COVID-19
ជាតិ
ក្រោយឃើញពលរដ្ឋធ្វេសប្រហែស នាយករដ្ឋមន្ត្រី ក្រើនរំឭកឱ្យប្រយ័ត្នរលកទី២ នៃជំងឺកូវីដ-១៩
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្នរលកទី២ នៃជំងឺកូវីដ-១៩ ។ សម្ដេច ក្រើនរំឭកនេះ ក្រោយពីឃើញពលរដ្ឋមួយចំនួនចាប់ផ្ដើមធ្វេសប្រហែសសុខភាព និងអនាម័យ ស្របពេលដែលជំងឺកូវីដ-១៩ បន្តរាតត្បាត។
ទោះបីជាកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួនតិចតួចមែន ប៉ុន្តែមិនមែនមានន័យថា កម្ពុជាគ្មានហានិភ័យនោះទេ។ សម្ដេច ហ៊ុន សែន ដែលបានមើលឃើញពីបញ្ហានេះ ស្នើឱ្យពលរដ្ឋបន្តថែរក្សាអនាម័យ និងយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើហ្វេសប៊ុកខ្លួន នៅថ្ងៃទី២៨ ឧសភា ដូច្នេះថា៖«សូមកុំឱ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ»។
ក្រោយស្ងប់ស្ងាត់ជាង១ខែមក កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថែមទៀត ដែលជាករណីនាំចូល កាលពីពេលថ្មីៗនេះ ។ អ្នកទាំងពីរដែលមានជំងឺកូវីដ១៩នេះ គឺមកពីប្រទេសហ្វីលីពីន និងអាមេរិក។ បើគិតត្រឹមថ្ងៃទី ២៨ ឧសភានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១២៤នាក់ ក្នុងនោះជាសះស្បើយ១២២នាក់។
ដោយសារឃើញពីហានិភ័យនៃជំងឺកូវីដ១៩នេះ ទើបសម្ដេច ហ៊ុន សែន ស្នើឱ្យពលរដ្ឋអនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវ។«មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម»។
ត្រឹមថ្ងៃទី២៨ ឧសភានេះ អ្នកជំងឺកូវីដ១៩ នៅក្នុងកោះ និងប្រទេស២១៧ ជុំវិញពិភពលោក កើនឡើង៥,៧លាននាក់ហើយ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយ២,៤ លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com