ជាតិ
ក្រសួង​ប្រៃសណីយ៍ ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ពង្រឹងគុណភាព​សេវា តែ​សុំ​ពលរដ្ឋ​សហការ​រឿង​សង់​អង់​តែ​ន​
26, May 2020 , 10:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​២៦ ឧសភា​នេះ ដោយបាន​ដាក់​កំហិត​ឲ្យ​ប្រតិបត្តិ​ករ​ទូ​សព្ទ​ចល័ត​ទាំងអស់ ពង្រឹងគុណភាព​សេវា​របស់ខ្លួន តាមរយៈ​ការបំពាក់​ឧបករណ៍ និង​ការសាងសង់​បង្គោល​អង់​តែ​ន​បន្ថែម​។ ការដាក់កំហិត​នេះ ធ្វើឡើង​នៅពេលដែល​ពលរដ្ឋ​មាន​តម្រូវការ​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​ខ្លាំង ជាពិសេស​ពាក់ព័ន្ធ​នឹង​ការរៀន​អន​ឡាញ​។

 
 
​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល ក្រសួង​ប្រៃសណីយ៍​បញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ដូច្នេះ​៖«​ក្រសួង​សូមបញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ត្រូវ​ធានា​សេវា​ទូរ​សព្ទ​ចល័ត​ជូន​អ្នកប្រើប្រាស់ ស្របតាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​របស់ខ្លួន​។ រាល់​ការផ្តល់សេវា​ដែល​មិនមាន​គុណភាព គឺជា​អំពើ​មិន​សុច​រឹត ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី ក៏​កន្លង​ការ​សាង​បង្គោល​អង់​តែ​ន​ទូរ​សព្ទ​ថ្មី​បន្ថែម បាន​ក្លាយជា​កង្វល់​រប​ស់​ពលរដ្ឋ ហើយ​វា​បាន​ក្លាយជា​ឧបសគ្គ​សម្រាប់​ប្រតិបត្តិ​ករ​ទូ​សព្ទ​ដែរ​។ តាម​ការសង្កេត​របស់​ក្រសួង​ប្រៃសណីយ៍ ពលរដ្ឋ​ថា​អាចមាន​ផលប៉ះពាល់​ផ្សេងៗ​ដូចជា រន្ទះ ការបាក់​រលំ ជាពិសេស​បារម្ភ​លើ​ការប៉ះពាល់​សុខភាព ពី​ការ​សាយភាយ​រលកអាកាស​វិទ្យុ ដោយ​យល់ច្រឡំ​ថា ជា​ប្រភេទ​រលក​វិ​ទ្យ​សកម្ម​ទៅវិញ​ជាដើម​។​
 
​ដើម្បី​ស្វែងរក​ដំណោះស្រាយ ក្រសួង​បាន​ចាត់​ឲ្យ​ក្រុមការងារ​ឲ្យ​សិក្សា​ស្រាវជ្រាវ ហើយ​លទ្ធផល​បង្ហាញថា គ្រប់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​ទាំងអស់ បាន​ប្រើប្រាស់​ឧបករណ៍​ស្របតាម​ស្តង់ដារ របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ មិនមាន​រកឃើញ​ការប៉ះពាល់​ជាក់លាក់​ណាមួយ ដល់​សុខភាព​ដែល​បណ្តាលមកពី​ស្ថានីយ៍​អង់​តែ​ន​ទូរ​សព្ទ​ចល័ត​នោះទេ​។ ក្រសួង​ប្រៃ​ណី​យ៍​ពន្យល់​បន្ថែម​៖«​រលកអាកាស​វិទ្យុ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត មិនមែនជា​រលក​វិទ្យុសកម្ម​ទេ​។ បន្ថែម​ពីនេះ​ទៀត នៅលើ​បង្គោល​នីមួយៗ មាន​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​ផងដែ​»​។​
 
​ដូច្នេះ ក្រសួង​ប្រៃ​នី​យ៍ និង​ទូរគមនាគមន៍ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​សហការ ក្នុងការ​សាងសង់​បង្គោល​អង់​តែ​ន នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។ ជាមួយគ្នានេះ ក្រសួង​ក៏​នឹង​ជំរុញ​ឲ្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធានាថា​សេវា​ទូរ​សព្ទ​មាន​គុណភាព និង​ឧបករណ៍​ទាំងអស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com