ភ្នំពេញ៖ ពលរដ្ឋជាង១៥ម៉ឺននាក់ ទទួលបានឥណទានឡើងវិញ ទំហំ៦៥៦លានដុល្លារ ពីមីក្រូហិរញ្ញវត្ថុ ។ នេះបើតាមរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ឧសភា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អតិថិជនជាង១៧ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រៀបចំឥណទានឡើងវិញ។ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោះស្រាយបញ្ហាអតិថិជនបានតែជាង១៥ម៉ឺននាក់ប៉ុណ្ណោះ ខណៈជាង២ម៉ឺននាក់ទៀត គ្មានលក្ខខណ្ឌគ្រប់គ្រាន់។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ ក៏បានអះអាងថា សមាជិកខ្លួនទាំងអស់ នឹងព្យាយាមដោះស្រាយបញ្ហាលំបាកពលរដ្ឋ នៅក្នុងវិបត្តិកូវីដ១៩នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក គា បូរាណ បានបញ្ជាក់ដូច្នេះថា៖«សមាជិករបស់សមាគមទាំង១០៣គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្តនឹងដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ឋភាព ។ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន»។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរំឭកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តតាមការណែនាំកន្លងមក រួមមាន ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្ត្រគណនាអត្រាការប្រាក់, ការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩, ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ,ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាដើម។
ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ក៏បានផ្ដាំឱ្យធនាគារ និងមីក្រូហិរញ្ញទាំងអស់ បន្តដោះស្រាយបញ្ហាអតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដោយភាពទន់ភ្លន់ និងអនុគ្រោះ។ថ្លែងក្នុងសិក្ខាសាលានៅសាលាខេត្តបន្ទាយមានជ័យ ស្ដីពីវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្ថាភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ឧសភា លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថា៖«គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ»។
ទន្ទឹមនឹងនេះ លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។
«អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា »។ នេះជាការលើកឡើងរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕