COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កំណត់​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ ឲ្យ​រួច​មុន​ខែមិថុនា បន្ទាប់មក​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​
26, May 2020 , 9:29 am        
រូបភាព
លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ​ (អង្គុយលើគ្រែ បង់កក្រមាក្រហម) ចុះពិនិត្យមើលដំណើរការកំណត់អត្តសញ្ញាណនៃគ្រួសារក្រីក្រ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ (រូបពីក្រសួងផែនការ)
លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ​ (អង្គុយលើគ្រែ បង់កក្រមាក្រហម) ចុះពិនិត្យមើលដំណើរការកំណត់អត្តសញ្ញាណនៃគ្រួសារក្រីក្រ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ (រូបពីក្រសួងផែនការ)
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញសេចក្តីជូនដំណឺង (ស.ជ.ណ) ក្នុងនាមរដ្ឋាភិបាល ​ជូនទៅ​គ្រប់​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ឲ្យ​ចុះទៅ​ជួយ​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​នៃ​គ្រួសារ​ក្រីក្រ​និង​ខ្វះខាត​នៅ​ទូទាំងប្រទេស​។ គ្រួសារ​ក្រីក្រ​និង​ខ្វះខាត ដែល​ត្រូវ​ស្រង់​ឈ្មោះ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​



​សម្តេច ស ខេង លើកឡើងថា រដ្ឋាភិបាល សម្រេច​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ ដែលមាន​បណ្ណសម​ធម៌ (​បណ្ណ​ក្រីក្រ​) រួចហើយ និង គ្រួសារ​ក្រីក្រ ដែល​អវត្តមាន​តាម​ជុំ​នៃ​ការប្រមូល​ទិន្នន័យ (​មិនទាន់​ចុះ​ក្នុង​បញ្ជី​ភាពក្រីក្រ​) រួមទាំង​គ្រួសារ​ខ្លះទៀត ដែល​ទើប​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​បាត់បង់​ចំណូល រហូត​ធ្លាក់ខ្លួន​ក្រីក្រ​។ 
 
​សម្តេច​រដ្ឋមន្ត្រី បន្ថែមថា រដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​រៀបចំ​និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម ក្នុងអំឡុង​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ មាន​ភារកិច្ច​ដ៏​សំខាន់​មួយ គឺ​ការកំណត់​អត្តសញ្ញាណ​នៃ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង ក្រុម​ជន​ដែល​ត្រូវការ​ការ​គាំពារ​ជា​ចាំបាច់​ផ្សេងទៀត​។ សម្តេច សង្កត់ធ្ងន់ថា​៖«​កិច្ចការ​គាំទ្រ​នេះ នឹងត្រូវ​ធ្វើ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ ចំពោះ​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន ឲ្យ​បាន​មុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០»​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភាពច្បាស់លាស់​និង​បំបាត់​ភាពមិនប្រក្រតី នៅពេល​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ សម្រេច​ជ្រើសរើស​បញ្ចូល​ក្នុង​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​ទទួលបាន​បណ្ណសម​ធម៌ សម្រាប់​ទទួលបាន​ប្រាក់​ឧ​បត​ម្ថ​ម្ភ ដែល​គ្រោង​អនុវត្ត «​នាពេលខាងមុខ​ឆាប់ៗ​នេះ​»​។ 
 
​តាមរយៈស.ជ.ណ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​មហាផ្ទៃ សរសេរ​ទៅកាន់​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត យ៉ាង​ដូច្នេះ​ថា​៖««​ដំណើរការ​រលូន​និង​ផ​លទ្ធផល​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លាភាព គឺជា​ជោគជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការផ្តល់សេវា​សង្គម​មាន​ប្រសិទ្ធភាព ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩ សំដៅ​ចូលរួម​សម្រាល​ការលំបាក​របស់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម​»​។​
 
​លោក មាស សុខ​សេន​សាន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៥ ខែឧសភា ថា មកដល់ពេលនេះ រដ្ឋាភិបាល មិនទាន់​កំណត់​ជា​ផ្លូវការ​នោះទេ​ថា គ្រួសារ​ក្រីក្រ​នីមួយៗ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប៉ុន្មាន​។ ម្យ៉ាងទៀត លោក ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ​ថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅពេលណា​។ 
 
​លោក គ្រាន់តែ​អះអាងថា ក្រសួង​សេដ្ឋកិច្ច ក៏​ចង់​ចាប់ផ្តើម​អនុវត្ត​ផែនការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ ឲ្យ​បាន​ឆាប់​ដែរៗ​។ លោក មានប្រសាសន៍ថា​៖«​ឆាប់​កាលណា ល្អ​កាល​នុ៎ង​»​។​
​យ៉ាងណា ការផ្តល់ប្រាក់​ឧ​ប​ន្ថ​ម្ភ​នេះ ទំនងជា​ចាប់ផ្តើម​អនុវត្ត នៅក្រោយ​ការ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​និង​ខ្វះខាត ដែល​រដ្ឋាភិបាល កំណត់ថា នឹង​ស្រង់​ឲ្យ​បាន​រួចរាល់​អស់ នៅមុន​ខែមិថុនា ឆ្នាំ​២០២០​។​
 
​បច្ចុប្បន្ននេះ ក្រសួងផែនការ កំពុង​ចុះទៅ​ស្រង់​ស្ថិតិប្រជាជន​ក្រីក្រ​និង​ខ្វះខាត​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​ប្រជាជន​ក្រីក្រ​និង​ខ្វះខាត ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា​។ 
 
​លោក តូច ចាន់នី អ្នកនាំពាក្យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​១៥ ខែឧសភា​ថា បច្ចុប្បន្ន អត្រា​អ្នកក្រីក្រ​នៅ​កម្ពុជា នៅសល់​ប្រមាណ​១០​ភាគរយ ដែល​ស្មើនឹង​ប្រមាណ​កន្លះ​លាន​នាក់​។ តែ​លោក សន្និដ្ឋានថា អ្នកក្រីក្រ​ជាក់ស្តែង អាចមាន​ចំនួន​ច្រើនជាង​នេះ ព្រោះ​អ្នកក្រីក្រ​ខ្លះ មិនមាន​បណ្ណ​ក្រីក្រ​ឡើយ​។  
​កន្លងមក ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​យុទ្ធនាការ​មួយ គឺ​ឲ្យ​មន្ត្រី ដើរចេញ​ស្បៀង ដូចជា អង្ករ​និង​ត្រីខ ជាដើម ដល់​ប្រជាជន​ក្រីក្រ​និង​ខ្វះខាត​។ 
 
​រដ្ឋាភិបាល​កម្ពុជា  បាន​ត្រៀម​ថវិកា​៨​រយ​លាន​ដុល្លារ ដល់​២​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​កើតឡើង ដោយសា​រវិ​វ​ប​ត្តិ​កូ​វីដ​១៩៕ 


 

Tag:
 COVIDI-19
  ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​
  ប្រាក់ឧបត្ថម្ក
© រក្សាសិទ្ធិដោយ thmeythmey.com