ជាតិ
សង្គមជាតិ
ទូតថៃ ប្រាប់ក្រុមហ៊ុនខ្លួននៅកម្ពុជា កុំឲ្យដំឡើងថ្លៃទំនិញ ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី និង ឯកអគ្គរាជទូតថៃ
× លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក បានណែនាំក្រុមហ៊ុនថៃនៅកម្ពុជា មិនឲ្យដំឡើងតម្លៃទំនិញឡើយ។ លោក បានចូលជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
ឯកអគ្គរាជទូតថៃ ជម្រាបសម្តេចនាយករដ្ឋមន្ត្រីទៀតថា លោក ក៏បានណែនាំឲ្យបណ្តាក្រុមហ៊ុនថៃ ឲ្យជួយចែករំលែកសម្ភារផ្សេងផងដែរ ដូចជា សម្ភារអនាម័យ ជាដើម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ លើសពីនេះ លោកឯកអគ្គរាជទូត អះអាងថា លោក ថែមទាំងប្រាប់ក្រុមហ៊ុនទាំងនោះ ឲ្យគោរពរាល់វិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា។
នាឱកាសនោះដែរ លោកឯកអគ្គរាជទូត បាននាំថវិកាជាង៦,២ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី អរគុណស្ថានទូត ប្រជាជន និង រដ្ឋាភិបាលថៃ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ សម្តេច វាយតម្លៃខ្ពស់ ចំពោះវិធានការ ដែលរដ្ឋាភិបាលថៃបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ទំព័រហ្វេសប៊ុកសម្តេច បានសរសេរដូច្នេះថា៖«ជាសក្ខីភាព ប្រជាជនកម្ពុជា៩ម៉ឺននាក់ បានឆ្លងកាត់ព្រំប្រទល់ថៃ មកកម្ពុជាកន្លងមក ហើយអ្នកទាំងនោះ គ្មានជនណាម្នាក់ឆ្លង ឬនាំជំងឺកូវីដ១៩ មកកម្ពុជាឡើយ។ ក្នុងន័យនេះ សម្ដេចតេជោ មានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងមួយថា ប្រទេសថៃ មិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ»។
ប្រមុខរដ្ឋាភិបាល បន្តថា នៅពេលនេះ គឺជាពេលវេលាដែលកម្ពុជា-ថៃ ត្រូវសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់នាក់ ជាសះស្បើយជិត៣ពាន់នាក់ ស្លាប់៥៧នាក់ ចំណែក កម្ពុជា មានអ្នកឆ្លង១២៤នាក់ ជាសះស្បើយ១២២នាក់ ដោយគ្មានអ្នកស្លាប់៕
Tag:
COVID-19
ស្ថានទូតថៃ
ក្រុមហ៊ុនថៃ
ទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com