ជាតិ
ចាប់បាន​អ្នកកាសែត​ជាង​១០​នាក់​នៅ​កន្លែង​បញ្ជល់មាន់​មួយ​....!
26, May 2020 , 11:38 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ទៅធ្វើ​បទ​យកការណ៍​? ទៅ Live ផ្ទាល់​? ឬក៏​ជា​ចាំ​យក​កម្រៃ​ពី​វង់ល្បែង​? ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​ខណ្ឌមានជ័យ​នៅ​កន្លែង​បញ្ជល់មាន់ និង​ចាក់​អាប៉ោង កាលពី​ថ្ងៃទី​២៤ ខែឧសភា កន្លងមក ចាប់បាន​អ្នកកាសែត​ដល់​ទៅ​១៣​នាក់ ក្នុងចំណោម​ជនសង្ស័យ​២៧​នាក់​។​

 
​រូបថត បណ្ណសារ​ព័ត៌មាន និង​នាម​បណ្ណ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។ អ្នក​ទាំងនោះ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការបើក​កន្លែង​បញ្ជល់មាន់ និង​ចាក់​ល្បែង​អាប៉ោង​១​កន្លែង​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២៧​នាក់ ដែល​ក្នុងនោះ​មាន​១៣​នាក់​ជា​អ្នកកាសែត​។​
 
​ហេតុអ្វី​បាន​មាន​វត្តមាន​អ្នកកាសែត​នៅ​វង់ល្បែង​? អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​អះអាងថា ក្រសួង​កំពុង​ពិនិត្យ​លើ​ករណីនេះ​។ «​ការប្រព្រឹត្ត​ខុស​ទៅលេង​ល្បែង គឺជា​រឿង​បុគ្គល បើ​រកឃើញថា ពួកគាត់​ប្រព្រឹត្ត​ខុសច្បាប់ សូម​សមត្ថកិច្ច​អនុវត្តតាម​នីតិវិធី​ច្បាប់​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស សុ​ភ័​ណ្ឌ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​បន្ថែមថា ក្រសួង និង​ក្រុមការងារ​ជំនាញ បន្ត​ពិនិត្យ​លើ​ករណី​ទាំងមូល មុននឹង​ឈានដល់​ចំណាត់ការ​ផ្លូវការ​ណាមួយ​ផ្នែក​កំហុស​វិជ្ជាជីវៈ​។​
 
ប្រតិបត្តិ​ការបង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា សមត្ថកិច្ច​ក៏​ចាប់បាន​វត្ថុតាង​ផ្សេងទៀត ក្នុងនោះ​មាន​មាន់​ឈ្មោល​៥​ក្បាល (​ងាប់​២​ក្បាល​) ឧបករណ៍​សម្រាប់​ភ្នាល់​អាប៉ោង ឧបករណ៍​សម្រាប់​មាន់ ទូរ​សព្ទ​ដៃ ម៉ូតូ និង​វត្ថុតាង​ផ្សេងទៀត​។​
 
​លោក ម៉េង វិមាន​តារា បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​លើ​ជនសង្ស័យ​ទាំង​២៧​រូប ក្នុងនោះ​មាន​១៣​រូប មានប​ណ្ឌ​សារព័ត៌មាន​៕

Tag:
 អ្នកកាសែត​
  បញ្ជល់មាន់
© រក្សាសិទ្ធិដោយ thmeythmey.com