ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Danny Kingad នឹង​សងសឹក Moraes និង Johnson ដើម្បី​ស្ដារ​មុខមាត់​ឡើងវិញ​
26, May 2020 , 8:59 am        
រូបភាព
បន្ទាប់ពី​ការចេញ​ចំណាត់ថ្នាក់​កីឡាករ​-​កីឡាការិនី​ប្រចាំ​សង្វៀន ONE Championship លើកដំបូង​អ្នកលេង​គុន​ចម្រុះ​វ័យក្មេង Danny “The King” Kingad គឺជា​កីឡាករ​ម្នាក់​ស្ថិតនៅក្នុង​ដំណើរ​មួយ​ខិតជិត​ឆ្ពោះទៅ​ជើងឯក ONE Flyweight World Championship​។


​ស៊ុប​ពើ​ស្ដារ​មកពី​ក្លិប Team Lakay ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ទម្ងន់ flyweight ដែលជា​សញ្ញាណ​មួយ​កាន់តែ​មានការ​ប្រកួតប្រជែង​ខ្ពស់​ទល់នឹង​គូប្រជែង​ពីររូប​ដែល​គេ​ធ្លាប់​ចាញ់​កន្លងទៅ​។ គេ​គ្រប់គ្នា​ច្បាស់​ជា​ចង់ឃើញ​ការ​ត្រឡប់មកវិញ​អមដោយ​ភាពខ្លាំង​នៅលើ​សង្វៀន របស់ "The King”​។ 
 
​ក្នុង​ទម្ងន់​នេះ​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano “Mikinho” Moraes កំពុង​ស្ថិតនៅ​កំពូល​តារាង ហើយ​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion វីរបុរស​អាមេរិក Demetrious “Mighty Mouse” Johnson គឺជា​គូប្រជែង​ដ៏​ខ្លាំងក្លា​។ 
 
​វា​មិនមែនជា​ភាព​ចៃដន្យ​នោះទេ ប៉ុន្តែ Kingad ធ្វើ​បានល្អ​ណាស់​ក្នុងការ​ប្រកួត​កន្លងទៅ​ក្នុងនោះ​ឈ្នះ ១៤ ដង និង​ចាញ់​ត្រឹម ២ ដង​ប៉ុណ្ណោះ​។  រូបគេ​បង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា​ចង់​សងសឹក​ជាមួយ​គូប្រជែង​ស្វិតស្វាញ Moraes និង Johnson នាពេល​ឆាប់ៗ​ខាងមុខ​។ 
 
Kingad បាន​ឲ្យ​ដឹងថា ៖«​ពួកគេ​ជា​គោលដៅ​របស់ខ្ញុំ​។ ពួកគេ​ជា​អ្នក​ដែល​ត្រូវ​វាស់វែង​កម្រិត​សមត្ថភាព​ក្នុង​ទម្ងន់​នេះ​។ ពួកគេ​សុទ្ធតែ​ធ្វើ​ឲ្យ​ខ្ញុំ​ចុះចាញ់​កន្លងទៅ​។ ដូច្នេះ រឿង​ពិត​គឺ​ចង់​ប៉ះ​ពួកគេ​ម្ដងទៀត​»​។ 
 



“The King” បាន​ប្រឈម​នឹង Moraes លើកដំបូង​ក្នុងការ​ប្រជែង​យក​ខ្សែក្រវាត់ ONE Flyweight World Title នៅ​សង្វៀន ONE: LEGENDS OF THE WORLD នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន កាល​ថ្ងៃទី ១០ វិច្ឆិកា ២០១៧​។ អ្នកជំនាញ​ជឺ​ជិត​ស៊ូ បាន​ប្រើ​ជំនាញ​របស់ខ្លួន​ផ្ដួល​កីឡាករ​មកពី​ក្រុង Baguio City ដើម្បី​គ្រង​ខ្សែក្រវាត់​ខាងលើ ប៉ុន្តែ The King ជឿជាក់ថា​រូបគេ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ល្អ​ជាង​មុន និង មាន​ភាព​ខុសប្លែកគ្នា​។ 
 
​កីឡាករ​ហ្វីលីពីន​បញ្ចេញ​ទស្សនៈ​ទៀតថា ៖«​ខ្ញុំ​គិតថា​បើ​ជួប Adriano ម្ដងទៀត ខ្ញុំ​នឹង​រៀបចំខ្លួន​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​ជាពិសេស​ក្បាច់​ការពារ​ការប៉ង​ផ្ដួល​របស់ខ្ញុំ និង ក្បាច់​ការពារ​ការប៉ង​បញ្ចប់​គូសត្រូវ​របស់ខ្ញុំ​។ ទាំងនេះ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​បន្ត​ភាព​រីកចម្រើន​។ ពេលណា​ដល់ពេល​ប្រយុទ្ធ ខ្ញុំ​ក៏​នឹង​សំលៀង​កម្លាំង​ដើម្បី​ធ្វើ​វា​ដែរ​។ ហើយ​ខ្ញុំ​នឹង​រក​ពេល​ដើម្បី​ផ្ដួល​គេ​ឲ្យ​សន្លប់​»​។ 
 
​គួរ​ដឹងថា Kingad ឈ្នះ ៧ លើក​ជាប់​គ្នា​ក្នុង​អាជីព​របស់ខ្លួន​មុនពេល​ចាញ់ “Mikinho” ជា​លើកដំបូង ត្រឹម​អាយុ ២១ ឆ្នាំ ហើយ​គ្រា​នោះគេ​មិនទាន់មាន​បទពិសោធន៍​លើ​ខ្លាំង​លើ​ក្បាច់​ចាប់ និង​ការពារ​ខ្លួន​ពី​សំណាក់​កីឡាករ​ប្រេ​ស៊ី​ល​នោះឡើយ​។ 
 
​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​បាន​រៀបរាប់​ទៀតថា ៖«​ខ្ញុំ​គិតថា​បទពិសោធន៍​គឺជា​កត្តា​ធំ​បំផុត​ព្រោះ​កាលនោះ​ទើប​ចូល ONE បាន​ពីរ​ឆ្នាំ​ហើយ​វា​បានធ្វើ​ឲ្យ​ខ្ញុំ​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ World Title  រួចជាស្រេច​ទៅហើយ​។ បើ​កើតឡើង​ម្ដងទៀត ខ្ញុំ​នឹង​បង្ហាញ​ក្បាច់​ថ្មីៗ​ជាច្រើន​ក្នុងការ​ប្រកួត​។ ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​តាំងពី​បរាជ័យ​លើកដំបូង​។ ខ្ញុំ​មានបទពិសោធន៍​ពី​ការជួប​គូប្រកួត​ជាច្រើន និង​ស្ទិល​ប្រកួត​ផ្សេងគ្នា​»​។ 
 
Kingad បង្ហាញ​ការតាំង​ចិត្ត​បែបនេះ ៖«​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន​។ ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​ស្ដែង​ឲ្យ​ឃើញ​តាមរយៈ​ការធ្វើការងារ​ខ្លាំងក្លា​អំឡុងពេល​ហ្វឹកហាត់ ការ​ផ្ដោតលើ​ជំនាញ និង​ការកែ​កំហុស​កន្លងមក​ជាដើម​»​។ 
 
​វា​កាន់តែ​មានបទពិសោធន៍​ពេល​រូបគេ​ជួប​ជើង​ខ្លាំង​ពី​អាមេរិក Johnson ពេល​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight World Grand Prix Championship នៅ​កម្មវិធី ONE: CENTURY នា​ក្រុង​តូ​ក្យូ កាល​ខែតុលា ឆ្នាំមុន​។ កីឡាករ​វ័យក្មេង​សញ្ជាតិ​ហ្វីលីពីន​រូបនេះ​ត្រូវបាន​គេ​វាយតម្លៃថា​ប្រកួត​បានល្អ​មុនពេល​ប្រកាស​លទ្ធផល​ចាញ់​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ 
 
Kingad បាន​សារភាពថា​មាន​ភាពភ័យខ្លាច​ពេល​ជួប​វីរបុរស​មកពី​អាមេរិក​។ «​នៅពេល​ប៉ះ DJ, ខ្ញុំ​បាន​ផ្លាស់ប្ដូរ​រឿង​ជាច្រើន​ជាពិសេស​ការប្រកួត​នៅ​ជំហរ​ដេក​។ គេ​ល្អ​ក្នុងការ​ប្រកួត​ដេក​ដូច​អ្វីដែល Moraes បានធ្វើ​ដែរ​។ ខ្ញុំ​ត្រូវ​ហាត់​ខ្លាំង​ក្នុង​ជំហរ​ដេក​ព្រោះ DJ ក៏​ល្អ​ចំពោះ​ក្បាច់​នេះ​។ ពេលនោះ​ខ្ញុំ​ក៏​រំភើប​ហួសពេក​ដែរ​។ ដូចនេះ ខ្ញុំ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ពេល​ជួបគ្នា​លើក​ក្រោយ​»​។ 

 
Kingad បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់នឹង Johnson ប៉ុន្តែ​វា​លំបាក​ណាស់​ដើម្បី​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់ World Champion ជើងចាស់​១២​សម័យកាល​មកពី​អាមេរិក​។ Kingad  លាតត្រដាង​ថា ៖«​ពេល​យើង​ជួបគ្នា​ម្ដងទៀត ខ្ញុំ​ត្រូវតែ​ដើរចូល និង​វ៉ៃ​ការពារ​ផង ហើយ​រក​ចន្លោះ​ដើម្បី​បញ្ចប់​រូបគេ​។ កាលណា​ការប្រកួត​កាន់តែ​ចំណាយពេល​យូរ នោះ​វា​កាន់តែ​លំបាក​តតាំង​ជាមួយ Johnson »​។ 
 
​ក្នុងការ​ប្រកួត​ចុងក្រោយ “The King” បាន​យកឈ្នះ “The Hunter” Xie Wei នៅក្នុង​កម្មវិធី ONE: FIRE & FURY កាល​ខែ មករា ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ ប៉ុន្តែ​ដោយសារតែ  COVID-19 គេ​មិនទាន់​កំណត់ពេល​ច្បាស់លាស់​ណាមួយ​សម្រាប់ “The King” ឡើង​ប្រកួត​វិញ​នោះឡើយ​។ 
 

 
 
Moraes និង Johnson អាច​នឹង​ប្រឈមមុខ​ដាក់គ្នា​ដើម្បី​ប្រជែង​ខ្សែក្រវាត់ ONE Flyweight World Championship ពេល​កម្មវិធី​បន្ត​ឡើងវិញ​នៅ​ឆ្នាំ ២០២០ នេះ​។ អ្នក​ទាំងពីរ​ត្រូវគេ​ទទួលស្គាល់ថា​ល្អមើល ហើយ​លទ្ធផល​អាច​នឹង​កៀក​កិត​គ្នា​។ បែបណា​ក្ដី ទោះ​មិនទាន់បាន​ជួប​កីឡាករ​ទាំងពីរ​នេះ​ឆាប់ៗ  បុរស​មកពី​ក្លិប Team Lakay ក៏​នៅតែ​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​ដែរ​។ 
 
«​ខ្ញុំ​សប្បាយចិត្ត​ក្នុង​បទសម្ភាសន៍​នេះ​។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​រីកចម្រើន​ច្រើន និង​ផ្លាស់ប្ដូរ​ច្រើន​។ 
 
​កាល​ជួប Moraes ខ្ញុំ​មិនទាន់មាន​បទពិសោធន៍​ច្រើន​ទេ​។ ដូច្នេះ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​»៕

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com