COVID-19
អន្តរជាតិ
លោក ឌូ​ទើ​តេ ទុកពេល​មន្ត្រី​១​សប្តាហ៍ យក​ពលករ​ជាប់​នៅ​បរទេស​មក​ស្រុកកំណើត​វិញ​
26, May 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ប្រភពរូប៖ការិយាល័យព័ត៌មានប្រធានាធិបតីហ្វីលីពីន)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (ប្រភពរូប៖ការិយាល័យព័ត៌មានប្រធានាធិបតីហ្វីលីពីន)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ សម្រេច​ទុកពេល​ឲ្យ​មន្ត្រីរដ្ឋបាល​លោក​មួយ​សប្តាហ៍​ដើម្បី​ដំណើរការ​នីតិវិធី​បញ្ជូន​ពលករ​ហ្វីលីពីន​ប្រមាណ ២៤០០០​នាក់ ដែល​ជាប់គាំង​រាប់​សប្ដាហ៍​លើ​នាវា​ទស​ចរណ៍ ឬ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​នៅ​បរទេស អាច​ត្រលប់មក​ស្រុកកំណើត​វិញ​បាន​។ 

 
«​លោក​ប្រធានាធិបតី បញ្ជាក់ថា ពួកគេ (​មន្ត្រី​) អាច​ប្រើប្រាស់​ធនធាន​រដ្ឋាភិបាល​ទាំងអស់ និង​មធ្យោបាយ​ធ្វើដំណើរ​បែបណាក៏ដោយ ដូចជា រថយន្តក្រុង យន្តហោះ នាវា ដើម្បី​ដឹក​ពលករ​ហ្វីលីពីន​នៅ​បរទេស​មក​ផ្ទះ​ពួកគេ​វិញ​»​។ អ្នកនាំពាក្យ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​២៥ ខែឧសភា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ពលករ​ហ្វីលីពីន​នៅ​បរទេស (OFWs) គឺជា​អ្នក​រកលុយ​ច្រើន​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ហ្វីលីពីន ហើយក៏​ជា​ក្រុម​ដែល​លោក ឌូ​ទើ​តេ យកចិត្តទុកដាក់​គាំទ្រ​ផងដែរ​។ ចំណូល​ជាង​៣០​ពាន់​លាន​ដុល្លារ​ដែល​ពួកគេ​បញ្ចូលមក​ប្រទេស​វិញ គឺជា​កម្លាំង​ស្នូល​ជំរុញ​សេដ្ឋកិច្ច​ហ្វីលីពីន និង​ផ្គត់ផ្គង់​ជីវភាព​សមាជិកគ្រួសារ​ពួកគេ​នៅ​ស្រុកកំណើត​រាប់លាន​នាក់​។​
 
​ក្រៅពី​ពលករ​ធ្វើការ​នៅ​បរទេស ពលករ​ហ្វីលីពីន​រាប់ពាន់នាក់​ទៀត កំពុង​ជាប់​លើ​នាវា​ទេសចរណ៍​ដែល​អណ្តែត​រសាត់​លើ​ឆ្នេរសមុទ្រ​ក្រុង​ម៉ានីល ឬ​ជាប់គាំង​ក្នុង​សណ្ឋាគារ និង​មណ្ឌល​សុខភាព​ដែលមាន​មនុស្ស​ណែនណាន់តាន់តាប់​។ អ្នកខ្លះ​បានធ្វើ​តេស្ត COVID-19 ហើយ​មាន​លទ្ធផល​អវិជ្ជមាន និង​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​កំណត់​១៤​ថ្ងៃ​រួចរាល់​។ ក៏ប៉ុន្តែ​ពួកគេ​ពុំទាន់​អាចមក​ស្រុក​វិញ​ព្រោះ​គ្មាន​ការសម្របសម្រួល​ពី​រដ្ឋា​ភិ​បាល​។ 
 
​ម្យ៉ាងទៀត រដ្ឋាភិបាល​ហ្វីលីពីន ក៏​កំពុង​ត្រៀមលក្ខណៈ​ទទួល​ពលក​រ​រាប់ម៉ឺន​នាក់​បន្ថែម​ត្រលប់មក​ប្រទេស​កំណើត​វិញ​ដោយសារ​ពួកគេ​បាត់បង់​ការងារ​នៅ​បរទេស ដ្បិត​ជំងឺ COVID-19 កំពុង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​។ 
 
​សូមបញ្ជាក់ថា  ពលរដ្ឋ​ហ្វីលីពីន​ជាង​៣​ម៉ឺន​នាក់ បាន​ត្រលប់មក​ប្រទេស​កំណើត​វិញ ហើយ​មនុស្ស​៥១៥​នាក់​ក្នុងចំណោម​អ្នកធ្វើ​តេស្ត COVID-19 សរុប ២៧០០០​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា​។ បច្ចុប្បន្ន ហ្វីលីពីន មាន​ករណី​ឆ្លង​សរុប​ជាង​១៤ ០០០​ករណី ខណៈ​អ្នក​ស្លាប់មាន ៨៦៨​នាក់​៕ 
 
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រូ​ហ្គោ ឌូ​ទើ​តេ​
  COVID-19
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com