COVID-19
អន្តរជាតិ
COVID-19៖​ឥណ្ឌូណេស៊ី ដាក់ពង្រាយ​ទាហាន​និង​ប៉ូលិស​ដើម្បី​អនុវត្ត​វិធានការ​រឹតត្បិត​
27, May 2020 , 2:06 pm        
រូបភាព
លោកចូកូវីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។ រូបភាពAFP
លោកចូកូវីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។ រូបភាពAFP
ដោយ:
​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​អះអាងថា ទាហាន និង​ប៉ូលិស ​នឹងត្រូវ​ដាក់​ឲ្យ​ចុះ​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​បែប​ថ្មី​ ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​COVID-19​។

 
​ទាហាន និង​ប៉ូលិស​រាប់សែន​នាក់ នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំង​ប្រជុំ​កោះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា ដើម្បី​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ ក្នុង​ខេត្ត​ចំនួន​៤ និង​ទីក្រុង​ចំនួន​២៥ ដែល​ត្រូវដាក់​ឲ្យ​អនុវត្ត​ការ​រឹតត្បិត​ទ្រង់ទ្រាយ​ធំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Channel News Asia​។​
 
«​យើង​ចង់​ឲ្យ​ទាហាន និង​ប៉ូលិស ​ស្ថិតនៅ​គ្រប់កន្លែង​ដែល​កុះករ​ទាំងអស់ ដើម្បី​អប់រំ​សាធារណជន. ដូច្នេះ​ទើប​ពួកគាត់ ​អាច​គោរព​តាម​ការណែនាំ ​ស្តីពី​ការ​រឹតត្បិត​ទ្រង់ទ្រាយ​ធំ​»​។ នេះ​ជាការ​លើកឡើង ​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ អំឡុងពេល​ចុះ​ត្រួត​ពិនិត្យមើល​កន្លែង​លក់​ថ្នាំពេទ្យ និង​អាហារ​ នៅ​ផ្សារ​លក់ទំនិញ ​ដែល​ត្រូវបាន​បិទ​មួយផ្នែក​ នៅ​ទីក្រុង Bekasi ជាយ​រដ្ឋធានី​ហ្សា​ការ​តា​។​
 
​លោក វី​ដូ​ដូ ក៏​អះអាង​ផងដែរ​ថា គេ​ត្រូវ​ការរក្សា​ផលិតភាព ប៉ុន្តែ​ត្រូវមាន​សុវត្ថិភាព​ពី​ជំងឺ COVID-19 ផងដែរ​។ លោក​ក៏​ណែនាំ​ឲ្យ​ទាហាន និង​ប៉ូលិស ​ដែល​ត្រូវដាក់​ឲ្យ​អនុវត្ត​គម្លាត​សុវត្ថិភាព​នេះ ត្រូវ​ធានាថា ប្រជាពលរដ្ឋ​ទាំងអស់​ពាក់​ម៉ាស់ រក្សា​គម្លាត​ពីគ្នា និង​ជៀសវាង​ទៅ​កន្លែង​មាន​មនុស្ស​កុះករ​។ លោក សង្កត់ធ្ងន់​ផងដែរ​ថា អាជ្ញាធរ នឹងត្រូវ​ពិនិត្យមើល​លទ្ធផល​ នៃ​ការអនុវត្ត​វិធាន​នេះ ហើយ​ពិចារណា​ពន្យារ​វិធានកា​រ​រឹតត្បិត​នៅ​តំបន់​ឯទៀត​។​
 
​បើតាម​ប្រភពព័ត៌មាន​ដដែល ប្រធានាធិបតី​ឥណ្ឌូណេស៊ី អះអាងថា ជាមួយនឹង​ការដាក់​ពង្រាយ​ទាហាន និង​ប៉ូលិស គេ​សង្ឃឹមថា អាច​នឹង​ពង្រាប​ខ្សែកោង COVID និង​បន្ថយ​ចំនួន​ករណី​ឆ្លង​ក្នុងប្រទេស​។​
 
​នៅ​រដ្ឋធានី​នៅ​ហ្សា​ការ​តា ការ​រឹតត្បិត​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ តាំងតែ​ពីថ្ងៃ​ទី​១០ ខែមេសា​មក និង​រំពឹង​បញ្ចប់​នៅ​ថ្ងៃទី​៤ មិថុនា​ខាងមុខ​។ ប៉ុន្តែ​គេ​ក៏​ឃើញ​មានការ​លើកឡើងថា ការ​ពន្យា​រ​ពេល​រឹតត្បិត​ ក៏​អាចមាន​ផងដែរ​។ 
 
​ទោះជា​យ៉ាងណាក្តី លោក Anies Baswedan អភិបាលរដ្ឋ​ធានី​ហ្សា​ការ​តា កត់សម្គាល់ថា ការដាក់​ពង្រាយ​ទាហាន និង​ប៉ូលិស មិនមែន​បានន័យថា វិធានការ​រឹតត្បិត​ នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​៤ ខែមិថុនា សប្តាហ៍​ក្រោយ​ឡើយ​។ លោក​Anies និ​យា​យា​ថា អ្វីដែល​កំណត់​ការពន្យារ​រយៈពេល​រឹតត្បិត មិនមែន​អាស្រ័យ​លើ​រដ្ឋាភិបាល ឬ​អ្នកជំនាញ​ឡើយ តែ​អាស្រ័យទៅលើ​អាកប្បកិរិយា​របស់​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែឧសភា​នេះ ឥណ្ឌូណេស៊ី ​មាន​ករណី​ឆ្លង​ចំនួន​២៣,១៦៥ ករណី និង​ស្លាប់​ចំនួន​១,៤១៨​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com