COVID-19
អន្តរជាតិ
សេចក្ដីស្នើច្បាប់​ភ្លេងជាតិ​ចិន ក្លាយជា​បញ្ហា​ចម្រូងចម្រាស់​ជាថ្មី​នៅលើ​ទឹកដី​ហុងកុង​
27, May 2020 , 3:38 pm        
រូបភាព
ក្រុមប៉ូលិសប្រឆាំងបាតុកម្មហុងកុង។ រូបភាព៖ AFP
ក្រុមប៉ូលិសប្រឆាំងបាតុកម្មហុងកុង។ រូបភាព៖ AFP
បន្ទាប់ពី​សំណើ​ច្បាប់​បត្យាប័ន សំណើ​ច្បាប់​ភ្លេង​ជាតិចិន បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស់​ជាថ្មី​នៅលើ​ដែន​កោះ​ស្វយ័ត​ហុងកុង​។ បាតុករ បាន​ចេញមក​បាតុកម្ម​ជាថ្មី ដោយសារ​សំណើ​ច្បាប់​មួយ​នេះ បូករួម​ទាំង​សំណើ​ច្បាប់​សន្តិ​ជាតិ​ហុងកុង ដែល​បានដាក់​ចូលទៅក្នុង​កិច្ចប្រជុំសភា​ប្រជាជន​ចិន ក្នុងពេល​ថ្មីៗ​នេះ​។ ប្រសិនបើ​សំណើ​ច្បាប់​ភ្លេងជាតិ ចូល​ជា​ធរមាន​មែន​នោះ អ្នក​ល្មើសច្បាប់ នឹងត្រូវ​ពិន័យ​ជា​ប្រាក់ និង​ឈានទៅដល់​ការដាក់​ពន្ធនាគារ​ថែមទៀត​។​

 
​នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ ប្រជាជន​ហុងកុង​ជាច្រើន​នាក់ បាន​ចេញមក​បាតុកម្ម ដោយសារ​សំណើ​ច្បាប់​បត្យាប័ន និង​បញ្ហា​ផ្សេងទៀត​។ បាតុកម្ម ដែលមាន​រយៈពេល​ប្រមាណ​ជា ៧​ខែ​មកនេះ បាន​ស្ងប់ស្ងាត់​ទៅវិញ ដោយសារ​ការផ្ទុះ​ឡើង​នៃ COVID-19​។ សំណើ​ច្បាប់​ភ្លេង​ជាតិចិន បូករួម​ទាំង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក​ថ្មី ដែល​ក្រុមបាតុករ​ចេញមក​ធ្វើបាតុកម្ម បើទោះបីជា​មានការ​គំរាមកំហែង​ពី​សំណាក់​COVID-19 ក៏ដោយ​។ 
 
​ប្រជាជន​ហុងកុង ដែល​មិន​ពេញចិត្ត​នឹង​សំណើ​ច្បាប់​ភ្លេងជាតិ​ថ្មី​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​បាតុកម្ម​ជាថ្មី និង​ក្នុង​ទ្រង់ទ្រាយ​ធំ នៅពេល​សភា​ហុងកុង​បើក​កិច្ចពិភាក្សា​លើ​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​។ កិច្ចប្រជុំសភា​ហុងកុង ស្តីពី​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា​។ 
 
​ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះ រដ្ឋបាល​ហុងកុង បាន​ពង្រាយ​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​មើល​ការខុសត្រូវ និង​គ្រប់គ្រង​ក្រុមបាតុករ និង​ជៀសវាង​ការ​បង្ហប​ញ្ហា​ណាមួយ​។ ក្រៅពី​កម្លាំង​សមត្ថកិច្ច រដ្ឋបាល​ហុងកុង បានដាក់​របាំង ១,៨៣​ម៉ែត្រ​នៅតាម​បរិវេណ​សភា​ហុងកុង ក្នុង​គោលបំណង​ការពារ​ក្រុមបាតុករ​ហុងកុង​ពី​ការបង្ក​ហេតុ​ណាមួយ​។ 
 
​សម្រាប់​សំណើ​ច្បាប់​ភ្លេងជាតិ និង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​នេះ ត្រូវបាន​ប្រជាជន​ហុងកុង​ជាច្រើន មើលឃើញថា គឺជា​ការចាប់ផ្តើម​លុក​ដៃ​ចូលមកក្នុង​កិច្ចផ្ទៃក្នុង​របស់​ហុងកុង និង​ជាការ​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាជន​នៅលើ​ទឹកដី​ដែន​កោះ និង​ជាការ​បំ​ផ្លា​យ​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ប្រជាជន​ហុងកុង​ម្នាក់ ដែល​បាន​ចូលរួម​បាតុកម្ម​នៅក្នុង​ថ្ងៃ​ពិភាក្សា​សំណើ​ច្បាប់​ភ្លេង​ជាតិចិន​លើក​ទី​២ ៖« បើទោះបីជា អ្នកមាន​ភាពភ័យខ្លាច​នៅក្នុង​ចិត្ត​ក៏ដោយ អ្នក​ត្រូវតែ​និយាយ​វា​ចេញមក​»​។ ជាមួយគ្នានេះ យុវជន​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​បន្តថា រាល់​ការទាក់ទង​ប្រជាជន​ផ្សេងទៀត គឺ​ត្រូវ​ប្រើប្រាស់ VPN ដើម្បី​ការពារ​ពី​ការបញ្ឈប់​សកម្មភាព​លើ​បណ្តាញ​អ៊ីនធឺណិត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើសិន​បើ​សំណើ​ច្បាប់​ភ្លេងជាតិ​ចិន​ចូល​ជា​ធរមាន ប្រជាជន​ក្នុង​ទីក្រុង​ហុងកុង​ទាំងអស់ ត្រូវតែ​គោរព​តាម​។ បើ​មិន​ដូច្នោះ​ទេ នឹង​ទៅ​រង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ៦​ពាន់​ដុល្លារ ឬ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ឬ​អាច​ពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​ជាមួយគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រប់​បឋមសិក្សា និង​អនុវិទ្យាល័យ ត្រូវតែ​បង្រៀន​សិស្ស​ឲ្យ​ចេះ​ច្រៀង​ភ្លេង​ជាតិចិន​។ ចំណែក​បុគ្គល និង​អង្គការ​ផ្សេងទៀត ត្រូវតែ​គោរព​និង​ប្រតិបត្តិ​ភ្លេងជាតិ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងឱកាស​ឬ​ពិធី​ណាមួយ​។ 
 
​សូមបញ្ជាក់ថា សភា​ហុងកុង អាច​នឹង​អនុម័ត​ច្បាប់​ភ្លេង​ជាតិចិន​នេះ មុន​ដំណាច់​នីតិកាល​របស់ខ្លួន ក្នុង​ខែកក្កដា ខាងមុខ​។ យ៉ាងណាក៏ដោយ វា​មិនទាន់​ប្រាកដ​ទេ ថា​តើ​សំណើ​ច្បាប់​ភ្លេងជាតិ ត្រូវអនុម័ត​នៅពេលណា ចំណែក​ប្រជាជន​ហុងកុង​វិញ អាច​បន្តធ្វើ​បាតុកម្ម​ទៀ​ត ឬ​កាន់តែ​ធំ​ជាង​មុន ប្រសិនបើ​សំណើ​មួយ​នេះ​នៅតែ​បន្ត​ពិភាក្សា ឬ​ចូល​ជា​ធរមាន​។ ក្នុងន័យនេះ ក្រុមបាតុករ​ហុងកុង​មិន​ចង់​ឲ្យ​មានច្បាប់​ស្តីពី​ភ្លេង​ជាតិចិន​ឡើយ​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com