អន្តរជាតិ
ទីបញ្ជាការ​UN៖ កូរ៉េ​ទាំងពីរ សុទ្ធតែ​បំពាន​បទ​ឈប់​បាញ់​ពេល​ផ្ទុះអាវុធ​ដាក់គ្នា​នៅ​ដើមខែ​ឧសភា​
27, May 2020 , 7:39 pm        
រូបភាព
​ទីបញ្ជាការ​អង្គការសហប្រជាជាតិ (UNC) ដែល​ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​រវាង​កូរ៉េ​ទាំងពីរ បានបញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​លើ​ករណី​បាញ់​តដៃ​គ្នា​រវាង​កងទ័ព​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក្នុង​តំបន់​គ្មាន​យោធា (DMZ) នៅ​ដើម​ខែឧសភា​កន្លងទៅ​។ UNC អះអាងថា ខ្លួន​មិនអាច​បញ្ជាក់ថា កូរ៉េខាងជើង​មាន​ចេតនា​បាញ់​សំដៅ​ប៉ម​យាម​កូរ៉េខាងត្បូង​ឬ​យ៉ាងណា​ឡើយ តែ​កូរ៉េ​ទាំងពីរ​សុទ្ធតែ​បំពាន​បទ​ឈប់​បាញ់​។​

 
​កូរ៉េ​ទាំងពីរ បាញ់​តដៃ​គ្នា​មួយ​ប្រាវ​កាលពី​ថ្ងៃទី​៣ ខែឧសភា​។ បើតាម​កូរ៉េខាងត្បូង កងទ័ព​កូរ៉េខាងជើង​ជា​អ្នក​ផ្ដើម​បាញ់​មុន​ដោយ​សំដៅ​ប៉ុស្តិ៍​របស់ខ្លួន​នៅ​ផ្នែក​ខាងត្បូង​នៃ​បន្ទាត់​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ ហើយ​យោធា​កូរ៉េខាងត្បូង ក៏​បាញ់​តប​តប​វិញ​។ កូរ៉េខាងត្បូង​បញ្ជាក់ថា គ្មាន​កងទ័ព​កូរ៉េខាងត្បូង​រងគ្រោះ​អ្វី​ឡើយ​។ មិនមាន​ព័ត៌មាន​អ្វី​ពី​កូរ៉េខាងជើង​ទេ​ទាក់ទង​ការបាញ់​នេះ​។​
 
​ទីបញ្ជាការ​អង្គការសហប្រជាជាតិ​ដឹកនាំ​ដោយ​អាមេរិក (UNC) ដែល​តាមដាន​សកម្មភាព​យោធា​នៅ​តំបន់​គ្មាន​យោធា ក៏​បើក​ការស៊ើបអង្កេត​មួយ​លើ​ករណីនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ការស៊ើបអង្កេត​ធ្វើឡើង​ដោយមាន​ការសហការ​ពី​កូរ៉េខាងត្បូង ខណៈ​កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​នឹង​សំណើ​របស់ UNC ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​នៅ​ផ្នែក​ខាងជើង​ឡើយ​។ 
 
​ក្នុង​លទ្ធផល​ស៊ើបអង្កេត​របស់ UNC កូរ៉េខាងជើង​បាន​បំពាន​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣ ដោយបាន​បាញ់​គ្រាប់កាំភ្លើង​តម្រង់​ប៉ុស្តិ៍​យាម​កូរ៉េខាងត្បូង​ដែល​នៅ​ម្ខាង​ទៀត​នៃ​ខ្សែ​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ UNC មិនអាច​កំណត់ថា ការបាញ់​នេះ ជា​រឿង​ចេតនា ឬ​ចៃដន្យ​ឡើយ​។ នេះ​ទំនងជា​ការស៊ើបអង្កេត​គ្មាន​ការសហការ​របស់​កូរ៉េខាងជើង​។ ជាមួយគ្នានេះ UNC ក៏​រកឃើញថា កូរ៉េខាងត្បូង​បាន​បំពាន​បទ​ឈប់​បាញ់​ដែរ ព្រោះ​បាន​បាញ់​តដៃ​កូរ៉េខាងជើង​វិញ​។  
 
​មាត្រាមួយ​នៃ​សន្ធិសញ្ញា​ឈប់​បាញ់​ឆ្នាំ​១៩៥៣ ភាគី​ទាំង​សង​មិន​អាចធ្វើ​សកម្មភាព​អរិភាព​នៅ​ខាងក្នុង ឬ​សំដៅ​តំបន់ DMZ បានឡើយ​។ 
 
​កូរ៉េខាងត្បូង បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​លទ្ធផល​ស៊ើបអង្កេត​នេះ ព្រោះ UNC ចេញ​ការសន្និដ្ឋាន​ដោយ​មិនបាន​ស៊ើបអង្កេត​លើ​កូរ៉េខាងជើង និង​ហេតុផល​ដែល​នាំ​ឲ្យ​កូរ៉េខាងត្បូង​បាញ់​តប​តប​វិញ ដែល​ការតបត​ប​នោះ ត្រូវបាន​សេ​អ៊ូ​ល​ចាត់ទុកជា​ការឆ្លើយតប​សមស្រប​។​
 
«​កងទ័ព​របស់​យើង​នៅ​ទីតាំង បាន​ចាត់វិធានការ​សមស្រប ដោយ​យោងតាម​ការកំណត់​។ យើង​សោកស្ដាយ​ដែល​លទ្ធផល​នៃ​ការស៊ើបអង្កេត ត្រូវបាន​ប្រកាស​ដោយ​គ្មាន​ការស៊ើបអង្កេត​ជាក់ស្ដែង​លើ​កូរ៉េខាងជើង​។​» នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៦ ខែឧសភា​។​
 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន UNC លើកឡើងថា ខ្លួន​បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ពហុ​សាសន៍​មួយ​ដើម​ម្បី​រក​ការពិត​ពីក្រោយ​ការបាញ់​នេះ ដោយមាន​ការត្រួតពិនិត្យ​ពី​គណៈកម្មការ​ត្រួតពិនិត្យ​ប្រទេស​អ​ព្យា​ក្រឹត្យ​ដើម្បី​ធានា​ពី​តម្លាភាព និង​យុត្តិធម៌​៕   

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  DMZ
© រក្សាសិទ្ធិដោយ thmeythmey.com