ពីនេះ ពីនោះ
ចូរ​គ្រវាត់ចោល​គំនិត​ធ្វើ​ការដូរ​ប្រាក់ខែ​!
27, May 2020 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង ចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ហាង​ផឹក​កាហ្វេ​ដូចពេលមុន​វិញ​ហើយ​។ ប៉ុន្តែ ក្លើ​ទាំងពីរ​មិនសូវ​ហ៊ាន​អង្គុយ​នៅ​តុ​ដែលមាន​មនុស្ស​ច្រើន​ឡើយ​។ មិត្តភក្តិ​ទាំងពីរ​នៅ​ប្រកាន់​គោលការណ៍​គម្លាត​សុវត្ថិភាព ហើយ​ដៃ​របស់​ពួកគេ​នៅតែ​កាន់​ទឹក​អាល់កុល​ដើម្បី​បង្ការ​មេរោគ​កូ​វីដ​១៩​។ ប្រធានបទ​នៅថ្ងៃនេះ គឺ​«​ចូរ​គ្រវាត់ចោល​គំនិត​ធ្វើ​ការដូរ​ប្រាក់ខែ​!»


 
​សំណាង​៖ អា សុធីរ​! ចុះបើ​ធ្វើ​ការមិន​ដើម្បី​ប្រាក់ខែ ឲ្យ​ធ្វើការ​ដើម្បី​ស្អី​ទៅ​អ្ហា​? 
 
​សុធីរ​៖ អញ​ដឹង​ហើយ​ថា ការងារ គឺ​ដើម្បី​ប្រាក់ខែ​។ តែ​គ្រាន់តែ​អញចង់​ប្រាប់ថា អ្វីៗ​វា​មាន​ពេលវេលា​របស់​វា​។ 
 
​សំណាង​៖ មាន​ពេលវេលា​ម៉េច​ទៅ​?  
 
​សុធីរ​៖ អ្នកខ្លះ ទើប​ចាប់ផ្តើម​ចុះ​កម្មសិក្សា តែ​ទារលុយ​គេ​ច្រើន​ហ្មង​។ អ្ហែង​ត្រូវ​ដឹងថា កម្មសិក្សា​មិនអាច​ទៅ​ទារ​ប្រាក់ខែ​គេ​បាន​ច្រើន​ឡើយ ព្រោះ វា​ជា​ពេលវេលា​ហាត់​ការងារ​។ ទៅ​ហាត់​ការ គឺ​ទៅ​រៀន​ពី​គេ ទៅ​រំខាន​ក្រុមហ៊ុន ឬ​ស្ថាប័ន​គេ​ទេតើ​! មិនមែន​ទៅ​ជួយ​ស្ថាប័ន ឬ​ក្រុមហ៊ុន​គេ​ឯណា​! 
 
​សំណាង​៖ ចុះបើ​អ្នកខ្លះ ចូលទៅ​ធ្វើ​ការងារ​មែនទែន​តែម្តង តើ​ពួកគេ​គួរ​ទារ​ប្រាក់ខែ​ពី​ស្ថាប័ន ឬ​ក្រុមហ៊ុន​ឬទេ​? 
 
​សុធីរ​៖ វា​អាស្រ័យទៅលើ​បុគ្គល​រក​ការងារ​ធ្វើ និង​ក្រុមហ៊ុន​ផ្តល់​ការងារ មានន័យថា តើ​អ្នកស្វែងរក​ការងារ​ធ្វើ​ហ្នឹង​មានបទពិសោធន៍​អាចជួយ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​បាន​ក្នុង​កម្រិតណា​? បើ​បុគ្គល​នោះ​ជួយ​ការងារ​បាន​ច្រើន ប្រាក់ខែ​អាច​ត្រូវបាន​គេ​ឲ្យ​ច្រើន​ដែរ​។ បើ​អត់​ចេះ ឬ​អត់​សូវ​ចេះ​ច្រើន តែ​ទារ​ប្រាក់ខែ​ច្រើន បែប​ទៅ​មិន​រួច​ទេ​។ បើតាម​យោបល់​អញ អ្នករក​ការងារ​ធ្វើ គួរ​តោង​សួរ​សំណួរ​មួយ​ថា តើ​ខ្លួនឯង​ទៅ​ជួយ​ធ្វើការ​ងារ​ឲ្យ​ក្រុមហ៊ុន ឬ​ស្ថាប័ន ឲ្យ​រីក​ម្រើ​ន​ទៅមុខ​ភ្លាម ឬ​ទៅ​រៀន​ពី​គេ​បន្ថែមទៀត​។ បើ​ទៅ​រៀន​ពី​គេ ការកំណត់​ប្រាក់ខែ ឬ​ទារ​ប្រាក់ខែ​ពី​គេ គឺជា​កំហុស​។ 
 
សំណាង​៖ រឿង​ប្រាក់ខែ​ហ្នឹង បុគ្គលិក​ខ្លះ ច្រើន​គិតថា ប្រាក់ខែ​តិច ធ្វើការ​តិច ប្រាក់ខែ​ច្រើន ធ្វើការ​ច្រើន​។ ការគិត​អ៊ីចឹង​ត្រឹមត្រូវ​អត់ អា សុធីរ​? 
 
​សុធីរ​៖ គំនិត​នេះ គឺជា​គំនិត​អន់ថយ​។ ធ្វើការ​ឲ្យ​កាន់តែ​ល្អ ឲ្យ​មាន​គុណភាព ឲ្យ​ហ្មត់ចត់ ឲ្យ​មានការ​ទទួលខុសត្រូវ​ជូន​ក្រុមហ៊ុន ឬ​ស្ថាប័ន ពេលនោះ ប្រាក់ខែ និង​តួនាទី​នឹងត្រូវ​បាន​គេ​ដំឡើង​ឲ្យ ឬ​ផ្តល់​ឲ្យ​ដ៏​ឆាប់រហ័ស​។ តែបើ​បុគ្គលិក​មានគំនិត​ថា ធ្វើការ​ដើម្បី​តែ​ដូរ​នឹង​ប្រាក់ខែ បុគ្គលិក​នោះ នឹង​ពុំ​ទទួលបាន​អ្វី​ធំដុំ​ឡើយ​នៅក្នុង​អាជីព​ការងារ​។ បុគ្គលិក​ដែល​ល្អ គឺជា​បុគ្គលិក​ដែល​ធ្វើការ​ដោយ​គិត​រឿង​ប្រាក់ខែ​ខ្លួនឯង តិចជាង​គិត​លើ​ការអភិវឌ្ឍ​ខ្លួន និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​។ ជារឿយៗ បុគ្គលិក​ប្រភេទ​ចុងក្រោយ​នេះ តែងតែ​ទទួលបាន​ផលប្រយោជន៍​ត្រឡប់មកវិញ​ច្រើន​ពី​ក្រុមហ៊ុន ឬ​ស្ថាប័ន​។ 
 
​សំណាង​៖ តើ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ដំឡើង​ប្រាក់ខែ​ដោយ​ផ្អែកលើ​គោលការណ៍​អ្វីខ្លះ​? 
 
​សុធីរ​៖ អ្ហែង​សួរ​អញ​អ៊ីចឹង អញ​ពិបាក​ឆ្លើយ​ណាស់​វើ​យ ព្រោះ​អញ​មិនមែនជា​ប្រធាន​ក្រុមហ៊ុន​ទេ​។ តែ​ទោះជា​យ៉ាងណា តាម​បទពិសោធន៍​ជា​មនុស្ស​ចាស់ អញ​អាច​ប្រាប់​ឯង​បាន​ខ្លះ​ថា អតីតភាព ផលិតភាព​ការងារ ការទទួលខុសត្រូវ​កា​រងារ ភាព​ហ្មត់ចត់​ក្នុង​ការងារ​… សុទ្ធសឹងតែ​ជា​លក្ខខណ្ឌ​រួមផ្សំ​ក្នុងការ​ដំឡើង​ប្រាក់ខែ និង​ដំណែង​។ ខ្វះ​ចំណុច​ណាមួយ​ក្នុង​ចំណុច​រៀបរាប់​ខាងលើ គឺជា​រឿង​ពិបាក​ក្នុង​ការដំឡើង​តំណែង និង​ប្រាក់ខែ​។ 

​សំណាង​៖ បុគ្គលិក​ខ្លះ​ដែល​ឧស្សាហ៍​ផ្លាស់ប្តូរ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ២​ដង ឬ​៣​ដង​ក្នុង​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ អាហ្នឹង​យ៉ាងម៉េច​ដែរ អា សុធីរ​? 
 
​សុធីរ​៖ បុគ្គលិក​ខ្លះ​ល្អ​ទេ តែ​គ្រាន់​ថា ពួកគេ​មិនអាច​ធ្វើការ​នៅ​កន្លែងចាស់​បាន​។ ប៉ុន្តែ ចំណុច​នេះ ក៏​ជា​រឿង​ដែល​គេ​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ព្រោះថា ថៅកែ ឬ​ប្រធាន​ស្ថាប័ន​ថ្មី​តែងតែ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បុគ្គលិក​នោះ រត់ចោល​កន្លែង​ច្រើន​ម្ល៉េះ​? ជារួម បុគ្គលិក​ប្រភេទ​នេះ ត្រូវបាន​ស្ថាប័ន​ថ្មី​ប្រុងប្រយ័ត្ន មុននឹង​ជ្រើសរើស​ឲ្យ​ចូលធ្វើការ​។ 
 
​សំណាង​៖ ស្តាប់​អ្ហែង​និយាយ​ទៅ​ដូចជា​កាន់ជើង​ថៅកែ ឬ​ប្រធាន​ស្ថាប័ន​បន្តិច​! 
 
​សុធីរ​៖ អញ​អត់​មាន​លម្អៀង​ទៅរក​ថៅកែ ឬ​ប្រធាន​ស្ថាប័ន​ទេ​។ ថៅកែ ឬ​ប្រធាន​ស្ថាប័ន​ខ្លះ​ក៏​អាក្រក់​ដែរ ព្រោះ ពួកគេ​មួយចំនួន ចូលចិត្ត​ផ្តល់​ប្រយោជន៍​ឲ្យ​ទៅ​តែ​បុគ្គលិក​អែបអប​ច្រើនជាង​បុគ្គលិក​ហ្មត់ចត់​។ ថៅកែ​ខ្លះទៀត ក៏​ចូលចិត្ត​ធ្វើ​អាជីវកម្ម​លើ​បុគ្គលិក​ដែរ​ដោយ​ឲ្យ​ប្រាក់ខែ​តិច​។ សរុបសេចក្តី​មក មាន​បុគ្គលិក​ល្អ និង​អាក្រក់ ហើយ​ថៅកែ​វិញ ក៏មាន​ល្អ និង​អាក្រក់​ដែរ​៕   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com