កីឡាជាតិ
ជាតិ
គុន​ខ្មែរ ល្បុក្កតោ និង​អុកចត្រង្គ ស្ថិតក្នុង​ចំណោម​កីឡា​១៧​ប្រភេទ​ដំបូង​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
27, May 2020 , 4:24 pm        
រូបភាព
ដោយ:
​កម្ពុជា​មិនទាន់​សម្រេច​១០០​ភាគរយ​នៅឡើយ​ទេ ក្នុងការ​ជ្រើសរើស​ប្រភេទ​កីឡា ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​មកទល់ពេលនេះ​មាន​កីឡា​ចំនួន​១៧​ប្រភេទ​ហើយ​ដែល​ត្រូវបាន​ជ្រើសរើស និង​មាន​ប្រភេទ​កីឡា​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រៀម​ជ្រើសរើស​បន្ត​។​

 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កម្ពុជា​(CAMSOC) បាន​ចាត់​ចំណាត់ថ្នាក់​កីឡា​១៧​ប្រភេទ ដែល​ត្រូវ​ជ្រើសរើស​ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កីឡា​ទាំង​១៧​ប្រភេទ​នេះ សុទ្ធ​ជា​កីឡា​សក្តានុពល ដែល​ធ្លាប់​ដណ្តើមបាន​មេដាយ​នៅលើ​ឆាក​អន្តរជាតិ និង​ជា​ប្រភេទ​កីឡា​តម្រូវ​ឲ្យ​មាន​(​អត្តពលកម្ម​, ហែល​ទឹក​)​។ 
 
​លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ CAMSOC ផង​នោះបាន​បន្ថែមថា ក្រៅពី​កីឡា​សក្តានុពល​ទាំង​១៧​ប្រភេទ​ខាងលើ ក៏មាន​ប្រភេទ​កីឡា​ត្រៀម​ដាក់បញ្ចូល និង​បម្រុង​ដាក់បញ្ចូល​ជាច្រើន​ទៀតផង​ដែរ​។ លោក​អះអាងថា ទាំង​ប្រភេទ​កីឡា​ត្រៀម​ដាក់បញ្ចូល និង​បម្រុង​ដាក់បញ្ចូល សុទ្ធតែ​អាចមាន​លទ្ធភាព​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បើ​កីឡា​ទាំងនេះ​អាច​សក្តានុពល​គ្រប់គ្រាន់​ក្នុងការ​ដណ្តើម​មេដាយ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​អគ្គលេខាធិការ NOCC រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«CAMSOC បានរៀបចំ​ជ្រើសរើស​កីឡា​ជា​៣​ចំណាត់ថ្នាក់​។ ចំណាត់ថ្នាក់​ទី​១ ជា​ក្រុម​ដែល​ត្រូវ​ដាក់ចូល​(​មាន​១៧​ប្រភេទ​), ចំណាត់ថ្នាក់​ទី​២ ជា​ក្រុម​ដែល​ត្រៀម​ដាក់បញ្ចូល​(១៥​ប្រភេទ​) និង​ចំណាត់ថ្នាក់​ទី​៣ ជា​ក្រុម​បម្រុង​ដាក់ចូល​(១៣​ប្រភេទ​)»​។​
 
​កីឡា​ទាំង​១៧​ប្រភេទ​ដែល​ត្រូវដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​រួមមាន​អត្តពលកម្ម​, ហែល​ទឹក​, ប៉េតង​, ជឺ​ជិត​ស៊ូ​, តេ​ក្វាន់​ដូ WTF, ម៉ូតូ​ទឹក​, វ៉ូ​វី​ណា​ម​, ប្រដាល់​គុន​ខ្មែរ​, ល្បុក្កតោ​, អុកចត្រង្គ​, ចំបាប់​, តេ​ក្វាន់​ដូ ITF, សូ​ហ្វ​តិ​ន្នី​ស​, ប្រដាល់សកល​, វាយ​កូន​បាល់​, បាល់ទាត់ និង​សីដក់​(​ឈិន​ឡូ​ន​)​។ 
 
​កីឡា​ត្រៀម​ដាក់បញ្ចូល​រួមមាន វាយ​សី​, កា​រ៉ា​តេ​, គុន​ដាវ​, ប្រណាំង​កង់​, វាយ​កូនឃ្លី​លើ​តុ​, ទ្រី​យ៉ា​ត្លុង​, ទូកក្តោង​, កាយសម្ព័ន្ធ​, ជិះសេះ​, បាល់បោះ​, បាល់ទះ​, យូ​ដូ​, រាំ​, វាយកូនគោល និង​ទូក​កា​នូ និង​រូ​វី​ង​។ 
 
​កីឡា​បម្រុង​ដាក់បញ្ចូល​រួមមាន កីឡា​អេឡិចត្រូនិក​(E-Sport), លើក​ទម្ងន់​, វូ​ស៊ូ​, សូ​រិ​ន​ហ្សី​កាំ​ប៉ូ​, អុក​ចិន​, បញ្ច​សីលា​, បាញ់​ធ្នូ​, បាញ់កាំភ្លើង​, ហុក​គី​, ប៊ីយ៉ា និង​ស្នូកឃ័រ​, បាល់ឱប​, បេ​ស្ប​ល និង​កីឡា​ឡើង​ភ្នំ​៕   
 
 

Tag:
 SEA Games 2023
  វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com