COVID-19
ជាតិ
សុខភាព
បារី​អេឡិចត្រូនិក​ធ្វើ​ឲ្យ​កាន់តែ​ញៀន​បារី ហើយ​ប្រឈម​ឆ្លង COVID-19 និង​ជំងឺ​ផ្សេងៗ​
28, May 2020 , 7:59 am        
រូបភាព
front- លោក វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។
front- លោក វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។
​ភ្នំពេញ​៖ សិស្សសាលា​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩(COVID-19) និង​ជំងឺ​ផ្សេងៗ​ទៀត ដោយសារតែ​ការជក់បារី​អេឡិចត្រូនិក (Vape)​។ នេះ​ជាការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​បាន​អះអាងថា សិស្សសាលា​ដែល​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩​នេះ ព្រោះ​សិស្ស​ទាំងនោះ​ប្រើប្រាស់​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​រួមគ្នា​។

 
​ថ្វី​ដ្បិត​បារី​អេឡិចត្រូនិក និង Sisha ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ហាម​លក់ និង​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​នេះ នៅតែ​ចរាចរណ៍​ខ្លាំង​នៅលើ​ទីផ្សារ​កម្ពុជា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​គួរឱ្យកត់សម្គាល់​ផងដែរ​។ ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​នេះ គឺមាន​តម្លៃ​ថ្លៃ ចន្លោះ​ពី​២៥​ដុល្លារ ទៅ​១០០​ដុល្លារ ឬ​លើសពីនេះ​ដែល​អាស្រ័យ​ប្រភេទ​នីមួយៗ​។ 
 
​បើតាម​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា សិស្សសាលា​ដែល​ប្រើប្រាស់​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​រួមគ្នា​នេះ ងាយ​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩​។​
 
​លោក មុំ គង់ បាន​និយាយ​ដូច្នេះ​៖«​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​នេះ​មានតម្លៃ​ថ្លៃ សម្រាប់​សិស្សសាលា ដែល​មិនអាច​លទ្ធភាព​ទិញ​បាន​។ ដូច្នេះ​ពួកគាត់​រៃ​លុយ​គ្នា​ដើម្បី​ទិញ​ឧបករណ៍​នេះ​ប្រើប្រាស់​រួមគ្នា​។ ការប្រើប្រាស់​ជក់បារី​អេឡិចត្រូនិក​រួមគ្នា​ហ្នឹង តាមរយៈ​មាត់​, ដៃ​ដែល​កាន់​ឧបករណ៍​រួមគ្នា​ហ្នឹង គឺ​វា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩»​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កាលពី​ថ្ងៃទី​២៥​ឧសភា ឆ្នាំ​២០២០ ការប្រើប្រាស់​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​រួមគ្នា ក្រៅពី​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូ​វីដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀតហើយ​នោះ  គឺ​ថែមទាំង​មាន​ងាយ​មាន​ជំងឺ​ហើម​សួត​, ជំងឺមហារីក​សួត​, ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​, ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​បេះដូង​ជាដើម ដូចនឹង​ការជក់បារី​ធម្មតា​ដែរ​។  លើសពីនេះ ការប្រើប្រាស់​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​រួមគ្នា​នេះ ក៏​ងាយ​ជំរុញ​ឱ្យ​ពួកគេ​ឈានទៅ​ប្រើ​គ្រឿងញៀន​ផ្សេងៗ​ទៀត​។​
 



​ក្នុង​សេចក្តីប្រកាស​ដដែល បាន​អះអាងថា បារី​អេឡិចត្រូនិក គឺ​មិនមែនជា​ឧបករណ៍​ផ្តាច់​បារី​នោះទេ តែ​វា ឧបករណ៍​សម្រាប់​ទាក់ទាញ​យុវជន​វ័យក្មេង​ឱ្យប្រើ​ប្រាស់​ទៅវិញ ព្រោះ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចនេះ​ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់​ផលិត​រសជាតិ​ច្រើន​ជម្រើស និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​។ 
 
​ឧបករណ៍ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ចនេះ បាន​អូសទាញ​អ្នក​ដែលមាន​បំណង​ចង់​ផ្ដាច់​បារី​ចំនួន​៦០​ភាគរយ​នៃ​អ្នក​ជក់បារី​ប្រមាណ ១,១​ពាន់​លាន​នាក់​ទូទាំង​ពិភពលោក ដែលនាំឱ្យ​អ្នក​ទាំងនោះ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ច្រើន​មុខ​បញ្ចូល​គ្នា ឈានទៅរក​ការប៉ះពាល់​សុខភាព​រឹតតែ​ធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ​របស់​សហរដ្ឋអាមេរិក (U.S CDC) ដែល​បញ្ជាក់ថា អ្នក​ដែល​ជក់បារី​អេ​ឡិច​ត្រូ​និ​ចនឹង​ក្លាយជា​អ្នកញៀន​បារី​ធម្មតា​២​ដង ច្រើនជាង​អ្នក​ដែល​មិន​ប្រើប្រាស់​ឧបករណ៍​នេះ​។ 
 
​ប្រភព​U.S.CDC​ដដែល​បាន​បង្ហាញថា គិត​ត្រឹម​ពាក់កណ្ដាល​កុម្ភៈ ឆ្នាំ​២០២០ អាមេរិក​មាន​អ្នក​កើត​ជំងឺ​សួត​ដែល​ទាក់ទង​នឹង​ការប្រើ​បារី​អេឡិចត្រូនិក ចំនួន​២៨០០​ករណី​។ ក្នុងនោះ​អ្នកស្លាប់​៦៨​ករណី​៕ 
 

Tag:
 បារី​អេឡិចត្រូនិក​
  កូ​វីដ​-១៩
  វេជ្ជបណ្ឌិត មុំ គង់​
© រក្សាសិទ្ធិដោយ thmeythmey.com