អន្តរជាតិ
មហាសេដ្ឋី​ហុងកុង លី កាស៊ី​ង ប្រាប់​ប្រជាជន​ហុងកុង​កុំ​បារម្ភ​ពេក​លើ​ច្បាប់​សន្តិសុខ​ជាតិ​
28, May 2020 , 8:29 am        
រូបភាព
មហាសេដ្ឋីហុងកុង លោក លីកា ស៊ីង។ រូបភាព៖ AFP
មហាសេដ្ឋីហុងកុង លោក លីកា ស៊ីង។ រូបភាព៖ AFP
​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​របស់​ហុងកុង លោក លី កាស៊ី​ង (Li Ka-shing) នា​ថ្ងៃទី​២៧ ខែឧសភា បាន​លើកឡើងថា ប្រជាជន​ហុងកុង មិនគួរ​ទាញ​សម្មតិកម្ម​អាក្រក់ៗ​ពី​គម្រោង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​ឡើយ ព្រោះ​ប្រទេស​ផ្សេងទៀត ក៏មាន​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ដែរ ដើម្បី​ការពារ​សន្តិសុខ និង​ដែន​អធិបតេយ្យ​របស់ខ្លួន​។ លោក លី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង​មាន​សុទិដ្ឋិនិយម​លើ​សំណើ​ច្បាប់​ថ្មី​នេះ​ផងដែរ​។

 
​ដំណោះស្រាយ​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង បានដាក់​ចូលទៅក្នុង​កិច្ចប្រជុំសភា​ប្រជាជន​ចិន​ពេញអង្គ​លើក​ទី​៣ នៃ​នីតិកាល​ទី​១៣ តាំងពី​ថ្ងៃ​បើក​កិច្ចប្រជុំ​ដំបូង​មក​ម្លេះ​។ នៅ​ថ្ងៃទី​២៨ ខែឧសភា ដំណោះស្រាយ​ដែល​បើកផ្លូវ​ដល់​ការបង្កើត​ច្បាប់​នេះ នឹងត្រូវ​សភា​ប្រជាជន​អនុម័ត​។ នីតិវិធី​បន្ទាប់ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន នឹង​សរសេរ​ច្បាប់​នេះ ហើយ​អនុម័ត​សម្រាប់​ការអនុម័ត​នៅ​ហុងកុង​តែម្ដង​។​
 
​ប្រជាជន​ហុងកុង​ជាច្រើន​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​រដ្ឋអំណាច​កណ្តាល​របស់​ចិន ដោយ​បារម្ភ​ថា គម្រោង​បង្កើត​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ការពង្រីក​ឥទ្ធិពល​អំណាច​បន្ថែម​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មកលើ​ទឹកដី​ហុងកុង និង​អាច​បំផ្លាញ​ដល់​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» 
 
​ទាក់ទង​រឿងនេះ មហាសេដ្ឋី​លំដាប់​ទី​២ ប្រចាំ​ទីក្រុង​ហុងកុង លោក លី កាស៊ី​ង បាន​លើកឡើងថា ប្រជាជន​ហុងកុង មិនគួរ​គិត​ហួស​ខ្លាំងពេក​ទេ ព្រោះ​ច្បាប់​ប្រភេទ​នេះ នៅ​ប្រទេស​ណា​ក៏មានដែរ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​របស់​ប្រទេស​។ មហាសេដ្ឋី​ហុងកុង​មានទ្រព្យ​សម្បត្តិ​ជាង​២៤​ពាន់​លាន​រូបនេះ ក៏​សង្ឃឹមថា សំណើ​ច្បាប់​មួយ​នេះ នឹង​កាត់បន្ថយ​ភាពភ័យខ្លាច​មួយចំនួន ពី​សំណាក់​ក្រុង​ប៉េកាំង​លើ​ហុងកុង និង​បញ្ហា​ផ្សេងទៀត​ផងដែរ ហើយ​ប្រជាជន​ហុងកុង គួរតែ​ចេះ​សម្លឹង​ឲ្យ​បាន​វែងឆ្ងាយ និង​ប្រកបដោយ​សុទិដ្ឋិនិយម​។ 
 
​ទន្ទឹមគ្នា​នេះដែរ រដ្ឋាភិបាល​ហុងកុង ក៏មាន​សមត្ថកិច្ច​ក្នុងការ​ការពារ​ប្រជាជន​ក្នុងស្រុក និង​ពង្រឹង​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បន្ថែមថា រដ្ឋាភិបាល​ហុងកុង មាន​កិច្ច​ការសំខាន់​ណាស់ ដើម្បី​ពង្រឹង​ទំនុកចិត្ត​ប្រជាជន​ហុងកុង និង​សហគមន៍​អន្តរជាតិ ដោយ​ផ្អែក​ទៅតាម​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​សូមបញ្ជាក់ថា ប្រសិនបើ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ត្រូវបាន​សភា​ចិន​អនុម័ត​មែន វា​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង បង្កើត​ស្ថាប័ន​ការពារ​អធិបតេយ្យ​មួយ​។ បន្ថែម​ពីលើ​នេះ សំណើ​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បញ្ជូន​ភ្នាក់ងារ​របស់ខ្លួន​ទៅ​ប្រតិបត្តិការ​នៅ​ហុងកុង​ផងដែរ ប្រសិនបើ​ចាំបាច់​៕ 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com