ជាតិ
«​ភ្នំ​ប្រាំពីរ​» តំបន់​បេ​តិ​កភណ្ឌ​ធម្មជាតិ​លើ​ផ្ទៃដី​ជាង​៣៥០​ហិកតា​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​
26, May 2020 , 3:34 pm        
រូបភាព
ភ្នំពេញ​៖ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ឈ្មោះ​«​ភ្នំ​ប្រាំពីរ​» នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​នេះ ផ្ទៃដី​សរុប​៣៥៣,៩​ហិកតា​។  នេះ​បើ​យោងតាម​អនុក្រឹត្យ កាលពី​ថ្ងៃ​២៥​ឧសភា ឆ្នាំ​២០២០​។

 
​អនុក្រឹត្យ បាន​បញ្ជាក់ថា ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​ប្រាំពីរ​»​នេះ​ឡើង គឺ​ដើម្បី​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ការពារ​សោភ័ណភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ជំនឿ ដោយ​ធានាថា​គ្រប់​សកម្មភាព​ទាំងនេះ មិន​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ  និង​វប្បធម៌​ក្នុង​មូលដ្ឋាន​ឡើយ​។ ពិសេស​រក្សា​កម្រិត​ដល់​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ​ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​នៃ​តំបន់​នេះ​។​
 
​លើសពីនេះ ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​នេះ នឹង​ផ្តល់​សេវាកម្ម​ធម្មជាតិ និង​វប្បធម៌ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្ត​ភាព  ជាមួយនឹង​ការលើកកម្ពស់​ការចូល​រួម​ពី​សំណាក់​សហគមន៍​មូលដ្ឋាន  ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។ 
 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ប្រាំពីរ​» ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ស្រម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។ 
 
​នៅ​ខេត្តបាត់ដំបង មាន​តំបន់ និង​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ មិនតិចជាង​២០​កន្លែង​ទេ​។ ក្នុងនោះ​មាន​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រាសាទ​បាណន់​, រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ប្រាសាទឯកភ្នំ​, រមណីយដ្ឋាន​ធម្មជាតិ​ថ្វាក​ស្រុក​រតនមណ្ឌល​, រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទំនប់​អាង​បាសាក់​, រមណីយដ្ឋាន​ភ្នំ​ព្រះ​, រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​កាច់​ផ្កា​, ក​សិ​- ទេសចរណ៍​ភូមិ​៣ ( ភូមិ​វត្ត​គរ ភូមិ​កំពង់​សីមារ ភូមិ​ឈើទាល ), ផ្ទះ​បុរាណ និង​រមណី​ដ្ឋា​ន​ទេសចរណ៍​អាង​កំពីងពួយ​...៕ 
 
 
 

Tag:
 បេតិកភណ្ឌ​ធម្មជាតិ​
  ភ្នំ​ប្រាំពីរ​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com