ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​រតនគីរី​និង​ក្រុមហ៊ុន​វៀតណាម HAGL មិនទាន់​ឯកភាពគ្នា​លើដី​ប្រមាណ​១៧០​ហិកតា​
27, May 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ច្រូត​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​និង​ដុត កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤។ ពួកគេ​ត្រូវ​ព្យាយាម​ជួយ​សង្គ្រោះ​ដីធ្លី​របស់​ខ្លួន ដែល​រង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា។
រូបឯកសារ៖ ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ច្រូត​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​និង​ដុត កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤។ ពួកគេ​ត្រូវ​ព្យាយាម​ជួយ​សង្គ្រោះ​ដីធ្លី​របស់​ខ្លួន ដែល​រង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា។
ដោយ: VOA
​ភ្នំពេញ ៖ បញ្ហា​ចម្រូងចម្រាស​រវាង​ក្រុមហ៊ុន​វៀតណាម ហ័ង​អា​ញ់ យ៉ា​ឡាយ (HAGL) ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា​និង​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុងស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី​ដែល​បាត់បង់​ដីធ្លី​នៅ​មិនទាន់​ដោះស្រាយ​ចេញ គឺ​ម្ខាង​ចង់បាន​ភ្នំ​អារក្ស​ទាំងមូល និង​ម្ខាង​ទៀត​ខ្លាច​បាត់បង់​ដើម​កៅស៊ូ​។​

 
​កាលពី​ឆ្នាំ ២០១០ រដ្ឋាភិបាល​បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥ ម៉ឺន​ហិកតា ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង​អា​ញ់ យ៉ា​ឡាយ ដើម្បី​វិនិយោគ​លើ​ការដាំ​ដំណាំ​កៅស៊ូ​រយៈពេល ៩៩ ឆ្នាំ​។  ប៉ុន្តែ ការផ្ដល់​ដី​សម្បទាន​នេះ​បានធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច បាត់បង់​ចំណូល និង​បាត់បង់​ដីស្រែ​ចម្ការ​សម្រាប់​បង្កប​ង្កើ​ន​ផល​កសិកម្ម និង​បាត់បង់​ព្រៃ​អារក្ស ដែលជា​ព្រៃ​សក្ការៈ​ពី​ដូនតា​របស់​ពួកគេ​។​
 
​កាលពី​ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន​វៀតណាម​បាន​ឯកភាព​កាត់​ដី​ជាង ៦០ កន្លែង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​។ ក្នុងនោះ​មាន​ដីព្រៃ​អារក្ស តំបន់​ទឹកអូរ​ធម្មជាតិ ព្រៃ​ចម្ការ​វិលជុំ តំបន់ភ្នំ និង​ដីព្រៃ​កប់​សព​ជាដើម​។ ប៉ុន្តែ​ការឯកភាព​នេះ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ក្រសួងកសិកម្ម​។​
 
 
​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុ​ឌ្ឍី ប្រាប់ VOA កាលពី​ថ្ងៃ​ច័ន្ទ​ថា កន្លងមក​មាន​កិច្ចសហការ​សម្របសម្រួល​ដោះស្រាយ​រវាង​ក្រុមហ៊ុន សហគមន៍​អ្នក​តវ៉ា​ទាមទារ​ដី ការិយាល័យ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ CAO និង​អាជ្ញាធរ​មូលដ្ឋាន​។​លោក​បន្តថា លទ្ធផល​នៃ​ដំណើរការ​សម្របសម្រួល​ដោះស្រាយ​នេះ ក្រុមការងារ​កំណត់​បា​ន​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​កាត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន ៧៤២ ហិកតា​។​
 
​លោក ស្រី វុ​ឌ្ឍី បន្តថា ក្រសួង​បាន​ចាត់​ក្រុមការងារ​ចុះទៅពិនិត្យ​ជាក់ស្តែង​លើ​ករណីនេះ ប៉ុន្តែ​ទំហំ​តួលេខ​ផ្ទៃដី​ដែល​ស្នើសុំ​កាត់​នោះ នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ ដោយសារ​ខេត្ត​ស្នើសុំ​កាត់​ចេញពី​ដី​សម្បទាន​ចំនួន ៧៤២ ហិកតា ហើយ​ផ្ទៃដី​ឯកភាពគ្នា​មាន​ចំនួន ៥៧២ ហិកតា​។ ចំណែក​ផ្ទៃដី​មិនទាន់បាន​ឯកភាពគ្នា​មាន​ប្រមាណ ១៧០ ហិកតា​។​
 
​លោក ស្រី វុ​ឌ្ឍី មានប្រសាសន៍ថា​៖ «​ដោយ​តួលេខ​មិន​ឯកភាពគ្នា អង្គប្រជុំ​បានសម្រេច​ស្នើ​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ ក្រុមហ៊ុន ក្រុមការងារ​ខេត្ត ក្រុមការងារ CAO និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យឡើងវិញ​ពី​ទំហំ​ផ្ទៃដី ដែល​ត្រូវ​កាត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ឯកភាពគ្នា​»​។​
 
​លោក​បន្តថា បន្ទាប់ពី​ឯកភាពគ្នា ក្រុមការងារ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អាជ្ញាធរខេត្ត​នឹង​ចុះទៅពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​ដើម្បី​ពិនិត្យ​បន្ថែម​។ លោក​មានប្រសាសន៍ថា​៖ «​យូរ ឬ​ឆាប់​អាស្រ័យ​លើ​ក្រុមការងារ​»​។​
 
​កាលពី​ថ្ងៃ​ច័ន្ទ​នេះ អង្គការ​សមធម៌​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី​នេះ​ជាបន្ទាន់ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​តាម​ការសន្យា ប្រគល់​ដី​ជូន​សហគមន៍​វិញ​។ អង្គការ​សមធម៌​កម្ពុជា​ឲ្យ​ដឹងថា នៅពេល​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ពី​ក្រសួងកសិកម្ម  ក្រុមហ៊ុន​វៀតណាម​បាន​ឈូសឆាយ​ភ្នំ​អារក្ស​ចំនួន ២ កន្លែង ឈូសឆាយ​តំបន់ដីសើម ឈូសឆាយ​តំបន់​បាញ់​សត្វ​តាមបែប​ប្រពៃណី និង​ឈូសឆាយដី​កប់​សព​។​
 
​នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ដំណោះស្រាយ​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច ហើយ​ផ្តល់​ភ្នំ​អារក្ស​និង​ទីតាំង​ផ្សេងទៀត តាម​ការចង់បាន​រប​ស់​សហគមន៍ ដោយសារ​ជនជាតិដើម​ភាគតិច​យល់ថា បរិវេណ​ជុំវិញ​ភ្នំ​មាន​សារៈសំខាន់​សម្រាប់​ជំនឿ​របស់​ពួកគេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​សហគមន៍​គាត់​ថា មិនអាច​ធ្វើ​បែប​ហ្នឹង​បានទេ ដោយសារ​ភ្នំ​ដូច​ខ្ញុំ​លើក​ពី​ខាងដើម​អ៊ីចឹង គាត់​អះអាងថា ជា​ភ្នំ​អារក្ស​ទាំងមូល មិនមែន​ថា អាច​ពុះ​ចែក​ទេ​។ ហើយ​វា​អាចមាន​កត្តា​បច្ចេកទេស​អី​ផ្សេងទៀត ដែល​ខាង​មន្ត្រី​ជំនាញ​ក៏ដូចជា​ខាង​ក្រុមហ៊ុន និង​សហគមន៍​បានធ្វើ​ការជជែក​គ្នា​»​។​
 
​តំណាង​សហគមន៍​កាក់​ក្នុង​ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស លោក សេវ សឿន ថ្លែងថា សហគមន៍​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម​ព​ន្លឿ​ន​ការវាស់វែង​នេះ ហើយ​ផ្តល់​ដី​តាម​ការចង់បាន​របស់​សហគមន៍ បើ​ទោះ​ប៉ះពាល់​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​ក៏ដោយ​។ លោក​បន្តថា កាល​ក្រុមហ៊ុន​វៀតណាម​ដាំ​កៅស៊ូ ក៏​មិនបាន​ពិភាក្សា​ជាមួយ​សហគមន៍​ជនជាតិដើម​ភាគតិច​នោះដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​រឿង​ខាត រឿង​មិន​ខាត​សហគមន៍ គេ​អត់​ដឹង​ទេ​»​។​
 
VOA មិនអាច​សុំ​ការឆ្លើយតប​ពី​ក្រុមហ៊ុន ហ័ង​អា​ញ់​យ៉ា​ឡាយ បាន​នៅឡើយ​ទេ​។​
 
​មន្ត្រី​សាលាខេត្ត​រតនគិរី និង​ជា​អ្នកនាំពាក្យ លោក នាង សំអាត ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះ​នេះ បាន​ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្រុមការងារ​នឹង​ជួបប្រជុំ​ពិភាក្សា​ទៀត​។ លោក​បន្តថា បញ្ហា​ដែល​ចម្រូងចម្រាស​គ្នា​ត្រង់​ថា សហគមន៍​ត្រូវការ​តំបន់ភ្នំ​ទាំងមូល ដែល​នឹង​ប៉ះពាល់​កៅស៊ូ​របស់​ក្រុមហ៊ុន​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​និយាយថា អា​ភ្នំ​មួយ​ចំហៀង​នោះ ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ ៣ ឆ្នាំ​ហើយ​អ៊ីចឹង​គាត់​កាត់កង​ឲ្យ​វិញ​តែ​តំបន់ភ្នំ​ណា កន្លែង​ណា​ដែល​មិនទាន់បាន​ដាំ​កៅស៊ូ​។ ហើយ​ដល់​សហគមន៍​គាត់​ថា គាត់​ត្រូវការ​ភ្នំ​ទាំងមូល​។ អាហ្នឹង​គឺជា​ដួងព្រលឹង ជា​អារក្ស​របស់គាត់​អ៊ីចេះ​អ៊ីចុះ​។ ប៉ុន្តែ​សុទ្ធតែ​ព្រៃ​កៅស៊ូ​ហ្នឹង​»​។​
 
​បើតាម​របាយការណ៍រ​បស់​អង្គការ​សមធម៌​កម្ពុជា ជនជាតិដើម​ភាគតិច​ចំនួន ១២ សហគមន៍​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​អូរ​ជុំ សរុប​ប្រមាណ ១៣៧០ ខ្នង បាន​រងគ្រោះ​នៅក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ហ័ង​អា​ញ់ យ៉ា​ឡាយ​។ 
 
​ដីស្រែ​ចម្ការ​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​ចំនួន ១ ម៉ឺន ៩ ពាន់​ហិកតា បាន​ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន​វៀតណាម​នេះ​។  អង្គការ​ដដែល​គូសបញ្ជាក់ថា ការបាត់បង់​ដីធ្លី​នេះ​បានធ្វើ​ឲ្យ​ការរក​អាហារ និង​អនុផល​ព្រៃឈើ​នៃ​ជនជាតិដើម​ភាគតិច​ទាំងនេះ​ធ្លាក់ចុះ​យ៉ាងច្រើន ដូចជា​បាត់បង់​ព្រៃឈើ​ដើម្បី​ពួកគេ​អាច​រក​ជ័រចុង ការរក​ត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែ​ព្រៃ វ​ល្លិ៍ និង​ផ្ដៅ​ជាដើម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com