ក្រលៀនជាផ្នែកមួយនៃរាងកាយដែលងាយនឹងបែកញើសណាស់។ ការបែកញើសក្រលៀនអាចជាបញ្ហាគួរឱ្យរំខានបំផុតមួយដែលផ្ដល់អារម្មណ៍មិនស្រួលនិងមានក្លិនមិនល្អ ឬរមាស់ ហើយរោលរលាក។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឆាប់បែកញើសក្រលៀន ៖
១. ងូតទឹកឱ្យបានទៀងទាត់
មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែការងូតទឹកក៏ជួយបន្ថយការបែកញើសត្រង់ក្រលៀនបានយ៉ាងប្រសើរផងដែរ។
២. កុំស្លៀកខោក្នុងរឹបតឹងពេក
ដើម្បីទប់ស្កាត់បញ្ហាបែកញើសក្រលៀនអ្នកក៏គួរជ្រើសរើសខោក្នុងដែលមានទំហំសមល្មមមិនតឹងពេក ហើយធ្វើឡើងពីកប្បាសសុទ្ធ។
៣. លាបម្សៅ Baking soda
នៅមុនពេលអ្នកស្លៀកខោក្នុង ចូរលាបម្សៅ Baking soda បន្តិចត្រង់តំបន់ក្រលៀន។
៤. លាបទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងចំនួនសមល្មម។ កូរឱ្យសព្វ សឹមលាបត្រង់ក្រលៀន ហើយទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទីសិនសឹមលាងសម្អាតចេញ ឬងូតទឹកជាការស្រេច។
៥. លាបទឹកក្រូចឆ្មារស្រស់
លាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា ឬទឹកច្រើនជាងប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្ម។ កូរឱ្យសព្វ សឹមលាបទឹកល្បាយត្រង់ក្រលៀន។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ ឬងូតទឹក។
៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ត្រូវប្រាកដថាអ្នករក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរដើម្បីទប់ស្កាត់បញ្ហាបែកញើសខ្លាំងត្រង់ក្រលៀន។ ការទទួលទានបានច្រើនគ្រប់គ្រាន់ជួយរក្សាសីតុណ្ហភាពរាងកាយនិងបញ្ចេញចោលនូវជាតិពុលផ្សេងៗ។ ជាលទ្ធផលក្រពេញញើសមិនចាំបាច់ត្រូវធ្វើការខ្លាំងជាងធម្មតាឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh