ជាតិ
កម្ពុជា នឹង​បន្ត​មាន​ភ្លៀង តាម​តំបន់​នានា ពីថ្ងៃ​២៧​ឧសភា ដល់​ថ្ងៃ​២​ខែមិថុនា
26, May 2020 , 6:29 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ ខ្យល់មូសុង​និរតី នឹង​បក់​ខ្លាំង​មកលើ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥ ទៅ ២៧​អង្សា ហើយ​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣ ទៅ ៣៦​អង្សា​។ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ហើយ​មាន​ផ្នែក​ខ្លះ​នៃ​វាលទំនាប​ភាគ​ពាយព្យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។​


​សេចក្ដីជូនដំណឹង បាន​ឲ្យ​ដឹងថា បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣ ទៅ ២៥​អង្សា និង​អតិបរមា​ពី​៣២ ទៅ ៣៥​អង្សា ហើយ​ក្នុងនោះ ក៏​អាច​នឹងមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ដោយ​បណ្ដា​ខេត្ត​នៅ​ភាគ​ឦសាន​ជាប់​ប្រទេស​វៀតណាម នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​។ ចំណែក​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៦ ទៅ ២៨​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២ ទៅ ៣៥​អង្សា ហើយ​អាច​នឹងមាន​ភ្លៀ​ពី​តិច​ទៅ​បង្គួរ​។ 
 
​តាមរយៈ​សេចក្ដីជូនដំណឹង ក្រសួង អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ជាយថាហេតុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com