ភ្នំពេញ៖ អ្នកស្រី ស្រ៊ុន សុខលីម ជាម្ចាស់ភោជនីយដ្ឋាន Eleven One Kitchen ដែលត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានដែលមិនប្រើប្រាស់ប្លាស្ទិក។ ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ មានជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធ្លាប់បម្រើការងារឲ្យគេជាង១០ឆ្នាំ មុនមានគំនិតបើកអាជីវកម្មដោយខ្លួនឯង នៅក្នុងឆ្នាំ២០១៤។ បច្ចុប្បន្ន Eleven One Kitchen មានពីរសាខាមួយនៅទួលទំពូង និងមួយទៀតនៅបឹងកេងកង១ កណ្តាលរាជធានីភ្នំពេញ។
អ្នកស្រី សុខលីម ដែលកាត់សក់ខ្លីវាលក និងស្លៀករ៉ូបវាលក្លៀកពណ៌ខ្មៅយ៉ាងសាមញ្ញ ពន្យល់ថា មូលហេតុដែលអ្នកស្រី សម្រេចមកបើកភោជនីយដ្ឋាននេះ ដើមឡើយគឺគ្រាន់តែចង់ឲ្យវាក្លាយជាកន្លែងមួយ ដែលផ្តល់ជូនម្ហូបអាហារដែលមានអនាម័យ គុណភាព គិតគូរពីសុខភាពអតិថិជន។ ម្យ៉ាងដោយសារធ្លាប់ធ្វើការជាមួយថៅកែជនជាតិបរទេស ដែលស្អប់ការចោលសំរាមផ្តេសផ្តាស ជាពិសេសការប្រើប្រាស់ប្លាស្ទិកនោះ អ្នកស្រីសុខលីម ក៏បាន បញ្ជូលគំនិតបរិស្ថាននេះ នៅក្នុងភោជនីយដ្ឋានរបស់ខ្លួន។
អ្នកស្រី សុខលីម ពន្យល់បន្ថែម៖«កាលពី៦-៧ ឆ្នាំមុន ពេលចេញទៅហូបម្ហូបនៅខាងក្រៅ ពិបាកមែនទែន ក្នុងការរកម្ហូប ឬកន្លែងណាដែលយើងទុកចិត្ត ព្រោះនៅជាមួយបរទេស គាត់យល់ច្រើនទាក់ទងនឹងអនាម័យ។ ពេលយើងចូលទៅបន្ទប់ទឹក គឺស្អាត ហើយម្ហូបអី គឺគេគិតខ្វល់។ កាលនោះ អ្នកធ្វើរឿងហ្នឹងមានតិច។ អីចឹងខ្ញុំក៏គិតថា ខ្ញុំគួរតែជាថៅកែខ្មែរ ដែលយើងគិតដល់រឿងហ្នឹង ហើយយើងគិតគូរពីបរិស្ថាន ដោយការប្រើប្រអប់ពីកាកអំពៅហ្នឹង។ អីចឹង ក៏ចាប់ផ្តើមបើកភោជនីយដ្ឋានហ្នឹងទៅ»។
ក្រៅពីមានភាពរួសរាយរាក់ទាក់ និងឫកពារសាមញ្ញ អ្នកស្រី សុខលីម ក៏ជាមនុស្សពូកែនិយាយផងដែរ។ តាមរយៈការជជែកលេងជាមួយអតិថិជនរបស់ខ្លួននេះឯង ធ្វើឲ្យអ្នកស្រី ទទួលបានគំនិតថ្មីៗ និងរៀនសូត្របន្ថែមទៀតពីចំណូលចិត្តអតិថិជន ហើយបានយកមកអភិវឌ្ឍន៍ភោជនីយដ្ឋានរបស់ខ្លួន។
ពីការខ្ចប់អាហារដោយប្រអប់ធ្វើពីកាកអំពៅ ទៅជាគោលការណ៍បន្ថយការប្រើប្លាស្ទិក
ដំបូងឡើយ អ្នកស្រី ស្រ៊ុន សុខលីម បានចាប់ផ្តើមបើកដំណើរការភោជនីយដ្ឋានរបស់ខ្លួន ដោយផ្តោតលើអនាម័យជាចម្បង។ ការចូលរួមថែបរិស្ថានជារឿងបន្ទាប់បន្សំ និងបានចាប់ផ្តើមជាមួយការប្រើប្រអប់កាកអំពៅ សម្រាប់ខ្ចប់អាហារជូនភ្ញៀវ។ ការណ៍នេះ បានធ្វើអ្នកស្រី ទទួលបានសរសើរមិនដាច់ពីមាត់ ពីអតិថិជនរបស់ខ្លួនដែលភាគច្រើនជាជនជាតិបរទេស។ បន្តបន្ទាប់មក ភោជនីយដ្ឋានរូបនេះ ក៏បានយល់ដឹងកាន់តែច្រើន ពីផលប៉ះពាល់នៃប្លាស្ទិក ទៅដល់បរិស្ថាន ហើយគាត់ក៏បានកំណត់គោលការណ៍ឲ្យបុគ្គលិករបស់ខ្លួន កាត់បន្ថយការប្រើប្លាស្ទិកឲ្យបានច្រើន តាមដែលអាចធ្វើបាន។ ចំណែកអ្នកផ្តត់ផ្គង់ ក៏ត្រូវប្រើស្លឹកចេក ស្លឹកឈូក កញ្ច្រែង ឬកំប្រោងជាដើម ដើម្បីដាក់ និងវេចខ្ចប់បន្លែ ត្រី សាច់ជាដើមនោះ មកកាន់ភោជនីយដ្ឋានរបស់ខ្លួន។
អ្នកស្រី សុខលីម ក៏ព្យាយាមបញ្ជ្រាបគំនិតបរិស្ថាននេះទៅដល់បុគ្គលិក និងអតិថិជន តាមរយៈការដាំដើមឈើ វល្លិ៍ និងរុក្ខជាតិបៃតង នៅពេញបរិវេណហាងផងដែរ។ រហូតមកដល់ពេលនេះ ភោជនីយដ្ឋានរបស់អ្នកស្រី បានក្លាយជាទីតាំងទទួលទានអាហារ ដែលមិនប្រើប្រាស់ប្លាស្ទិក និងលម្អដោយបរិយាកាសបៃតង ហើយ វាក៏ជាអត្តសញ្ញាណរបស់ភោជនីយដ្ឋានដែរ។
ប៉ុន្តែ ទម្រាំអាចបញ្ជ្រាបគំនិតបរិស្ថានដល់បុគ្គលិកឲ្យយល់នោះ អ្នកស្រី សុខលីម ថាមិនមែនជារឿងងាយប៉ន្មានដែរ។ «មុនដំបូងគឺពិបាក។ អ្វីដែលពិបាកជាងគេ គឺធ្វើការជាមួយបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់យើង។ ពេលយើងប្រាប់ថា កុំប្រើប្លាស្ទិក គាត់អត់យល់ថាអាហ្នឹងជាស្អីទេ។ ដោយសារខ្ញុំស្គាល់ភ្ញៀវខ្ញុំច្រើនដែលគេយល់ពីអាហ្នឹង ហើយខ្ញុំមានមិត្តភក្តិជនជាតិបរទេស គាត់ក៏ណែនាំខ្ញុំឲ្យបណ្តុះបណ្តាលបុគ្គលិកទាក់ទងនឹងអាហ្នឹងទៅ(ប្លាស្ទិក)? អីចឹង ខ្ញុំបានហៅគាត់ឲ្យមកបង្រៀនបុគ្គលិកខ្ញុំ ពីថាតើប្លាស្ទិកហ្នឹងវាប៉ះពាល់អីគេខ្លះ? ពេលដំបូងហ្មង ពិបាកមែនទែន ប្រាប់ថាកុំឲ្យប្រើប្លាស្ទិក គាត់នៅតែប្រើ។ គ្រាន់តែឲ្យចែកសំរាមក៏ពិបាកដែរ។ និយាយថ្ងៃហ្នឹង ស្អែកដដែល។ បន្ទាប់ពីបណ្តុះបណ្តាលហើយ មិនបាច់និយាយទៀតទេ បុគ្គលិកខ្ញុំគាត់យល់តែម្តង»។ នេះជាការពន្យល់ របស់អ្នកស្រី ស្រ៊ុន សុខលីម។
អ្នកស្រី សុខលីម៖ ការថែរក្សាបរិស្ថាន គឺចាប់ផ្តើមពីចេញពីយើង
ដើមឡើយ ការបដិសេធប្លាស្ទិក ស្ទើរគ្រប់សកម្មភាពប្រចាំថ្ងៃ មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ សម្រាប់អ្នកស្រី សុខលីម។ អ្នកស្រី ត្រូវប្រឈមនឹងការរអ៊ូរទាំពីសមាជិកគ្រួសារ ក៏ដូចជាការហួសចិត្តពីមនុស្សជុំវិញ។ ក៏ប៉ុន្តែដោយសារការតាំងចិត្តយ៉ាងឥតងាករេ ចំពោះគោលការណ៍របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ សព្វថ្ងៃស្ត្រីរូបនេះ ក្លាយជាគំរូសម្រាប់អ្នកផ្ទះរបស់ខ្លួន សាច់ញាតិ និងបុគ្គលិកប្រមាណ៥០នាក់វិញ ក្នុងការមិនប្រើប្រាស់កុំប្លាស្ទិកនេះ។ អ្នកស្រី ថ្លែងទាំងញញឹមដូច្នេះ៖«មកដល់ឥឡូវ ខ្ញុំមានបុគ្គលិកខ្ញុំខ្ទង់៥០នាក់ ហើយ៨០-៩០ភាគរយ ដែលគាត់យល់ពីអាហ្នឹង(ការប្រើប្លាស្ទិក)។ ដូចខ្ញុំអីចឹង! ខ្ញុំតែម្នាក់ ខ្ញុំធ្វើឲ្យបុគ្គលិកខ្ញុំ៥០នាក់យល់ ហើយខ្ញុំអ្នកផ្ទះខ្ញុំជាង១០នាក់ កុំឲ្យប្រើប្លាស្ទិក។ ចុះបុគ្គលិកខ្ញុំ៥០នាក់ គាត់នឹងទៅ ពន្យល់គ្រួសារគាត់ជាច្រើនទៀត...»។
ក្រៅពីនេះ អ្នកស្រី សុខលីម ចង់ពង្រីកសាខាភោជនីយដ្ឋានរបស់ខ្លួនឲ្យបានតែច្រើន ដើម្បីធ្វើជាភោជនីយដ្ឋានគំរូ ដោយមិនប្រើប្រាស់ប្លាស្ទិកផង ហើយក៏រួមចំណែក អប់រំបុគ្គលិកឲ្យបានកាន់តែច្រើន ឲ្យពួកគាត់ពីគុណវិបត្តិនៃការប្រើប្លាស្ទិកទៅដល់បរិស្ថានដែរ៕