ជាតិ
មជ្ឈមណ្ឌល​កម្ពុជា​៤.០ បង្ហាញ​កម្មវិធី​អក្ខរកម្ម​ឌីជីថល ដល់​សិស្ស និស្សិត មន្ត្រីរាជការ សហគ្រិន​
07, Jun 2020 , 2:29 pm        
រូបភាព
ភ្នំពេញ​៖​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ឌីជីថល​រូបនីយកម្ម​នៅ​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា ៤.០ បានរៀបចំ «​កម្មវិធី​អក្ខរកម្ម​ឌីជីថល​តាម​ប្រព័ន្ធ​អន​ឡាញ​» (E-learning) សម្រាប់​សិស្ស​និស្សិត បុគ្គលិក មន្ត្រីរាជការ សហគ្រិន ក៏ដូចជា​សាធារណជន​ទូទៅ សំដៅ​ឆ្លើយតប​នឹង​កំណើន​តម្រូវការ ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា នៅក្នុង​ជីវភាព​រស់នៅ ការសិក្សា និង​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​។​

 
​អក្ខរកម្ម​ឌីជីថល ពិត​ជាមាន​ភាពចាំបាច់​នាពេល​បច្ចុប្បន្ន ក្នុងការ​ធានា​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ស្រូបយក ប្រើប្រាស់ និង​ចេះ​សម្រប​ខ្លួន​បានល្អ និង​ទាន់ពេលវេលា ទៅតាម​ការផ្លាស់ប្តូរ​នៃ​បច្ចេកវិទ្យា​ថ្មីៗ នៅក្នុង​សម័យកាល​ឌីជីថល ដើម្បី​ទាញយក​ប្រយោជន៍​ជា​វិជ្ជមាន ឲ្យ​បានជា​អតិបរមា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ដែលមាន​សក្តានុពល ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​សុវត្ថិភាព ជា​ជំនួយ​ដល់​កា​រព​ន្លឿ​ន​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​។​
 
​ទន្ទឹមនឹងនេះ តម្រូវការ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ជំរុញ​ផលិតភាព ប្រសិទ្ធភាព​ការងារ និង​បង្កើន​ភាព​ប្រកួតប្រជែង ក៏​ជា​ផ្នែក​សំខាន់​មួយ ចូលរួម​ដល់​ការពង្រឹង​ភាព​ធន់​នៃ​សកម្មភាព​អាជីវកម្ម ទប់​ទល់នឹង​ឥទ្ធិពល​អវិជ្ជមាន នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​នឹង​កំពុង​បង្ក​ផលប៉ះពាល់ ដល់​វិស័យសេដ្ឋកិច្ច​-​សង្គម ទាំង​នៅ​កម្រិត​សកលលោក តំបន់ និង​កម្ពុជា​ផងដែរ​។​
 
​ឈរលើ​ស្មារតី​នេះ មជ្ឈមណ្ឌល​កម្ពុជា ៤.០ បានរៀបចំ «​កម្មវិធី​អក្ខរកម្ម​ឌីជីថល​» (Digital Literacy) សម្រាប់​សិស្ស​និស្សិត បុគ្គលិក មន្ត្រីរាជការ សហគ្រិន ក៏ដូចជា​សាធារណជន​ទូទៅ ដោយមាន​មេរៀន និង​ខ្លឹមសារ​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ www.cambodia4point0.org និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Facebook Page: កម្ពុជា ៤.០ - Cambodia 4.0 ។​
 
​សូម​ទស្សនា​វីដេអូ អំពី​របៀប​ចុះឈ្មោះ​ចូលរៀន​កម្មវិធី​អក្ខរកម្ម​ឌីជីថល តាម​ប្រព័ន្ធ​អន​ឡាញ (E-learning) របស់​មជ្ឈមណ្ឌល​កម្ពុ​ជា ៤.០ ដែលមាន​ភាពងាយស្រួល និង​ឆាប់រហ័ស ខាងក្រោម​៖
 
 
 

 

 


​​

Tag:
 អក្ខរកម្ម​
 ​ឌីជីថល​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com