COVID-19
អន្តរជាតិ
ប្រធានាធិបតី​ចិន ប្រាប់​កងទ័ព​ត្រៀមខ្លួន និង​ពង្រឹងសមត្ថភាព​ឲ្យ​រួចរាល់​ដើម្បី​តទល់​បញ្ហា​ប្រឈម​
27, May 2020 , 10:23 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Xinhua
កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដើម្បី​អាច​ទទួលបន្ទុក​ការងារ​បន្ថែម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៦ ខែឧសភា ចំពេល​ដែល​ចិន កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​លើ​បញ្ហា​ក្ដៅៗ​ដូចជា​តៃវ៉ាន់ និង​ហុងកុង​។

 
​ថ្លែង​នៅ​ចំពោះមុខ​ជាមួយ​មន្ត្រី​យោធា​ចិន​ជាច្រើន​នាក់​នៅក្រៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន និង​ជា​ប្រធាន​គណៈកម្មការ​មជ្ឈិម​យោធា បាន​សាទរ​ចំពោះ​កិច្ចការ​យោធា​ចិន​កន្លងមក​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត COVID-19 ក៏ដូចជា​ការការពារ​ប្រជាជន​។ ប្រមុខរដ្ឋ​ចិន​រូបនេះ ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​ចិន ផ្លាស់ប្តូរ​របៀប​ហ្វឹកហាត់ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ ដើម្បី​ប្រឈម​នឹង​បញ្ហា​ថ្មីៗ ដោះស្រាយ​ជាមួយ​ស្ថានភាព​លំបាកៗ ជាពិសេស គឺ​ការពារ​ដែន​អធិបតេយ្យ​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​របស់​ប្រទេស​ចិន​។ 
 
​កងទ័ព ត្រូវតែ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន និង​ត្រៀមខ្លួន​ក្នុងការ​ប្រយុទ្ធ​ជាមួយ​សង្គ្រាម​ជំងឺឆ្លង​សកល និង​ត្រូវ​បត់បែន​តាម​កាលៈទេសៈ​។ នេះ​បើតាម​ការ​ស្រង់​សម្តី​របស់លោក​ស៊ី ពី​សំណាក់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ដែល​បន្តថា វា​សំខាន់​ណាស់​សម្រាប់​កងទ័ព​ចិន ក្នុងការ​ស្រាវជ្រាវ​រក​វិធី​ហ្វឹកហាត់​ថ្មី​ក្នុង​កាលៈទេសៈ COVID-19 ហើយ​ការហ្វឹកហាត់​បែបនេះ ក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ និង​ពង្រឹងសមត្ថភាព​កងទ័ព ក្នុងការ​ប្រឈម​ជាមួយ​បេសកកម្ម​យោធា​ដ៏​លំបាកៗ​។ 
 
​ការលើកឡើង​របស់​អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ឲ្យ​យោធា​ត្រៀមខ្លួន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ចិន​ដំឡើង​ថវិកា​យោធា និង​កំពុងមាន​ភាព​តានតឹង​ថ្មី​នៅក្នុង​តំបន់​។ តាមរយៈ​កិច្ចប្រជុំសភា​ប្រជាជន​ចិន​ពេញអង្គ​លើក​ទី​៣ នៃ​នីតិកាល​ទី​១៣ ចិន​បានសម្រេច​ដំឡើង​ថវិកា​ការពារជាតិ ៦,៦​ភាគរយ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ១៧៨​ពាន់​លាន​ដុល្លារ​។ 
 
​ការពង្រឹង​សាច់​នេះ ចំពេល​មាន​ភាព​តានតឹង​ថ្មី​ជាមួយ​អាមេរិក​ជុំវិញ​ការគ្រប់គ្រង និង​ដើមកំណើត COVID-19 កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ បញ្ហា​កោះ​តៃវ៉ាន់ និង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ជាដើម​។ ចិន​មិន​សប្បាយចិត្ត​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក បាន​បើកផ្លូវ​លក់​មី​ស៊ី​ល​បំពាក់​លើ​នាវា​ប្រមាណ​ជា ១៨០​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ធ្លាប់បាន​ព្រមាន​ជា​ញយៗ​ថា នឹង​បើក​ប្រតិបត្តិ​យោធា ប្រសិនបើ​កោះ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com