COVID-19
ជាតិ
ទូត​អូស្ត្រាលី​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ក្រោយ​ចប់ COVID-19
27, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Chiho Kang បានចាត់ទុក​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល ដែល​ទេសចរ​បរទេស​មក​ក​ម្សា​ន្ត​វិញ ក្រោយ​ចប់​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក​។​

 
​ក្នុងជំនួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៦ ខែឧសភា​នេះ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Chiho Kang បាន​លើកឡើងថា កម្ពុ​ជាមាន​តំបន់​ទេសចរណ៍​គោលដៅ​ជាច្រើន​ដូចជា តំបន់ឆ្នេរ​សមុទ្រ តំបន់​ភូមិភាគ​ឦសាន ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ជាដើម​។ 
 
​លោក Pablo Chiho Kang បាន​បន្ថែមថា លោក​បាន​ផ្សព្វផ្សាយ​អំពី​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ទៅកាន់​ភ្ញៀវទេសចរ​អូស្ត្រាលី ជាពិសេស​ក្រោយពី​កម្ពុជា​អនុញ្ញាតឱ្យ​នាវា Westerdam ចូល​ចត នៅ​ខេត្ត​ព្រះសីហនុ ធ្វើឱ្យ​ល្បី​សុសសាយ​ដល់​អូស្ត្រាលី ហើយ​ពួកគេ​ចង់​មក​កម្សាន្ត​ក្រោយ​ចប់​កូ​វីដ​-១៩​។ 
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ចំនួន​ភ្ញៀវ​ទេស​អូស្ត្រាលី មក​កម្សាន្ត​នៅ​កម្ពុជា​មានការ​កើនឡើង ពោលគឺ​ក្នុង​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​អូស្ត្រាលី​មាន​ចំនួន​ប្រមាណ​១២​ម៉ឺន​នាក់​។ 
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើរ​ឱ្យ រដ្ឋាភិបាល​អូស្ត្រាលី ជួយ​ព​ន្លឿ​ន​ការរៀបចំ​ឱ្យមាន​ជើងហោះហើរ​ត្រង់ កម្ពុជា​-​អូស្ត្រាលី ដើម្បី​ជំរុញឱ្យមាន​កំណើន​ទេសចរ​កាន់តែច្រើន​។ ដោយសារ​កន្លងមក ដើម្បី​ធ្វើដំណើរ​ទៅមក​កម្ពុជា​-​អូស្ត្រាលី ភ្ញៀវទេសចរ និង​អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ ឬ​ប្រទេស​សិង្ហ​បុរី មុន​ចូល​មកដល់​ប្រទេស​កម្ពុជា ឬ​ទៅដល់​ប្រទេស​អូស្ត្រាលី​៕
 
 
 

Tag:
 ទេសចរណ៍​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com