ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​?
28, May 2020 , 6:59 pm        
រូបភាព
​លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​ដោយ​លំពែង​ក៏​ជួយ​ក្នុងការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផងដែរ​។ លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ធ្វើអោយ​អ្នក​ជៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ទោះជា​យ៉ាងណា​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​លំពែង​។​ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ទាំងនោះ ៖

 
១. ការជក់បារី​
 
​មិន​ត្រឹមតែ​សួត​ប៉ុណ្ណោះ​ទេ​ដែល​ទទួលរង​ផលប៉ះពាល់ ការជក់បារី​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​គួរឱ្យ​បារម្ភ រួមទាំង​ជំងឺមហារីក​លំពែង​! នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិពុល ឬ​សារ​ធាតុគីមី​គ្រោះថ្នាក់​។​
 
២. ធាត់​លើស​ទម្ងន់​
 
​ភាពធាត់​ជ្រុល​ផ្សារភ្ជាប់​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ជំងឺមហារីក​លំពែង​។ ការ​ស្រក​ទម្ងន់ ឬ​ការរក្សាបាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រមទាំង​ជំងឺ​ផ្សេងៗ​ទៀតផង​ដែរ​។​
 
៣. ទម្លាប់​ទទួលទាន​រប​ប​អាហារ​មិនល្អ​
 
​អ្វីដែល​អ្នកទទួល​ទាន​ក៏​អាច​ជះឥទ្ធិពល​លើ​ហានិភ័យ​នៃ​ជំងឺ​លំពែង​ឱ្យ​ចុះ​ទាប ឬ​ឡើង​ខ្ពស់​ផងដែរ​។ របប​អាហារ​សម្បូរ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល ព្រមទាំង​ផលិតផល​អាហារ​កែច្នៃ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​របប​អាហារ​សុខភាព​ល្អ​ដែលមាន​ផ្ទុក​សម្បូរ​ដោយ​បន្លែ​ផ្លែឈើ​ជំនួស​វិញ​។​
 
៤. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ក្នុង​កម្រិត​មធ្យម​គ្រឿង​ស្រវឹង​អាច​ផ្ដល់​អត្ថ​ប្រ​យោ​ជ៍​ចំពោះ​រាងកាយ ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​សុខភាព​។ មួយ​ក្នុងចំណោម​នោះ គឺ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ក៏​អាច​បណ្ដាលឱ្យ​កើតមាន​ជំងឺ​រលាក​លំពែង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com