងសង់​ក្លិប​ស្នូកឃ័រ​ផ្ទាល់ខ្លួន​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​។ ការចង់​ផ្តល់ឱកាស​ឲ្យ​នារីៗ ពិសេស​ស្ត្រី​ខ្មែរ ដែល​រស់នៅ​ប្រទេស​កូរ៉េ បាន​ហ្វឹកហាត់ និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​ក្លាយជា​កីឡាការិនី​ឆ្នើម គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ ភា​វី បង្កើត​ក្លិប​នៅពេលនេះ​។

 
​ក្រោយ​ទទួលបាន​ជោគជ័យ​លើ​វិថី​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ កីឡាការិនី ស្រួ​ង ភា​វី ដែល​បាន​ចូលប្រឡូក​ក្នុង​វិស័យនេះ​នៅ​ឆ្នាំ​២០១៣ នឹងមាន​ក្លិប​ស្នូកឃ័រ​ផ្ទាល់ខ្លួន​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ កីឡាការិនី​មកពី​ខេត្ត​ត្បូង​រូបនេះ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្លិប​របស់ នាង សាងសង់​បាន​ប្រមាណ​៥០​ភាគរយ​ហើយ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះ​។ 
 
​មូលហេតុ ដែល​កីឡាការិនី ស្រួ​ង ភា​វី សម្រេច​បើក​ក្លិប​ប៊ីយ៉ា និង​ស្នូកឃ័រ​ផ្ទាល់ខ្លួន គឺ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​របស់ខ្លួន និង​ចង់​ឲ្យ​ផ្តល់ឱកាស​នារីៗ​គ្រប់​ជាតិ​សាសន៍ ពិសេស​ជនជាតិខ្មែរ ដែល​រស់នៅ​ប្រទេស​កូរ៉េ​បាន​ហ្វឹកហាត់ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​កីឡាការិនី​ឆ្នើម​នា​ថ្ងៃ​អនាគត​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក កីឡាការិនី​វ័យ​៣០​ឆ្នាំ​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​បើក​ក្លិប​ស្នូកឃ័រ គឺ​ចង់​ឲ្យ​បងប្អូន​ខ្មែរ​យើង​ទាំងអស់ ដែល​គាត់​មាន​ពេលទំនេរ​អាចមក​ហ្វឹកហាត់​កីឡា​នេះ ព្រោះ​នៅ​ប្រទេស​កូរ៉េ​កីឡា​នេះ​មានការ​រីកចម្រើន​ខ្លាំង​។ ខ្ញុំ​ចង់​ឲ្យ​កម្ពុជា​យើង​មាន​កីឡាករ​កីឡាការិនី​កាន់តែច្រើន ដូច​ខ្ញុំ​អ៊ីចឹង​មានតែ​ម្នាក់ឯង តែបើ​កម្ពុជា​យើង​មាន​កីឡាការិនី​ពូកែៗ​កាន់តែច្រើន កាន់តែ​ល្អ ព្រោះ​វា​អាចជួយ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​»​។  
 

កីឡាការិនី ស្រួង ភាវី ពេលចូលរួមប្រកួត និងទទួលបានជ័យលាភីកាលពីពេលកន្លងទៅ

​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ អះអាងថា ទីតាំង​ដែល​កំពុង​សាងសង់​ក្លិប​ប៊ីយ៉ា​និង​ស្នូកឃ័រ​ខាងលើ គឺ​នាង​ជួល​គេ​នោះទេ​។ ប៉ុន្តែ នាង មិនបាន​បញ្ជាក់​លម្អិត​ពី​រយៈពេល និង​តម្លៃ​ឈ្នួល​ក្នុង​ការជួល​ទីតាំង​នេះឡើយ​។ ក្លិប​នេះ​សាងសង់​លើ​ផ្ទៃដី​ជាង​៣០០​ម៉ែត្រការ៉េ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​។  
 
​បើតាម​ម្ចាស់​ពានរង្វាន់​នារី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​លើ​ប្រភេទ​កីឡា​ស្នូកឃ័រ​រូបនេះ ការសាងសង់​ក្លិប​នេះ គ្រោង​ចំណាយ​ថវិកា​ជាង​២០​ម៉ឺន​ដុល្លារ ដែល​ភាគច្រើន​ជា​ថវិកា​របស់​នាង ដែល​បានមកពី​ការប្រកួត​ផ្សេងៗ និង​ថវិកា​ស្វាមី​របស់​នាង និង​មួយចំនួនទៀត​បានមក​ពី​អ្នក​ឧបត្ថម្ភ​។​
 
​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​រូបនេះ បាន​អះអាងថា មុន​សម្រេចចិត្ត​បើក​ក្លិប​នៅ​ប្រទេស​កូរ៉េ នាង ធ្លាប់​មក​សិក្សា​ទីតាំងនៅ​កម្ពុជា​ជាច្រើនលើក​រួចមកហើយ ប៉ុន្តែ​ពុំមាន​ទីតាំង​។ សម្រាប់​ការបើក​ក្លិប​នៅ​ប្រទេស​កូរ៉េ ភា​វី ទទួលបាន​ការជួយ​គាំទ្រ​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​និង​ស្នូកឃ័​កូរ៉េ​។ តែ​យ៉ាងណា នាង នៅតែមាន​បំណង​ចង់​បើក​ក្លិប​នៅ​កម្ពុជា ប្រសិនបើ​ក្លិប​នៅ​ប្រទេស​កូរ៉េ​ទទួលបាន​ការគាំទ្រ​ខ្លាំង​។  
 

កីឡាការិនី ស្រួង ភាវី ពេលជួបជាមួយសម្តេច ហ៊ុន សែន កាលពីពេលកន្លអទៅ

​កីឡាការិនី ស្រួ​ង ភា​វី បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នៅ​ឆ្នាំ​២០១៣ ដោយ​ផ្តើមចេញពី​ការនាំ​របស់​ស្វាមី ជា​ជនជាតិ​កូរ៉េខាងត្បូង​។ ក្រោយ​ប្រឡូក​បានប្រមាណ ៥ឆ្នាំកីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី Asian Championship 3-Cushion Ladies​។ បន្ទាប់​ម​ម​នៅ​ឆ្នាំ​២០១៨ កីឡាការិនី​រូបនេះ ទទួលបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​តួ​ក​គី​។ នៅ​ឆ្នាំ​២០១៩ រូបគេ បន្ត​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។  
 
​ទោះបី​កីឡាការិនី ស្រួ​ង ភា​វី មាន​ស្វាមី​ជា​ជនជាតិ​កូ​រ៉ និង​បាន​ផ្លាស់​ពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏ដោយ តែ​រាល់​ភាពជោគជ័យ​នៅ​ឆាក​អន្តរជាតិ នាង តែង​តែង​លើក​ទង់ជាតិ និង​តំណាង​ឲ្យ​កម្ពុជា​ជានិច្ច​៕  
 
 

Tag:
 ស្រួ​ង ភា​វី​
  ប៊ីយ៉ា និង​ស្នូកឃ័រ​
© រក្សាសិទ្ធិដោយ thmeythmey.com