COVID-19
អន្តរជាតិ
ប្រមុខ WHO សរសើរ​ជប៉ុន​ថា ជា​ប្រទេស​ទប់ស្កាត់​COVID-19 បាន​ជោគជ័យ​
26, May 2020 , 7:39 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាទីក្រុងតូក្យូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ រូបភាព៖ Kyodo
លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នាទីក្រុងតូក្យូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ រូបភាព៖ Kyodo
​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​(WHO) លោក Tedros Adhanom Ghebreyesus នា​ថ្ងៃទី​២៥ ខែឧសភា បាន​លើកឡើងថា លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន ក្នុងការ​ទប់ស្កាត់​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) គឺ​ទទួលបាន​ជោគជ័យ​។ ការលើកឡើង​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ជប៉ុន សម្រេច​លើកចោល​ស្ថានភាព​អាសន្ន​នៅ​ទូទាំងប្រទេស​រួមទាំង​ទីក្រុង​តូ​ក្យូ​។

 
​ថ្លែង​នា​សន្និសីទកាសែត ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស លោកនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​សរសើរ​ជប៉ុន​ថា ជា​ប្រទេស​អាច​ទប់ស្កាត់ COVID-19 បានល្អ ជាពិសេស​ថែមទាំង​អាច​បង្ការ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​មិន​ឲ្យ​លើស ៧០០​ករណី​ក្នុង​មួយថ្ងៃ​ក្នុងអំឡុងពេល​ជប៉ុន​មាន​ករណី​ឆ្លង​កើន​ខ្ពស់បំផុត​។ 
 
​មិន​ត្រឹមតែ​ទប់ស្កាត់​ឲ្យ​ករណី​ឆ្លង​បានល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជប៉ុន​ក៏​អាច​ការពារ​អត្រា​ស្លាប់​ឲ្យ​នៅ​ទាប​បំផុត​ផងដែរ​។ លោក​Tedros បានលើកឡើង​បែបនេះ ដោយ​សង្កត់ធ្ងន់​ថែមទៀត​ថា បើទោះបីជា អត្រា​ឆ្លង​នៅ​ជប៉ុន​ធ្លាក់ចុះ​មែន ប៉ុន្តែ​ប្រជាជន​ទាំងអស់ មិនត្រូវ​ភ្លេច​វិធាន​ការពារ​ខ្លួន ការរក្សា​គម្លាត​សុវត្ថិភាព និង​ផ្សេង​ប្រុងប្រយ័ត្ន​ជាមុន​ផ្សេងទៀត​នោះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ 
 
​ការលើកឡើង​របស់លោក​ប្រមុខ WHO ក្នុង​កាលៈទេសៈ​បែបនេះ ធ្វើឡើង​ក្នុងពេល​ជប៉ុន​លើកចោល​ស្ថានភាព​អាសន្ន​នៅ​ទូទាំងប្រទេស ដោយសារ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ធ្លាក់ចុះ​។ នា​ថ្ងៃទី​២៥ ខែឧសភា ជប៉ុន​មាន​ករណី​ឆ្លង ៣១​ករណី និង​ស្លាប់ ១០​ករណី​ប៉ុណ្ណោះ​។ តួលេខ​នេះ គឺ​ទាប​ណាស់ បើ​ធៀប​ទៅនឹង​ករណី​ឆ្លង​មួយរយៈ​មុខ ដែល​ជប៉ុន​មាន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​ជាង ១០០​ករណី ឬ​២០០​ករណី​។ 
 
​បើតាម​វេ​ប​សាយ Worldometer តួលេខ​ឆ្លង​COVID-19 សរុប​នៅ​ជប៉ុន​មាន ១៦៥៨១​ករណី ស្លាប់​ចំនួន ៨៣០​នាក់ និង​អ្នក​សះស្បើយ​មាន​ចំនួន ១៣៦១២​នាក់​។ ចំណែក​អ្នកជំងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ២១៣៩​នាក់​។ 
 
​សូមបញ្ជាក់ថា ក្នុង​សន្និសីទ​ដដែល​នេះ លោក​ប្រធាន​ប្រតិបត្តិ​អង្គការ WHO ទទួលបន្ទុក​កម្មវិធី​អាសន្ន បាន​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ ប្រទេស​ទាំងអស់ កំពុង​ស្ថិតនៅ​ពាក់កណ្តាល​នៃ​រលក​ឆ្លង​លើក​ទី​១ នៃ COVID-19 តែប៉ុណ្ណោះ ខណៈ​ករណី​ឆ្លង​នៅតាម​បណ្តា​ប្រទេស​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង កំពុង​កើនឡើង​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com