កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា ពន្យារពេលបើកការប្រកួតដល់ដើមខែកក្កដា
× ទោះបីក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកការប្រកួតកីឡាឡើងវិញគ្រប់ទម្រង់ចាប់ពីខែមិថុនា ក៏ដោយ ពានរង្វាន់លីគកំពូលកម្ពុជា បន្តពន្យារពេលរហូតដល់ដើមខែកក្កដា។ ការពន្យារពេលនេះ គឺដើម្បីទុកពេលឲ្យកីឡាករតាមក្លិបនីមួយៗហ្វឹកហាត់ត្រៀមឲ្យបានល្អ ក្រោយផ្អាកការហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមកនេះ។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននិយាយថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)សម្រេចមិនបើកការប្រកួតលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន តាមពេលវេលា ដែលក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតនោះឡើយ។ បើតាមអគ្គលេខាធិការរូបនេះ CNCC បានសម្រេចពន្យារពេលក្នុងការបើកពានរង្វាន់ទាំងនេះរហូតដល់ដើមខែកក្កដា ឆ្នាំ២០២០។
ការសម្រេចបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកបញ្ហាប្រឈមនានារវាង CNCC ជាមួយតំណាងក្លិបនីមួយៗកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២០។ ការពន្យាពេល១ខែបន្ថែមក្នុងការបើកការប្រកួតឡើងវិញនេះ គឺដើម្បីឲ្យកីឡាករតាមក្លិបនីមួយៗមានពេលគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ស្តារកម្លាំង និងបច្ចេកទេសឡើងវិញ។ ម្យ៉ាងទៀត CNCC ចង់ឲ្យលីគកំពូលត្រឡប់មកវិញជាមួយការប្រកួតដ៏ទាក់ទាញ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទលោក កែវ សារ៉េត បានបញ្ជាក់ដូច្នេះថា៖«បើតាមយើងប្រមូលព័ត៌មានមក CNCC គេបានត្រៀមរួចហើយ តែបើមើលទៅលើពេលវេលាហ្វឹកហាត់របស់កីឡាករតាមក្លិបនីមួយៗ ហាក់ដូចជាដាច់ មិនសូវបានហាត់ ដូច្នេះការចូលលេងវិញលឿនពេក វាក៏មិនសូវល្អដែរ ទើប CNCC ទុកពេលឲ្យត្រៀមហ្វឹកហាត់។ តាមការប្រជុំពីម្សិលមិញ CNCC បានប្រាប់ទៅក្លិបទាំងអស់ គឺនឹងលេងនៅដើមខែកក្កដា»។
បើតាមអគ្គលេខាធិការរូបនេះ CNCC ទំនងជាអាចផ្លាស់ប្តូររូបមន្តប្រកួតពីពីរជើងមកធ្វើត្រឹមតែមួយជើងប៉ុណ្ណោះ។ ប៉ុន្តែលោកអះអាងថា គម្រោងនេះកំពុងស្ថិតក្នុងការពិចារណា ពុំទាន់មានលិខិតបញ្ជាក់ជាផ្លូវការនោះទេ។
ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៦ ខែឧសភា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចឲ្យសហព័ន្ធកីឡាជាតិទាំងអស់ បើកការប្រកួតកីឡាឡើងវិញគ្រប់ទម្រង់ ក្រោមរូបភាពប្រកួតបិទទ្វារមិនឲ្យមានអ្នកគាំទ្រចូលទស្សនា។ រាល់ការប្រកួតនីមួយៗ ក្រសួង អនុញ្ញាតឲ្យមានតែកីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាលចៅក្រម ដោយមិនលើសពី១០០នាក់។
ក្រសួងដាក់បម្រាមបែបនេះ គឺដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់រលកទីពីរនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩តែពីរនាក់ប៉ុណ្ណោះ ខណៈ១២២នាក់ផ្សេងទៀតបានព្យាបាលជាសះស្បើយ៕
Tag:
បាល់ទាត់
កែវ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com