អន្តរជាតិ
មហាសេដ្ឋី​កាស៊ីណូ​ប្រចាំ​ម៉ា​កាវ លោក Stanley Ho ទទួលមរណភាព​នៅ​វ័យ​៩៨​ឆ្នាំ​
26, May 2020 , 4:05 pm        
រូបភាព
មហាសេដ្ឋី និងជាបិតាកាស៊ីណូប្រចាំទីក្រុងម៉ាកាវ លោក Stanley Ho។ រូបភាព៖ Getty Images
មហាសេដ្ឋី និងជាបិតាកាស៊ីណូប្រចាំទីក្រុងម៉ាកាវ លោក Stanley Ho។ រូបភាព៖ Getty Images
មហាសេដ្ឋី​កាស៊ីណូ​ប្រចាំ​នៅ​ទីក្រុង​ម៉ា​កាវ លោក ស្ទេ​ន​លី ហូ (Stanley Ho) បានទទួល​មរណភាព​នៅ​វ័យ ៩៨​ឆ្នាំ នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការបញ្ជាក់​ពី​សមាជិកគ្រួសារ​របស់​លោក ស្ទេ​ន​លី ហូ​។


​លោកស្រី Pansy Ho ដែល​ត្រូវជា​កូនស្រី​របស់លោក ហូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ឪពុក​របស់ខ្ញុំ បានទទួល​មរណភាព​នៅវេលា​ម៉ោង ១​រសៀល​នា​មន្ទីរពេទ្យ Hong Kong Sanatorium and Hospital»​។ លោក ស្ទេ​ន​លី ហូ បានកើត​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​១៩២១​។ គិត​មកទល់ពេលនេះ លោក​បានទទួល​មរណភាព​នៅក្នុង​អាយុ ៩៨​ឆ្នាំ​។ 
 
​ផ្តើម​បើក​កាស៊ីណូ​ពី​ទីតាំង​តូចៗ​រហូតដល់​ធំ និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា បិតា​កាស៊ីណូ​ប្រចាំ​ទីក្រុង​ម៉ា​កាវ លោក ហូ បាន​ហាម​មនុស្ស​ជិតដិត និង​មនុស្ស​ជាទី​ស្រលាញ់​របស់លោក ទាំងអស់​មិន​ឲ្យ​ពាក់ព័ន្ធ ឬ​លេង​ល្បែងស៊ីសង​ឡើយ​។ ជា​មហាសេដ្ឋី​នៅក្នុង​ទឹកដី​ម៉ា​កាវ លោក ហូ មាន​ប្រពន្ធ​ចំនួន ៤​នាក់ និង​កូនប្រុស​រ្​ី​ចំនួន ១៧​នាក់​។ តាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី Forbes លោក​ហូ និង​ក្រុមគ្រួសារ មានទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ២​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០​។ 
 
​បើទោះបី​ជាមាន​ព័ត៌មាន​ជុំវិញ​ការស្លាប់​របស់​បិតា​កាស៊ីណូ​រូបនេះ​ក៏ដោយ ក៏​ក្រុមហ៊ុន​របស់លោក​មិនបាន​ធ្លាក់​ភាគហ៊ុន​ឡើយ ប៉ុន្តែ​មានតែ​ឡើង​ជាង​មុន​។ បើតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Channel News Asia ក្រុមហ៊ុន SJM Holdings Ltd បាន​ឡើង​ប្រមាណ​ជា ៨,៥​ភាគរយ​, ក្រុមហ៊ុន Shun Tak Holdings បាន​ឡើង ១៧,៦​ភាគរយ​, ក្រុមហ៊ុន​កាស៊ីណូ Melco ឡើយ ៤,៩​ភាគរយ និង​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន គឺ​ឡើង​ចំនួន ២​ភាគរយ​។ 
 
​ដោយ​ស្ថិតក្នុង​វ័យ​ជរា នៅក្នុង​ឆ្នាំ​២០១៧ លោក​ហូ បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Shun Tak Holdings និង​ឲ្យ​លោកស្រី Pansy Ho ឡើង​ជំនួស​។ នៅ​ឆ្នាំ​បន្ទាប់​លោក ហូ ដើរ​ចេញពី​ក្រុមហ៊ុន SJM Holdings និង​ឲ្យ​កូនស្រី Daisy Ho កាន់កាប់​ជំនួស​វិញ​៕ 
 

Tag:
 ម៉ា​កាវ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com