ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន ហាម​ស្នងការ​ទាំងអស់​អនុវត្ត​ច្បាប់​ចរាចរណ៍ ខុស​គោលការណ៍​កំណត់ ជា​លើកចុងក្រោយ​
26, May 2020 , 12:00 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​លោក នេ​ត សាវឿន បាន​បញ្ជា​ឱ្យ​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​អនុវត្ត​ច្បាប់​ចរាចរណ៍ តាម​គោលការណ៍​កំណត់​។ លោក នេ​ត សាវឿន ក៏បាន​ព្រមាន​ការដាក់ពិន័យ​ដល់​ស្នងការ​ណា ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​ដែរ​។​

 
​តាមរយៈ​សារ​ជា​សំឡេង​ដែល​បាន​បែកធ្លាយ​មួយ លោក នេ​ត សាវឿន បាន​ហាម​ស្នងការ​ទាំងអស់ មិនត្រូវ​ដាក់​បា​រ៉ា​ស់ ដើម្បី​ស្ទាក់ចាប់​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតា ដោយ​ពុំមាន​ខុស​នឹង​បទល្មើស​ច្បាប់​នោះទេ​។ បម្រាម​របស់លោក នេ​ត សាវឿន នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ខ្លះ ថ្នាំងថ្នាក់​ចំពោះ​នគរបាល​ចរាចរណ៍​មួយចំនួន ដែល​បានដាក់​បា​រ៉ា​ស់​ឃាត់​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ ក្រោម​ហេតុផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើទោះបីជា​ម្ចាស់​រថយន្ត​នោះ បើកបរ​ធម្មតា ដោយ​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ​ក៏ដោយ​។​
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ស្នងការ​រាជធានី​-​ខេត្ត និយាយ​គ្នា​ឡើងវិញ​ចុងក្រោយ ទី​១ ឈប់​ដាក់​ប៉ា​រ៉ា​ស់​តាមផ្លូវ ចេះ​ការពារ​ខ្លួនឯង​យ៉ាងម៉េច ហៅ​ឡាន​យ៉ាងម៉េច​ការពារ​ខ្លួនឯង​ទៅ​…​។ ទី​២ បាន​និយាយ​ច្បាស់​ជាមួយគ្នា​ហើយ ថា​ទាល់តែ​(​អ្នកបើកបរ​)​ល្មើស​ចាំ​ហៅ​គេ​(​ពិនិត្យ​) មិនមែន​ហៅ​គេ​ពិនិត្យ​ទេ ទាល់តែ​ល្មើ​សបាន​យើង​ហៅ​គេ​»​។​
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ឃឿន បាន​បញ្ជាក់ថា អគ្គស្នងការ ពិតជា​បាន​ក្រើនរំឭក​បែបនេះ ទៅកាន់​ស្នងការ និង​មន្ត្រីនគរបាល​រាជធានី​-​ខេត្ត ពិតមែន​។ ត្រង់ចំណុច​នេះ​លោក គឹម​ឃឿន បាន​ពន្យល់ថា មន្ត្រីនគរបាល​ចរាច​រណ៍​ដាក់​ប៉ា​រាស់​ពិនិត្យ​យានយន្ត​តាម​គោលដៅ​នីមួយៗ​នោះ គឺ​មិន​ខុសច្បាប់​នោះទេ ព្រោះ​វា​ជា​តួនាទី​របស់​ពួកគេ ក្នុងការ​ពិនិត្យ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ។​ប៉ុន្តែ​គ្រាន់តែ​ការអនុវត្ត​របស់​មន្ត្រី​ខ្លះ វា​លើសពី​គោលការណ៍​កំណត់​បន្តិច ដោយ​ពួកគេ​ឃាត់​រថយន្ត​ទាំងអស់​សាកសួរ អំឡុងពេល​បើកបរ​តាមផ្លូវ ទើប​ធ្វើឱ្យ​អគ្គស្នងការ​នគរបាល ក្រើនរំឭក​ជាថ្មី​នេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖«​គាត់​(​មន្ត្រីនគរបាល​ចរាច​រណ៍​)​ធ្លាប់ធ្វើ​លើស​(​គោលការណ៍​)​បានជា​យើង​ណែនាំ​។ បើ​គិតពី​ច្បាប់​គឺ​ពួកគាត់​អត់​ខុស​ទេ ប៉ុន្តែ​គាត់​ខុសពី​គោលការណ៍​ណែនាំ​»​។​
 
​កន្លងមក​នគរបាល​ចរាចរណ៍ បានកំណត់​យក​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ ដើម្បី​មក​អនុវត្ត​ក្នុងនោះ​មាន​បទល្មើស​ម៉ូតូ​ចំនួន​៧ និង​បទល្មើស​បើកបរ​រថយន្ត​ចំនួន​៩​។ បទល្មើស​ម៉ូតូ​ចំនួន​៧ ដែល​នឹង​អនុវត្ត​លើ​ទោចក្រយានយន្ត​នោះ​រួមមាន​៖ ទី​១៖ មិន​ពាក់មួក​សុវត្ថិភាព​, ទី​២៖ ស្រវឹង​, ទី​៣៖ មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ទី​៤៖ ល្មើស​ការបត់ និង​វ៉ា​ជែង​, ទី​៥៖ ដឹក​លើ​ចំណុះ​, ទី​៦៖ គ្មាន​ស្លាក​លេខ និង​ទី​៧៖ ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ 
 
​ដោយឡែក​បទល្មើស​រថ​យន្ត​ទាំង​៩ រួមមាន​៖ ទី​១៖ ល្បឿន​, ទី​២៖ ស្រវឹង​, ទី​៣៖ គ្មាន​បណ្ណ​បើកបរ​, ទី​៤៖ មិន​គោរព​ភ្លើង​សញ្ញា​, ទី​៥៖ ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, ទី​៦៖ មិន​ពាក់​ខ្សែក្រវ៉ាត់​, ទី​៧៖ ដឹក​លើស​ចំណុះ​, ទី​៨៖ គ្មាន​ស្លាក​លេខ និង​ទី​៩៖ និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។​
 
​ដូច្នេះ​មន្ត្រីនគរបាល មិនត្រូវ​អនុវត្ត​វិធានការ​ចរាចរណ៍ តាមរយៈ​ការឃាត់ និង​ហៅ​ម្ចាស់​យានយន្ត ទៅ​សាកសួរ​នៅក្នុង​អំឡុង​ពួកគេ​បើកបរ​ត្រឹមត្រូវ​តាមច្បាប់ ដែល​មិនបាន​ប្រព្រឹត្ត​ខុស ដូច​អ្វីដែល​ច្បាប់​បានកំណត់​បទល្មើស​អាទិ​ភាព​ខាងលើនេះ​ទេ​។ នេះ​បើតាម​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​ស្នងការ​នគរបាលជាតិ​។ 
 
​ដោយសារតែ​នៅមាន​ចំណុច​ខ្វះខាត​នេះហើយ ទើប​អគ្គស្នងការ​នគរបាលជាតិ​លោក នេ​ត សាវឿន បញ្ជា​ឱ្យមាន​ការកែតម្រូវ​ឡើងវិញ​។ ចំពោះ​ករណី​កងកម្លាំង​នគរបាល​ចរាចរណ៍​រូប​ណា ដែល​បន្ត​ប្រព្រឹត្ត ឬ​អនុវត្តន៍​ច្បាប់ ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន អគ្គស្នងការ​នគរបាល​ជាតិ នឹងដាក់​ពិន័យ​ទៅតាម​ច្បាប់​កងកម្លាំង ឬ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​
 
 
​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ ធ្លាប់បាន​អះអាងថា ប្រាក់​ដែល​បាន​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍ នឹង​ផ្ដល់​៧០​ភាគរយ ទៅ​នគរបាល​ចរាចរណ៍ ដែល​ចុះ​អនុវត្ត​ផ្ទាល់ ហើយ​២៥​ភាគរយ ប្រគល់​ទៅ​អង្គភាព ចំណែក​៥​ភាគរយ​ទៀត ត្រូវ​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក បញ្ជាក់ថា គោលបំណង​នៃ​ផាកពិន័យ និង​ដំឡើង​ប្រាក់​ពិន័យ​ពី​៣​ទៅ​៥​ដង​នេះ មិនមែន​ចង់បាន​ប្រាក់​ឡើយ គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕
 

Tag:
 នេ​ត សារឿន​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com